ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចនគរបាលផែនការងារសន្តិសុខ ខេត្តសៀមរាប នៅរសៀលថ្ងៃទី០៤ ខែឧសភា ម្សិលមិញបានចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរអាវុធខុសច្បាប់។
ហេតុការណ៍នេះធ្វើឡើងក្រោមការចង្អុលបង្ហាញពី លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ មានសហការពី នាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការ សម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងមានការឯកភាពពី លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត។
ជុំវិញករណីនេះដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខ កម្លាំងការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជាអ្នកអនុវត្ត បានធ្វើការស្រាវជ្រាវរកឃើញ អនុវត្តដីការបញ្ជាឲ្យចូលខ្លួនមុខសញ្ញាសង្ស័យម្នាក់ ឈ្មោះ អ៊ុ ពេជ្ររស្មីឧត្តម ភេទប្រុស អាយុ ២០ឆ្នាំ ដែលមានទីលំនៅភូមិស្វាយដង្គុំ សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាបខេត្តសៀមរាប។
បុរសរូបនេះបានធ្វើសកម្មភាព បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក លក់នៅ អាវុធពិត អាវុធប្រើហ្គាស បាញ់គ្រាប់ដែក គ្រាប់ជ័រ ដែលជាអំពើចរាចរណ៍ជួញដូរអាវុធខុសច្បាប់ នៅក្នុងខេត្តសៀមរាប។ បើតាមសមត្ថកិច្ចថាក្រោយការសាកសួរ សាមីខ្លួនបានឆ្លើយសារភាព ថា ខ្លួនពិតជាបាន ធ្វើសកម្មភាពជួញដូរអាវុធ ដោយខុសច្បាប់មែន។ដោយកន្លងមក បានលក់ចេញនូវអាវុធពិតចំនួន០២ដើម និងអាវុធប្រើហ្គាស ប្រើគ្រាប់ដែក ជ័រ បានជាច្រើនដើម ទៅតាមបណ្ដាខេត្ត និងរាជធានី។
សូមបញ្ជាក់ថាប្រតិបត្តិការនេះនៅភូមិស្វាយដង្គុំ សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាបខេត្តសៀមរាប។ ក្រោយពេលឆែកឆេ ផ្ទះបានរកឃើញកាំភ្លើងប្រភេទហ្គាសចំនួន០៣ដើម និងគ្រាប់ពិតចំនួន ១០០គ្រាប់ គ្រាប់ដែក ០៤ប្រអប់ គ្រាប់ជ័រ ដបហ្គាសមួយចំនួនទៀត។ បច្ចុប្បន្ន សមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់៕SRP

