ខេត្តសៀមរាប៖សិស្សសាលាអនុវិទ្យាល័យ ដានរុន និង បឋមសិក្សារិនកណ្តាល ដួលសន្លប់បន្តបន្ទាប់ ប្រមាណជិត១០នាក់ ត្រូវបានគេ ដឹកមកសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពដានរុន។
ហេតុការណ៍ ដួលសន្លប់បង្កការភ្ញាក់ផ្អើលរយៈពេល២ថ្ងៃនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ និង ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្នុងបរិវេណសាលាអនុវិទ្យាល័យដានរុន និង បឋមសិក្សារិនកណ្តាល ក្នុងភូមិដានរុន ខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅក្នុងឃុំ ដានរុន មានសិស្សអនុវិទ្យាល័យ ដានរុន បានដួលសន្លប់ជា បន្តបន្ទាប់ រយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ និង ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនោះ មាន នៅថ្ងៃទី២៣ ខែកុម្ភៈ មានសិស្សថ្នាក់ទី៨ ចំនួន ( ៧នាក់ប្រុសម្នាក់) និងថ្នាក់ទី៩ ម្នាក់ ជា ស្រី ហើយ ត្រូវបានសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពដានរុន ប៉ុន្តែត្រឡប់ទៅផ្ទះវិញអស់ហើយ នៅម៉ោងជាង៣រសៀល ថ្ងៃនេះ។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះនៅក្នុងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏ មានសិស្ស ថ្នាក់ទី៧ ចំនួន ២នាក់ (ស្រី) សង្គ្រោះបឋម គឺ យកប្រេង ក្រឡា ដាក់ច្រមុះឱ្យហិត ក៏ដឹងខ្លួន ត្រឡប់ទៅផ្ទះវិញហើយ។ មូលហេតុ សិស្សសាលា ទាំងអស់នោះ សន្លប់ មក ពី ឃើញ ម្នាក់ ស្រែកយំ ដូចខ្មោចចូល ក៏ ដួល ត ៗ គ្នា តែម្តង។ លោក គ្រូពេទ្យ មណ្ឌលសុខភាព ដានរុន បានប្រាប់នៅរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា សិស្ស សាលា ដែល ដួលសន្លប់ ដឹកយកមកសង្គ្រោះ នៅ មណ្ឌលសុខភាពដានរុន នេះ ត្រូវបាន ឱ្យ ត្រឡប់ទៅផ្ទះវិញអស់ហើយ។
មូលហេតុសិស្ស សាលាទាំងនោះ មកពីខ្វះជាតិកាស្យូម។ ចំពោះពលរដ្ឋ ដែលរស់នៅ ក្នុង ឃុំ ដានរុន ស្រុកសូទ្រនិគម បាននិយាយផ្សេង ៗ គ្នាថា ខ្លះនិយាយថាខ្មោចចូល , ខ្លះនិយាយថា នាំគ្នាទៅលេងបាល់ទាត់ ហើយ ត្រឡប់មកចូលសាលារៀន វិញផឹកទឹកបណ្តាឱ្យ ស្ទះខ្យល់ ដួលសន្លប់ ខណៈពេលសិស្ស ដែលនៅជិត ឃើញមិត្តភក្តិដួលក៏ ដួលតៗគ្នាទៅ៕SRP



