កូនប្រសារបានរត់គេចខ្លួនក្រោយប្រើអំពើហិង្សាលើអតីតឪពុកក្មេកដោយកាប់ប្រហារបណ្ដាលឲ្យរបួស។
ករណីនេះបានកើតឡើងនៅវេលម៉ោង១១ និង១០នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចចំការដំឡូងសោងសាង ស្ថិតក្នុងភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។
មន្ត្រីជំនាញខេត្តព្រះវិហារបានប្រាប់ថា ជនសង្ស័យ
ឈ្មោះ គ្រឿង ចយ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅចំការសោងសាង ក្នុងភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន។ ចំណែកជនរងគ្រោះ ឈ្មោះ សៅ សោន ភេទប្រុស អាយុ៦២ ឆ្នាំរស់នៅភូមិគោក ឃុំស្អាង ស្រុកជ័យសែន។
មន្ត្រីនិយាយថាជនបង្កបានយកដាវសាមរ៉ៃ កាប់ទៅលើជនរងគ្រោះ បណ្ដាលរងរបួសបាក់ឆ្អឹងខ្មងជើង។
មូលហេតុ មុនពេលកូនលែងលះគ្នា នៅសល់ដំណាំដំឡូង២០រង ក្រោយលែងបានជិត១ឆ្នាំ ជនសង្ស័យបានមកដកដំឡូងដែលនៅសល់២០រង បន្ទាប់មកឪក្មេកខាងស្រី ដែលលែងលះគ្នា ក៏បានទៅប្រាប់កូនប្រសារថា បើលែងលះគ្នាដំឡូងដែលនៅសល់២០រង ទុកអោយកូនទៅ ប៉ុន្តែកូនប្រសាររូបនោះ មិនព្រមអោយក៏បានឈ្លោះប្រកែកគ្នាតែម្ដង។
បើតាមមន្ត្រីប្រាប់ថាករណីនេះ ជនបង្កបានរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាពរួច សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។ ចំណែកជនរងក្រោះ ត្រូវបានគេបញ្ជូនទៅមណ្ឌលសុភាពស្អាង និងបានបញ្ជូនបន្តរមកមន្ទីរពេទ្យ១៦ មករា ខេត្តព្រះវិហារ៕ដោយនាគខៀវ