Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​”
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២៥

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងបង្រ្កាបបទល្មើសក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចចូលគ្រប់គ្រង និងផ្ទេរប្រាក់ពីគណនីធនាគារ របស់ជនរងគ្រោះ ចំនួន២បណ្តឹងផ្សេងគ្នា សរុបជាទឹកប្រាក់ប្រមាណ ៦,៥០០ដុល្លា និង២លានរៀល។ ដោយមានការសម្របសម្រួលពី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យចំនួន០១រូប ឈ្មោះ ស.ស.ផ.ន ភេទស្រី ជនជាតិខ្មែរ មានទីលំនៅខេត្ដកណ្ដាល ជាអ្នកផ្ដល់ទីកន្លែង និងមធ្យោបាយគណនីធនាគាររបស់ខ្លួនឱ្យបក្ខ ដើម្បីទទួលផលនៃបទល្មើស។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

នាយកដ្ឋាន សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រយ័ត្នពីជន ឬក្រុមដែលមិនស្គាល់អត្តសញ្ញាណ បន្លំជាស្ថាប័នផ្សេងៗ ដើម្បីបោកបញ្ឆោតអោយផ្តល់ពត៌មានផ្ទាល់ខ្លួន ដែលឈានទៅដល់ការគ្រប់គ្រងគណនីធនាគារ និងផ្ទេរប្រាក់ចេញដោយមិនដឹងខ្លួន និងសូមកុំអោយអ្នកដទៃប្រើប្រាស់ ឬខ្ចីគណនីធនាគារផ្ទាល់ខ្លួន ដើម្បីធ្វើសកម្មភាព និងទទួលប្រាក់ដែលមិនមានប្រភពច្បាស់លាស់ចូល ហើយស្នើសុំដកជាសាច់ប្រាក់សុទ្ធ វាគឺជាការប្រព្រឹត្តិបទល្មើស និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២៥

«ប្រជាពលរដ្ឋជាម្ចាស់ចំណែក ឯមន្ត្រីគឺជាអ្នកបម្រើ» នេះគឺជាទស្សនវិជ្ជានៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលស្របទៅនឹងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន សុទ្ធតែធ្លាប់បានក្រើនរម្លឹកជារឿយៗដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ដើម្បីកុំឱ្យពួកគេភ្លេចតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ។ មិនត្រឹមតែក្រើនរម្លឹកមន្ត្រីក្រោមឱវាទប៉ុណ្ណោះទេ ប៉ុន្តែ អតីតប្រមុខដឹកនាំរាជរដ្ឋាភិបាលក៏ដូចជាប្រមុខដឹកនាំបច្ចុប្បន្ន សុទ្ធតែបានបង្ហាញគំរូជាអ្នកបម្រើប្រជាពលរដ្ឋយ៉ាងសកម្មក្លៀវក្លាបំផុត។

«ទីណាមានទុក្ខ មានមុខសម្តេចតេជោ» នេះគឺជាសារដ៏មានអត្ថន័យមួយឃ្លាទៀតដែលសម្តេចអតីតនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងនិងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ មើលចុះ ចាប់តាំងពីការតស៊ូរំដោះជាតិដោយប្រើជីវិតរបស់ខ្លួនជាដើមទុន និងដំណើរស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ រហូតដល់កសាងបាននូវប្រវត្តិសាស្ត្រថ្មីមួយជូនប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរដែលមិនធ្លាប់មានពីមុន ជីវិតសម្តេចតេជោ ហ៊ុន សែន បានផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរជានិច្ច មិនដែលដាច់ជាពិសេសក្នុងគ្រាលំបាក។ ជាក់ស្តែង ពេលពលរដ្ឋជួបគ្រោះអាសន្នដូចជាទឹកជំនន់ ឬជួបប្រទះគ្រោះថ្នាក់ផ្សេងៗទៀតជាយថាហេតុ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្ត្រីពាក់ព័ន្ធតែងតែមានវត្តមានជានិច្ចដើម្បីដោះស្រាយការលំបាកជូនពួកគេ។ ក្រៅពីនោះ សម្តេចតែងឆ្លៀតពេលជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជាប្រចាំដោយទឹកចិត្តអាណិតស្រឡាញ់អស់ពីបេះដូង។

បច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតជាភរិយា បានបន្តប្រពៃណីដឹកនាំដ៏ល្អនេះដដែលដោយផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច។ ជាក់ស្តែង ក្នុងរយៈពេលជាងមួយឆ្នាំដំបូងនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចធិបតី និងភរិយា បានចំណាយពេលវេលាជួបជាមួយពលរដ្ឋនៅគ្រប់ទិសទី។ កម្មករ កសិករ អាជីវករ សិល្បករ កីឡាករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត លោកគ្រូអ្នកគ្រូ រួមទាំងអ្នកសារព័ត៌មានផង សុទ្ធតែធ្លាប់បានជួបជាមួយប្រមុខដឹកនាំរបស់ខ្លួនដោយផ្ទាល់ ឬបានឃើញសកម្មភាពទាំងនេះជាប្រចាំ។

ដោយទទួលបានការណែនាំ និងដោយបានឃើញគំរូរបស់ប្រមុខដឹកនាំ មន្ត្រីក្នុងជួររាជរដ្ឋាភិបាលក៏ដូចជាមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានខិតខំបម្រើប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។ ជាក់ស្តែង ប៉ុន្មានថ្ងៃចុងក្រោយនេះ ពួកគេបានមូរដៃអាវ លាត់ជើងខោ ដើម្បីចុះជួយដោះស្រាយបញ្ហាជូនកសិករក៏ដូចជាបូមទឹកជូនពួកគេ ដើម្បីធ្វើស្រែប្រាំង។ ជារៀងរាល់ចុងសប្តាហ៍ ឆ្លៀតពេលទំនេរពីការងារបម្រើប្រជាពលរដ្ឋក្នុងនាមមន្ត្រីរាជរដ្ឋាភិបាល តែងចុះជាប់ជាមួយប្រជាពលរដ្ឋនៅឯមូលដ្ឋានរៀងៗខ្លួន ដើម្បីស្វែងយល់ពីការលំបាករបស់ពួកគេ និងដោះស្រាយបញ្ហាជូនពលរដ្ឋភ្លាមៗដោយមិនបង្អង់។

នេះហើយ គឺជាប្រពៃណីបម្រើប្រជាពលរដ្ឋរបស់គណបក្សប្រជាជនកម្ពុជា ដែលបន្តពីជំនាន់មួយទៅជំនាន់មួយទៀតឥតដាច់។ នេះ ក៏ជាហេតុផលដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋជារៀងរហូតមក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៥

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជានៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានអញើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ បុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផា និងទទួលថវិកាចំនួន១លានដុល្លារអាម៉េរិក ពីក្រុមហ៊ុនជីបម៉ុងគ្រុប សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា នាមន្ទីរពេទ្យគន្ធបុប្ផាជិតវត្តភ្នំ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានពាំនាំការផ្តាំផ្ញើសួរ សុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាទាំងអស់។ ខណៈនេះដែរលោកជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ និងការលះបង់ដ៏ធំធេងពីសំណាក់ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការរួមគ្នាផ្តល់សេវាពិនិត្យ និងព្យាបាល ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ប្រកបដោយស្មារតីទទួលខុសត្រូវក្នុងវិជ្ជាជីវៈ។

ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិតបានអរគុណ ដល់ក្រុមហ៊ុនជីបម៉ុងគ្រុប ដែលបានបរិច្ចាគថវិកាចំនួន១លានដុល្លារអាម៉េរិក ដល់មូលនិធិគន្ធបុប្ផាកម្ពុជា តបតាមការអំពាវរបស់លោកជំទាវ។ លោកជំទាវឱ្យដឹងថា ក្រុមហ៊ុនជីបម៉ុងគ្រុប តែងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមជាតិ តាមរយៈសកម្មភាពផ្សេងៗដូចជា ការបរិច្ចាគថវិកាសម្រាប់ទិញឧបករណ៍តេស្តរហ័សរកមេរោគកូវីដ១៩ (Rapid Test), ការបរិច្ចាគដល់កាកបាទក្រហមកម្ពុជា,ការបរិច្ចាគថវិកាសម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់, បរិច្ចាគដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA), បរិច្ចាគដល់មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន,បរិច្ចាគថវិកាដើម្បីទិញវ៉ាក់សាំងកូវីដ១៩ និងការបរិច្ចាគ ចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលបានប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» និងការចូលរួមបរិច្ចាគសាងសង់មន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងការបរិច្ចាគដទៃច្រើនទៀត។ កាយវិការ នៃការបរិច្ចាគថវិការបស់ក្រុមហ៊ុន ជីប៉ម៉ុងគ្រុប នាំឱ្យមានការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងពីមហាជន ចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន។

ជាមួយគ្នានេះលោកជំទាវ ក៏សូមកោតសរសើរ ដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមសាធារណជនទាំងអស់ ចំពោះកិច្ចសហការខ្ពស់ និងការចូលរួមបរិច្ចាគថវិកា ទោះជាតិចក្តីច្រើនក្ដី តាមលទ្ធភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ” ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា នាពេលកន្លងមក ដែលនេះជាការរួមចំណែកដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន ក្នុងបេសកកម្មសង្គ្រោះជីវិត ទារក កុមារ និងស្ត្រីមានផ្ទៃពោះ រាប់លាននាក់នៅកម្ពុជានាពេលកន្លងមក។ ក្នុងន័យនេះលោកជំទាវបណ្ឌិត បានអំពាវនាវជាថ្មីម្តងទៀត ដល់សាធារណៈជនទាំងអស់ មេត្តាបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាបន្តរក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងនាំស្នាមញញឹមដល់ ទារក និងកុមារកម្ពុជា។

សូមបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាមូលនិធិជាតិផ្លូវការតែមួយគត់របស់កម្ពុជា ត្រូវបានផ្តួចផ្តើមបង្កើតឡើង និងសម្ពោធដាក់ឱ្យដំណើរការ ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណងកៀរគរថវិកាសប្បុរសធម៌ ពីប្រភពស្របច្បាប់នានា ទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាក្នុងស្មារតី “ខ្មែរជួយខ្មែរ” រក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលក្នុងមួយឆ្នាំៗមន្ទីរពេទ្យនេះត្រូវការចំណាយជាមធ្យម ប្រមាណជាង៤០លានដុល្លារអាម៉េរិក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៥

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា  មានប្រសាសន៍បញ្ជាក់​នៅព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ២០២៥ នេះថា យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និង​ស្ថានីយ​តាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថា​ខេត្តជាច្រើន​មានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកទីតាំងខេត្តចំនួន៤ រួមមាន​បន្ទាយ​មានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម (ខ្យល់ពុលខ្លាំង) ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។

បើតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ខេត្តចំនួន៣ផ្សេងទៀតរួមមាន៖ ខេត្តព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងសន្ទស្សន៍ពណ៌ទឹក្រូច។

សូមបញ្ជាក់ថា ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់ នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុ-អាកាស ដែលបណ្តាលឱ្យភាគល្អិតនិចល PM2.5 មានការកើនឡើង ព្រមទាំងការបញ្ចេញសារធាតុបំពុលពីប្រភពនានា ដូចជាមានការឆេះ ការដុត ការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។

ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងបរិស្ថានបានស្នើដល់ សាធារណសាធារណជន ធ្វើការតាមដានព័ត៌មានគុណភាពខ្យល់ជាប្រចាំតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន និងការពារសុខភាពឱ្យបានល្អ ប្រសិនបើមានស្ថានភាពសុខភាពខុសប្រក្រតី គួរតែពិគ្រោះជាមួយគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ ដែលស្ថិតនៅក្បែរកន្លែងរស់នៅ។

ជាមួយគ្នានេះ សូមស្នើដល់អាជ្ញាធររាជធានី ខេត្ត និងប្រជាពលរដ្ឋ នៅក្នុងតំបន់ ទទួលរងការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ចូលរួមសហការផ្សព្វផ្សាយ និងចាត់វិធានការទប់ស្កាត់និងកាត់បន្ថយការបំពុល ដូចជាសម្អាតលំនៅដ្ឋាន ផ្លូវថ្នល់ ប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទប់ស្កាត់ការដុត ធូលីហុយ និងករណីឆេះផ្សេងៗ ជាពិសេសការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹង នៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។

ក្រសួងបរិស្ថាននឹងធ្វើការតាមដានអំពីការប្រែប្រួលស្ថានភាពគុណភាពខ្យល់ និងជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនសាធារណជនបានជ្រាបជាប្រចាំ និងសូមធ្វើការតាមដានព័ត៌មានផ្លូវការ ដែលក្រសួងបានចេញផ្សាយ តាមរយៈវេបសាយ www.airquality.moe.gov.kh និងកម្មវិធីទូរស័ព្ទដៃ (APP) ឈ្មោះ CGS SPA ឬទាញយកកម្មវិធីសម្រាប់ Android និង IOS ដូចខាងក្រោម៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៥

ភ្នំពេញ៖សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹតសម្រេចសម្រួលភារកិច្ចប្រធានមន្ទីរបរិស្ថានចំនួន៣ខេត្តដែលមានតំបន់ព្រៃឡង់ឲ្យទៅបម្រើការងារនៅទីស្ដីការក្រសួងបរិស្ថានវិញ និងតែងតាំងថ្មីចំនួន២៤រូប រាជធានី.ខេត្ត។ នេះបើតាមអនុក្រឹតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខានៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ដោយសម្ដេចធិបតីហ៊ុន ម៉ាណែត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៥

ស្ត្រីមួយរូបត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណី”ឆបោក និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ”។

ការចាប់ខ្លួននៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ទោ លឹម ហាក់  ប្រធានមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តបន្ទាយមាន ជ័យដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងដោយមានការសម្របសម្រួលពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

ការចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទ ឈ្មោះ ចាន់ ផល្លីន ភេទស្រីអាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរមុខរបរ (ប្រធានសាខាចលនាយុវជនកម្ពុជាក្រុម)១៥៧ អាស័យដ្ឋានស្នាក់នៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៣៣/០២១ ចុះថ្ងៃទី០២ សីហា ២០២១ ចេញដោយ គឹម រ័ត្នណារិន ចៅក្រម ស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង។ ពាក់ព័ន្ធក្នុងករណី”ឆបោក និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ” ប្រព្រឹត្តកាលពីថ្ងៃទី១២ .កញ្ញា .២០២០ស្ថិតនៅចំណុចភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្រោយសមត្ថកិច្ចចាប់ខ្លួន ដកហូតសម្ភារៈវត្ថុតាងដកហូតរួមមាន÷
១- ទូរសព្ទដៃ១គ្រឿងម៉ាកiPhone16Promax។
២- ទូរសព្ទដៃចំនួន០១គ្រឿងម៉ាក Samsung ពណ៌ខ្មៅលាយទឹកប្រាក់។
៣- ទូរសព្ទដៃចំនួន០១គ្រឿងVIVOពណ៌ខ្មៅ។
បច្ចុប្បន្នជនត្រូវចោទត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅលោកចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មករា ២០២៥

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍បន្តទៀតថា ការប្រារព្ធទិវាបរិស្ថាននេះ ដើម្បីអប់រំផ្សព្វផ្សាយមហាជន ប្រជាជន គ្រប់មជ្ឈដ្ឋានទាំងអស់ ឲ្យយល់ដឹងពីអនាម័យបរិស្ថានជុំវិញខ្លួន ហើយដើម្បីធ្វើការក្រើនរំលឹកដល់មហាជន ប្រជាជន ទាំងអស់អំពីការចូលរួមសំអាតបរិស្ថាន ឲ្យបានស្អាតជាប្រចាំ ព្រោះថា បន្ទាប់ពីបញ្ចប់ទិវានេះរួច បរិស្ថានមិនអាចស្អាតបានជារៀងរហូតឡើយ លុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការចូលរួមសំអាតទាំងអស់គ្នា ទើបអនាម័យបរិស្ថានបានស្អាតជារៀងរហូត។

ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃព្រហស្បតិ៍ នេះក្នុងឱកាស រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ” ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព“៊

ឯកឧត្តម សុខ លូ ថ្លែងថា ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា តែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បី បំផុសចលនា ឱ្យសាធារណជន អង្គភាព វិស័យឯកជន សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ចូលរួមធ្វើអនាម័យបរិស្ថានសំអាតលំនៅឋាន ទីកន្លែងធ្វើការ និងអាជីវកម្ម ដើម្បីការរួមចំណែកកែលំអ សោភ័ណភាពមូលដ្ឋានរបស់ខ្លួនឱ្យស្អាត និងបៃតង សំដៅកែប្រែផ្នត់គំនិត របស់សាធារណជន អ្នកពាក់ព័ន្ធ នានាគ្រប់ស្រទាប់វណ្ណៈ ឱ្យចេះគ្រប់គ្រងសំណល់សំរាម និងចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន កាន់តែច្រើន ឡើង ម្យ៉ាងវិញទៀត រាល់សកម្មភាពទិវាអនាម័យបរិស្ថានជាតិនេះ បានជំរុញដល់ការចូលរួមអនុវត្តមុខងារ គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរបស់ក្រុង ស្រុកទូទាំងខេត្តបាត់ដំបងយើង ដែលក្រសួងបរិស្ថាន បានប្រតិភូកម្មឱ្យថ្នាក់ក្រោមជាតិ ជាពិសេស ការអនុវត្តក្រោមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងលក្ខណៈសម្បត្តិទី៦ បានចែងថា មានអនាម័យ មានសោភ័ណភាព និងបរិស្ថានល្អ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មករា ២០២៥

ខេត្តសៀមរាប៖នៅទីបំផុតសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានសម្រេចនាំខ្លួនយាយ (ដែលមានរហ័នាមថាយាយជះលាមកនិងទឹកនោម)បានហើយនៅព្រឹកមិញនេះ។

ការឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយអនុវត្តតាម បទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលក្រុងសៀមរាប កម្លាំងប៉ុស្ដិនគរបាលរដ្ឋបាលស្វាយដង្គំ ដែលបានឃាត់ខ្លួនស្ត្រីខាងលើ ធ្វើឡើងក្រោយពីទទួលបណ្ដឹងប្រជាពលរដ្ឋ តាមតេឡេក្រាម តាមបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងការស្នើសុំរបស់ប្រជាពលរដ្ឋ ឱ្យមានវិធានការយ៉ាងម៉ឺងម៉ាត់ទៅលើស្ត្រីរូបនេះ។

សូមបញ្ជាក់ផងដែរថា យាយជះលាមកនឹងទឹកនោម នៅជិតសាលាស្ទឹងថ្មី មានឈ្មោះ (តាន់ គឹមប៉ូ) ភេទស្រី អាយុ៥០ជាង រស់នៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សម្រាប់ព័ត៌មាននេះ ភ្នាក់ងារ សៀមរាប ប៉ុស្តិ៍ បានសម្ភាសន៍លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមរយៈតេឡេក្រាម។

មហាជនសង្ឃឹមថាសមត្ថកិច្ចខេត្តសៀមរាបនិងមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះស្ត្រីរូបនេះដែលតែងតែបង្កការអុកឡុកច្រើនលើកច្រើនសារជះលាមកនិងយកដុំថ្មគប់អ្នកដទៃផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មករា ២០២៥

ខេត្តសៀមរាប៖ក្រុមមន្ត្រីចម្រុះបានបើកកិច្ចប្រជុំ ស្តីពីការពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប។

កិច្ចប្រជុំធ្វើឡើងពិភាក្សាលើការអនុវត្តការងារដោះស្រាយ ផលប៉ះពាល់ ដោយសារគម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមានលោក លោកស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ និងលោក លី សារី អភិបាលរងខេត្ត តំណងដ៏ខ្ពង់ខ្ពស់លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីប្រតិភូអមដំណើរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធក្នុងខេត្តផងដែរ។

កិច្ចប្រជុំ ស្តីពីការពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប រៀបចំឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការបំពុលបរិយាកាសក្នុងក្រុង ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងតំបន់តាមរយៈការបង្កើនលទ្ធភាពប្រើប្រាស់អន្តរតំបន់ ពង្រឹងសមត្ថភាព ប្រកួតប្រជែង ក្នុងខេត្តដែលជាទីក្រុងទេសចរណ៍ ពង្រីកតំបន់លំនៅដ្ឋាន និងជំរុញសកម្មភាពពាណិជ្ជកម្ម នៅតំបន់ភាគខាងត្បូង នៃខេត្តសៀមរាបក្នុងរយៈពេលវែង និងចូលរួមចំណែកការពារទីក្រុងសៀមរាបពីការជន់លិចបឹងទន្លេសាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២៥

ខេត្តស្ទឹងត្រែង៖ទីតាំងល្បែងជល់មាន់និងអាប៉ោងដោយខុសច្បាប់ចំនួនពីរកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាប។

ការបង្ក្រាបធ្វើឡើង កាលពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសេសាន និងស្រុកសៀមបូក
អនុវត្តបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង។

ប្រតិបត្តិការបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោង) នៅក្នុងព្រៃ ចំនួន ២ទីតាំង រួមមាន៖
-ទីតាំងទី១ នៅចំណុចអូរដក់ពរញើន ភូមិស្តៅ២ ឃុំស្តៅ ស្រុកសេសាន។
-ទីតាំងទី២ នៅចំណុចអូរយឿន ភូមិអូរយឿន ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក។

ចំពោះវត្ថុតាងដែលរឹបអូសបាន កំពុងរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធីច្បាប់ជាធរមាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២៥

ខេត្តសៀមរាប៖ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តសៀមរាប ដែលបានបំពេញ តួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវសមិទ្ធផលជាច្រើន រួមចំណែកយ៉ាងសំខាន់ ជាមួយក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាល នៅក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសជាតិ ឱ្យកាន់តែមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការធានាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ។

ឯកឧត្តម ទៀ សីហា លើកឡើងថា ឆ្នាំ២០២៥ ជាឆ្នាំទី២ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយ ដ៏មានសារៈសំខាន់ សម្រាប់ការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍន៍ប្រទេស ជាតិប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាបន្តទៀតប្រកបដោយភាពធន់ សមធម៌ និងមាននិរន្តរភាព។ ក្នុងនោះស្នូលនៃយុទ្ធសាស្ត្រនេះដែរ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលជាមូលដ្ឋានគ្រឹះ ដើម្បីធានាសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាពលើគ្រប់វិស័យ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចទូទាំងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខិតខំរួមគ្នា ប្តេជ្ញាចិត្តអនុវត្តឱ្យសម្រេចបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២៥ នេះ មានជាអាទិ៍ ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គមឱ្យបានរឹងមាំ យកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ទង្វើមិនស្របច្បាប់ ចលនាឧទ្ទាម និងបដិវត្តពណ៌នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់ អុចអាលបង្កឱ្យមានអំពើហិង្សា ការប្រឆាំងនឹងអាជ្ញាធរសាធារណៈជាដើម។ ក្នុងនោះក៏ស្នើឱ្យរដ្ឋបាលខេត្ត ក្រសួងបរិស្ថាន ក្រសួងកសិកម្ម អាជ្ញាធរជាតិអប្សរា និងក្រសួងរៀបចំដែនដី រួមគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងការកាប់ទន្រ្ទានព្រៃឈើយកដីធ្វើកម្មសិទ្ធិ ជាពិសេសនៅតំបន់ភ្នំគូលែន ឱ្យបានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ឯកឧត្តមទៀ សីហា មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា សន្និបាតនេះ ជារបៀបវារៈការងារមួយដ៏សំខាន់ និងតែងតែបានរៀបចំឡើងជារៀងរាល់ឆ្នាំ ស្របតាមគោលការណ៍ ណែនាំដែលបានកំណត់ ដើម្បីរដ្ឋបាលខេត្ត ធ្វើការពិនិត្យ និងវាយតម្លៃអំពីសមិទ្ធផលការងារ ដែលសម្រេចបាននៅក្នុងរយៈពេលពេញមួយឆ្នាំកន្លងមក ព្រមទាំងពិនិត្យមើលនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាព ដើម្បីរិះរកមធ្យោបាយ ឬដំណោះស្រាយ ឱ្យបានសមស្រប រួមជាមួយនឹងការដាក់ចេញទិសដៅការងារ សម្រាប់ឆ្នាំ២០២៥ ប្រកបដោយភាពម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយដែលអាចឆ្លើយតបនឹងតម្រូវការចាំបាច់នៅក្នុងខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២៥

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហើបអំពីការត្រៀមលក្ខណៈពិនិត្យកែសម្រួលឡើងវិញនូវនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស។

ការបញ្ជាក់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីឯកឧត្តម ក្នុងនាមប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានបើកកិច្ចប្រជុំដើម្បីពិនិត្យបញ្ហាប្រឈម និងសំណូមពររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះក៏រួមទាំងការពិនិត្យពិភាក្សាសំណើកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិផងដែរ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងរយៈកាលប្រមាណ ២០ឆ្នាំមកនេះ ពោលគឺចាប់តាំងពីកម្ពុជា រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយប្រជាពលរដ្ឋផ្ទាល់ជាប្រវត្តិសាស្រ្តកាលពីឆ្នាំ២០០២ មេភូមិ អនុភូមិ និងសមាជិកភូមិ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយក្រុមប្រឹក្សាឃុំ សង្កាត់ បានខិតខំបំពេញការងារយ៉ាងសកម្មតាមតួនាទី និងភារកិច្ច ជាពិសេសការដើរតួនាទីជាស្ពានទំនាក់ទំនងការងាររវាងពលរដ្ឋក្នុងភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីដោះស្រាយសំណើ សំណូមពរ និងតម្រូវការផ្សេងៗ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ឆ្លងកាត់បទពិសោធនៃការអនុវត្តជាច្រើនមកនេះ ស្ថានភាពសង្គម កាន់តែមានការរីកចម្រើនប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសតម្រូវការអាទិភាពក្នុងកិច្ចការប្រចាំថ្ងៃនៅមូលដ្ឋាន ដែលពាក់ព័ន្ធនឹងតួនាទីថ្នាក់ដឹកនាំភូមិ ដែលទាមទារឱ្យមានការពិនិត្យ និងកែសម្រួលឡើងវិញ ទាំងគោលការណ៍ នីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើស ដោយពិនិត្យលើអាយុ កម្រិតវប្បធម៌ និងអាណត្តិការងារ ធ្វើយ៉ាងណាដើម្បីធានារួមចំណែកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។

យោងតាមសេចក្ដីណែនាំលេខ០០៤ ចុះហត្ថលេខាដោយសហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០០៦ ដែលអនុវត្តមកដល់បច្ចុប្បន្ន ក្នុងចំណោមលក្ខខណ្ឌមួយចំនួន បេក្ខជនមេភូមិ អនុភូមិ និងសមាជិកភូមិ ត្រូវមានអាយុយ៉ាងតិច ២៥ឆ្នាំ ចេះអាន និងសរសេរអក្សរខ្មែរ។ ថ្នាក់ដឹកនាំភូមិទាំង ៣រូបនេះ មិនមានអាណត្តិ ដូចក្រុមប្រឹក្សាឃុំ សង្កាត់ឡើយ។ ជាទូទៅ កម្រមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំភូមិណាស់ លើកលែងតែពួកគាត់ ទទួលមរណភាព ឬមានកំហុសផ្ទុយនឹងសេចក្ដីណែនាំលេខ០០៤៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page54 Page55 Page56 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ៖ 069382925
×