ករណីនាំចូលទំនិញគេចពន្ធពីវៀតណាម ចូលទឹកដីខេត្តតាកែវ យ៉ាងគគ្រឹកគគ្រេង ឈានដល់ការផ្ទុះអាវុធនិងចាប់ខ្លួននគរបាល១រូបដែលបានកាងទំនិញគេចពន្ធ។
ប្រភពបានឲ្យដឹងថានគរបាលមួយរូប ដែលជាអ្នកកាងទំនិញដ៏សកម្មចេញពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ នៅថ្ងៃចន្ទនេះ។
ជនបង្កឈ្មោះ ណុប សំបូរ អាយុ៣១ឆ្នាំ នាយរងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ការចាប់ខ្លួននគរបាលរូបនេះក្រោយបានផ្ទុះអាវុធរារាំង និងរំដោះរថយន្តដឹកទំនិញ គេចពន្ធពីសមត្ថកិច្ចគយ ដែលកំពុងចុះប្រតិបត្តការ បង្ក្រាបបទល្មើសទំនិញគេចពន្ធ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៨:៤០នាទីព្រឹក នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ដោយនគរបាលរូបនេះបានរារាំងការអនុវត្តច្បាប់ របស់មន្ត្រីសាធារណៈ និងប្រើប្រាស់អាវុធខុសច្បាប់។
មន្ត្រីនគរបាលរូបនេះ បានជិះរថយន្ត ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-9899 ហើយធ្វើសកម្មភាពរារាំង (បិទគូថ) និងដកកាំភ្លើងខ្លីបាញ់ចំនួន ០៥គ្រាប់ ដើម្បីគម្រាមដល់សមត្ថកិច្ចគយដែលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសទំនិញគេចពន្ធនាំចូល។
សូមបញ្ជាក់ថាទឹកដីខេត្តតាកែវ មានទំនិញគេចពន្ធជាច្រើនបាននាំចូលពីប្រទេសវៀតណាម កម្រមានគយចុះបង្ក្រាបណាស់ បើទោះបីខេត្តតាកែវ មានការផ្លាស់ប្ដូរមេគយនិងមានគយលចល័តក៏ដោយ ក៏ទំនិញគេចពន្ធនៅតែមានការនាំចូលយ៉ាងក៏គិតគ្រេង៕ដោយនាគខៀវ


