ខេត្តសៀមរាប៖លោក Park Sungjin បានឱ្យដឹងថា ការហោះហើរត្រង់ពីកូរ៉េមកកាន់ខេត្តសៀមរាបនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ និងធ្វើឱ្យកំណើនភ្ញៀវទេសចរចូលមកកាន់ខេត្តសៀមរាប និង មានភាពប្រសើរឡើងវិញ។ ម៉្យាងទៀតលោម ក៏និងជម្រុញដល់កិច្ចទំនាក់ទំនង សហប្រតិបត្តិការរវាងខេត្ត ក្រុងសម្ព័ន្ធមេត្រី ឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀតផងដែរ។
លោក Park Sungjin អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប បញ្ជាក់បែបនេះនៅថ្ងៃទីពុធ នេះ ក្នុងឱកាស លោកទៀ សីហា អភិបាលខេត្តសៀមរាប បាន អនុញ្ញាត លោកចូលជួបសម្តែងការគួរសមនិងជម្រាបលា មុនពេលបញ្ចប់អាណត្តិ អគ្គកុងស៊ុលប្រចាំខេត្ត នៅសាលាខេត្តសៀមរាប។
លោក Park Sungjin បានសម្តែងកោតសរសើរ ពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី ក៏ដូចពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្តសៀមរាប លើកិច្ចអភិវឌ្ឍន៍នូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធ សំខាន់នៅក្នុងបរិបទកូវីដ-១៩ ខេត្តសៀមរាប មានកិច្ចអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងសៀមរាប ដែលជាក្រុងគោលដៅ ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ហើយក៏ជាទីក្រុងមួយដែលមានការអភិវឌ្ឍន៍ជឿនលឿនទៀតផង។
លោកក៏បានថ្លែងអំណរគុណផងដែរ ពីភាពយកចិត្តទុកដាក់ខ្ពស់ របស់ រាជរដ្ឋាភិបាលកម្ពុជា លើការងារសុខភាពសាធារណៈ សំខាន់ការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដោយមិនបានប្រកាន់ពូជសាសន៍ពណ៌សម្បុលដោយឥតគិតថ្លៃ សំខាន់ប្រជាជនកូរ៉េ នៅកម្ពុជាបានចាក់គ្រប់ៗគ្នាផងដែរ។ ម៉្យាងទៀត ក៏បានយកចិត្តទុកដាក់លើសន្តិសុខ សុវត្ថិភាពជូនដល់ ប្រជាជនកូរ៉េ ហើយដែលមានប្រជាជនកូរ៉េ ប្រមាណ ២ ០០០នាក់កំពុងរស់នៅប្រកបមុខរបរការងារអាជីកម្មនៅខេត្តសៀមរាប។ លោកក៏បានបញ្ជាក់ថា ដោយបញ្ហាវិបត្តិកូវីដ បានធ្វើឱ្យមានភាព អសកម្មលើកិច្ចទំនាក់ទំនងសហប្រតិបត្តការ រវាងខេត្ត ក្រុងសម្ព័ន្ធមេត្រី នៃសាធារណរដ្ឋកូរ៉េ ជាមួយ ខេត្តសៀមរាប។
ក្នុងជំនួនលោក ទៀ សីហា បានលើកឡើងថាក្នុងរយៈពេល៣ឆ្នាំមកនេះ លោកអគ្គកុងស៊ុល បានធ្វើកិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អ ជាមួយរដ្ឋបាលខេត្តសៀមរាប ទទួលបានលទ្ធផលជាផ្លែផ្កាគួឲ្យកត់សម្គាល់។ ម៉្យាងទៀតក្នុងពេលកន្លងមក អគ្គកុងស៊ុលកូរ៉េប្រចាំខេត្ត ក៏បានធ្វើការសម្របសម្រួល នូវការងារមួយចំនួន ជាមួយបណ្តាខេត្ត ក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប។
លោក ទៀ សីហា ក៏បានលើកផងដែរថា ចំពោះកិច្ចទំនាក់ទំនង សហប្រតិបត្តិការជាមួយខេត្ត ក្រុងសម្ព័នមេត្រី ជាមួយខេត្តសៀមរាប ដែលបានអសកម្ម កន្លងមកដោយបញ្ហាជំងឺកូវីដ-១៩ ធ្វើឱ្យមានការអាក់ខាន ក៏ពិតមែន តែកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងក៏រដ្ឋបាលខេត្តសៀមរាប នៅតែបន្តរក្សានូវចំណងមេត្រីភាពនឹងទៅមុខជានិច្ច។ ម៉្យាងទៀត នៅខែតុលាខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប រៀបចំក្រុមប្រតិភូមួយ ដឹកនាំដោយលោកអភិបាលខេត្តផ្ទាល់ ទៅបន្តការចុះហត្ថលេខាកិច្ចការយោគយល់គ្នារ វាងខេត្ត ក្រុងសម្ព័ន្ធមេត្រី ក្នុងការរឹតចំណងមិត្តភាពនៃប្រទេស និង ប្រជាជនទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត។
លោក ទៀ សីហា ក៏បានលើកផងដែរ ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ កន្លងមក លើវិស័យអប់រំ សុខាភិបាល កសិកម្ម ការផ្តល់អាហារូបករណ៍ទៅសិក្សា ព្រមទាំងការផ្តល់នូវសម្ភារៈផ្សេងៗជាច្រើនទៀត សំខាន់ក្រុងស៊ូវ៉ុន ក៏បានបង្កើតភូមិមិត្តភាពស៊ូវ៉ុន ភ្នំក្រោម ព្រមទាំងសាងសង់ អគារសិក្សាថ្នាក់បឋម , អនុវិទ្យាល័យ និងវិទ្យាល័យទៀតផង។
អភិបាលខេត្ត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលបានជម្រុញដល់វិស័យទេសចរណ៍ ចូលមកកម្ពុជា នៅថ្ងៃខាងមុខ តាមជើងហោះហើរឆ្ពោះត្រង់ មកខេត្តសៀមរាប នឹងធ្វើឲ្យវិស័យទេសចរណ៍ នៅខេត្តសៀមរាប មានការរីកចម្រើនឡើងវិញ ក្រោយពីបញ្ចប់វិបត្តិជំងឺកូវីដ-១៩៕SRP