ខេត្តកំពង់ចាម៖ក្នុងពេលជួបសំណេះសំណាល ជាមួយកងកម្លាំងបោសសំអាត គ្រាប់យុទ្ធភ័ណ និងកាកសំណល់សង្គ្រាម ដែលកំពុងបំពេញ បេសកកម្ម ស្រង់យកគ្រាប់យុទ្ធភ័ណ មិនទាន់ផ្ទុះ នៅក្នុងទន្លេមេគង្គ សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការងារបោសសម្អាតមីន
ជាការងារមួយ ដែលរាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមីនកម្ពុជា និងប្រតិបត្តិការ សកម្មភាពមីនជាតិ និងអន្តរជាតិ បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ដើម្បីរំដោះផ្ទៃដី ដែលមានមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ តាមរយៈយកដីទាំងនោះ ទៅប្រកបរបរកសិកម្ម។
បេីតាមរបាយការណ៍ របស់ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ គ្រាប់យុទ្ធភណ្ឌ ដែលកម្លាំងជំនាញ ប្រមូលបាន សរុបជាង៨តោន ក្នុងនោះរួមមាន
១-គ្រាប់មិនទាន់ផ្ទុះ ទំហំ៦០-១០៥មីលីម៉ែត្រ ចំនួន៧២២គ្រាប់។
២-គ្រាប់ប្រភេទតូច (ប្រភេទកាំភ្លេីងដៃ និងកាំភ្លើងយន្ត)ចំនួន៥៤,៩២៥គ្រាប់។
សរុបរួមមានចំនួន៥៥,៦៩៧គ្រាប់ ដែលត្រូវបានរុករកឃេីញ នៅក្នុងឃ្លុបទី១ និងនៅសល់៣ឃ្លុបទៀត ដែលត្រូវយកចេញជាបន្តបន្ទាប់។ កម្លាំងជំនាញ ក៏បានរកឃើញ វត្ថុតាង រួមមាន មួកដែក កាំបិតកងទ័ព ស្លាកឈ្មោះរបស់កងទ័ព បំណែកឆ្អឹងក្បាល ឆ្អឹងជើង ននិងសម្ភារផ្សេងៗមួយចំនួនផងដែរ។
សូមជម្រាបថាពិធីនេះ ធ្វើនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែកុម្ភៈ ព្រឹកមិញ នេះដោយមានការចូលរួមពី លោក ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត៕SRP

