ខេត្តបាត់ដំបង៖កាសុីណូហ្គោលខាសល្យ GOLD CASTLE បានបើកដៃឱ្យប្រជាពលរដ្ឋខ្មែរចូលទៅលេងល្បែងដោយសេរីផ្ទុយពីលិខិតអនុញ្ញាតរបស់ក្រសួងពាក់ព័ន្ធ។
ទីតាំងកាសុីណូហ្គោលខាសល្យខាងលើស្ថិតនៅត្រង់ចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពពីពលរដ្ឋបានអោយទៀតថា ពួកគាត់សង្កេតឃើញមានអ្នកចូលទៅលេងចាប់ថ្ងៃរសៀលរហូតដល់យប់សុទ្ធសឹងជាជនជាតិខ្មែរ។
ប្រភពពីអ្នកដែលញៀនល្បែងចូលលេងនៅកាសុីណូបានលួចបង្ហើបថា ទីតាំងខាងលើមានបើកលេងល្បែងគ្រប់ប្រភេទដូចជា ជល់មាន់ យូគី អាប៉ោង បៀរជាច្រើនប្រភេទ ដោយការចូលទៅលេងមានគេចាំយកថ្លៃកៅអីជាស្រេចនៅច្រកមាត់ទ្វារចូលតែម្តង។
ពាក់ព័ន្ធករណីនេះលោកសុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក បានថ្លែងតាមទូរស័ព្ទប្រាប់អ្នកយកព័ត៌មាននៅរសៀលថ្ងៃទី២៨ខែសីហាថា បញ្ហារឿងកាសុីណូហ្គោលខាសល្យ មានលួចបើកលេងល្បែងស៊ីសងនោះ លោកពុំបានដឹងនោះទេ។ លោកថាពុំមានសិទ្ធអនុញាតបើកអោយមានលេងល្បែងដែរ រួចក៏បានបិទទូរស័ព្ទថារវល់ជាប់ប្រជុំ។
ប្រជាពលរដ្ឋបានបន្ថែមថាចាប់តាំងពីមានការស៊ីណូកូខាងលើមក នៅក្នុងមូលដ្ឋានរបស់ពួកគាត់តែងតែកើតមានអំពើចោរកម្មជាញឹកញាប់ ធ្វើឲ្យពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសន្តិសុខរស់នៅ។ ដូច្នេះពួកគាត់សុំសំណូមពរដល់អាជ្ញាធរសមត្ថកិច្ចរដ្ឋបាលខេត្តជួយចាត់វិធានការទៅលើកាស៊ីណូហ្គោលខាសល្យ ផងទាន!៕SRP