ក្រុមហ៊ុនអ៊ីង ស៊ុង( ILSUNG-HANIL) មិនព្រមទូរទាត់លុយឈ្នួល បណ្តាលឲ្យក្រុមកម្មករនិងក្រុមគ្រឿងចក្រប្រមូលផ្តុំគ្នា មិនធ្វើការស្ថាបនាកំណាត់ផ្លូវជាតិលេខ៤៨
មានគ្រឿងចក្រជាច្រើនគ្រឿង ត្រូវបានក្រុមកម្មករ និងក្រុមគ្រឿងចក្រ បិទមិនឲ្យដំណើរស្ថាបនាផ្លូវជាតិលេខ៤៨ ត្រង់ចំណុចគីឡូម៉ែត្រលេខ.១៣៥ ដល់លេខ.១៤២ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កាលពីវេលាម៉ោងជាង៤រសៀល នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។
ការបិទគ្រឿងចក្រមិនឲ្យដំណើរការស្ថាបនាកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់ចំណុចខាងលើ គឺធ្វើឡើងក្រោយក្រុមហ៊ុនចិនឈ្មោះ យ៉ាន់ ដុងជា ហៅកាត់ថា Y.Dជាក្រុមហ៊ុនម៉ៅការបន្តពីក្រុមហ៊ុន អ៊ីង ស៊ុង មិនព្រមបើកប្រាក់ និងទូទាត់ថ្លៃឈ្នួលផ្សេងៗដល់ក្រុមពួកគាត់ អស់រយះពេលប្រមាណជា២ខែមកហើយ សរុបជាទឹកប្រាក់ជាច្រើនមុឺនដុល្លារ ទើបពួកគាត់ឈានទៅធ្វើការបិទគ្រឿងចក្រមិនឲ្យដំណើរបន្តទៀត។
លោក អ៊ុំ ភារុណ បុគ្គលិកក្រុមហ៊ុនY.D និងជាអ្នកគ្រប់គ្រងបច្ចេកទេស និង ដឹកនាំគ្រឿងចក្រនៅកំណាត់ផ្លូវជាតិលេខ៤៨ បានលើកឡើងថា ការបិទមិនឲ្យគ្រឿងចក្រដំណើរការនេះ គឺដោយសារក្រុមហ៊ុន អ៊ីង ស៊ុងរបស់កូរ៉េ ដែលជាក្រុមហ៊ុន ដែលទទួលសិទ្ធិស្ថាបនាលើផ្លូវជាតិ៤៨នេះទាំងមូល មិនបានទូរទាត់លុយអោយក្រុមហ៊ុនជាច្រើន ដែលបានស៊ាប់បន្ត ពីក្រុមហ៊ុន អ៊ីង ស៊ុង លើការស្ថាបនាផ្លូវ៤៨ នេះ ជាច្រើនខែមកហើយ មិនទាត់បានទូទាត់លុយនិងប្រាក់ឈ្នួលផ្សេងៗជាយូរហើយ បើទោះក្រុមហ៊ុនទាំងនោះព្យាយាមចរចារជាមួយក្រុមហ៊ុនអ៊ីង ស៊ុង ក៏មិនបានទទួលលទ្ធផលដែរ ។
តាមប្រភពពីបុគ្គលឹកក្រុមហ៊ុនអ៊ីង ស៊ុងសុំមិនបញ្ចេញឈ្មោះបានឲ្យអ្នកសារព័ត៌មានដឹងថា ក្រៅពីក្រុមហ៊ុន Y D និង ក្រុមហ៊ុនមួយចំនួនទៀត ដែលក្រុមហ៊ុនអ៊ីង ស៊ុង មិនព្រមទូរទាត់លុយថ្លៃឈ្នួល សូម្បីក្រុមមួយដែលឈ្មោះល្បីលំដាប់អន្តរជាតិ ធ្លាប់បានស៊ាប់បន្តលើការស្ថាបនាផ្លូវលេខ៤៨ នេះ ពីក្រុមហ៊ុនអ៊ីង ស៊ុងនេះកន្លងមក ក៏ត្រូវរង់គ្រោះមិនព្រមទូរទាត់ប្រាក់រាប់លានដុល្លារផងដែរ។ ហើយក្រុមហ៊ុននេះកំពុងប្តឹងទៅតុលាការដើម្បីទាមទារសំណងនិងការទូរទាត់ពីក្រុមហ៊ុនអ៊ីង ស៊ុងនេះផងដែរ។
លោកស្រី អាលី ដែលជាអ្នកបកប្រែឲ្យខាងក្រុមហ៊ុនចិនY.D ត្រង់ចំណុចការដ្ឋានគីឡូម៉ែត្រ១៣៥ ដល់គីឡូម៉ែត្រ១៤២ បានបញ្ជាក់ថា ក្រុមហ៊ុន អ៊ីង ស៊ុង កូរ៉េ បានព្យាយាមសម្របសម្រួលអោយពួកគាត់ដែរដើម្បីឲ្យក្រុមហ៊ុនចិន Y.D បន្តដំណើរស្ថាបនាលើផ្លូវ៤៨ នេះ តែខាងក្រុមហ៊ុនហ៊ុន មិនអាចដំណើរបានដោយសារគ្មានទូរទាត់ប្រាក់ពីក្រុមហ៊ុន អ៊ីង ស៊ុង។
គួរបញ្ចាក់ថាកន្លងមកក្រុមហ៊ុនចិន Y.D បានផ្ញើរលិខិតមកកាន់ក្រុមហ៊ុន អ៊ីង ស៊ុង មិនឲ្យខាងក្រុមហ៊ុនបើកលុយអោយខាងបុគ្គលណាដាច់ខាត ដោយលុយនៅសល់ត្រូវបើកអោយគាត់ជាកំហិត ការធ្វើបែបនេះ ហេតុនេះ ទើបក្រុមពួកគាត់សម្រេចបិទមិនឲ្យគ្រឿងចក្រដំណើរការជាបណ្ដោះអាសន្ន ដោយរង់ចាំការដោះស្រាយគ្នាសិន មួយវិញទៀតការដែលពួកគាត់បិទគ្រឿងចក្រនៅចំណុចខាងលើនេះ ដោយសារការដ្ឋាននេះនៅមានការពាក់ព័ន្ធរឿងទូទាត់សំណង និង បើកប្រាក់ខែដល់ក្រុមពួកគាត់។ ក្រោយការចុះផ្សាយមក ខាងភាគីក្រុមហ៊ុន អីង ស៊ុង កូរ៉េ មិនបានបកស្រាយអ្វីនៅជុំវិញបញ្ហាខាងលើឡើយ ដោយតំណាងក្រុមហ៊ុនត្រឹមតែបញ្ជាក់ថា រងចាំឆ្លងមេធំខាងលើសិន។
ក្រោយបិទគ្រឿងចក្រមិនឲ្យដំណើរការអស់រយៈពេលប្រហែលមួយម៉ោងមក ឃើញថា តំណាងក្រុមហ៊ុន អ៊ីង ស៊ុង កូរ៉េ បានប្តឹងសមត្ថកិច្ចប៉ូលីសក្រុងខេមរភូមិន្ទ អោយហៅក្រុមកម្មករ និងក្រុមគ្រឿងចក្រទាំងនោះ ទៅធ្វើការដោះស្រាយ តែលទ្ធផលយ៉ាងណានៅពុំទាន់អាចបញ្ជាក់បាននៅឡើយ ដោយក្រុមកម្មករ និងក្រុមគ្រឿងចក្រនៅតែលើកឡើងថា បើមិនមានដំណោះស្រាយសមស្របពួកគាត់នៅតែបន្តបិទគ្រឿងចក្រមិនឲ្យដំណើរស្ថាបនាផ្លូវត្រង់ចំណុចមានទំនាស់នេះដាច់ខាត។
ជុំវិញព័ត៌មាននេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីក្រុមហ៊ុនអ៊ីង ស៊ុង( ILSUNG-HANIL) បាននៅឡើយទេហួសដល់ម៉ោងផ្សាយនេះដោយមិនមានលេខទំនាក់ទំនង៕SRP