Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជាប្រធាន​គណៈកម្មការ​ខេត្តប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​ នៅព្រឹក​មិញនេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ ស្ថានភាព​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ នូវ​ភូមិ​ថ្មី​ ខ​ ឃុំ​រកាគយ​ ស្រុកកងមាស​ និង​ភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ បន្ទាប់ពី​រកឃើញប្រជាពលរដ្ឋ​ខ្មែរ​ឆ្លងជំងឺកូវីដ-១៩ តាម​រយៈ​ព្រឹត្តិការណ៍២០កុម្ភៈ​។

លោកអ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ បន្ទាប់​ពី​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ​-១៩​ នៅ​ស្រុក​កងមាស​ ចំនួន​២នាក់​ និងនៅ​ស្រុកស្រីសន្ធរ​ ៨នាក់​ ដោយ​មាន​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ប្រយោល​ជា​ច្រើន​នាក់​ផង​នោះ​ អាជ្ញាធរបាន​សម្រេច​ធ្វើ​​ការ​បិទខ្ទប់​ភូមិ​ ដេីម្បី​ធ្វើ​ចត្តាឡីស័ក​​ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​​ ដាក់​បារ៉ាស​​យាម​ទាំង​ចុង​ភូមិ​ និង​ដេីម​ភូមិ​ ​មិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វេី​ដំណើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ ឬឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ក្នុង​រយៈពេល​១៤ថ្ងៃ​ ​ប្រសិនជា​គ្មាន​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ទេនោះ​ គឺត្រូវ​បេីក​ឲ្យ​ធ្វើ​ដំណើរ​ជាធម្មតា​​ឡើង​វិញ​មិនខាន​ ។

អភិបាលខេត្តក៏បាន​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​​មួយ​ចំនួន​ ដោយតម្រូវ​ឲ្យ​អាជ្ញាធរ​រៀបចំ​ចង​ខ្សែ​ជា​សញ្ញា​ និងមាន​សរសេរ​អក្សរ​​ហាមឃាត់​​ ដាក់​កាត់​ទទឹង​មុខ​ផ្ទះ​​ ទាំង​សងខាង​ផ្លូវ​ក្នុង​ភូមិ​ ឲ្យ​បាន​គ្រប់ៗ​ផ្ទះ​ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​​អនុញ្ញាត​ឲ្យ​ធ្វេី​ដំណើរ​ឆ្លងកាត់​ ប៉ុន្តែ​មិន​ត្រូវអនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ ឬចូល​ទៅក្នុង​ភូមិនោះ​ទេ​ ដោយឡែក​តម្រូវ​ការ​ម្ហូបអាហារ​ប្រចាំថ្ងៃ​​ អាជ្ញាធរ​អាច​ប្រើប្រាស់​វិធី​២យ៉ាង​ គឺទី១-ត្រូវ​​បង្កើត​ឲ្យ​មាន​កន្លែង​សម្រាប់លក់ដូរ​ត្រីសាច់បន្លែ​​​នៅ​ក្បែរៗទី​នោះ​ ហើយ​​អនុញ្ញាត​ឲ្យ​មនុស្ស​​តែ​ម្នាក់ទេ​ក្នុង​១គ្រួសារ​ សម្រាប់​ចេញ​មក​ទិញ​ស្បៀង​អាហារ​ និង​ក្នុង​១សប្តាហ៍​ អនុញ្ញាត​ឲ្យ​បានយ៉ាង​ច្រើន​៣ដង​ប៉ុណ្ណោះ​ ​ដោយ​អាជ្ញាធរ​ត្រូវ​ចេញ​កាត​សម្គាល់​ឲ្យ​ជា​បន្ទាន់​សម្រាប់​ប្រេីប្រាស់​ ។ ទី២-ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​លក់ដូរ​ចល័ត​ តាម​រម៉ក​ម៉ូតូ​ ឬ​យានជំនិះ​អ្វី​ផ្សេង​ ចូល​ទៅ​ក្នុង​ភូមិ​ ប៉ុន្តែ​ត្រូវ​​ណែនាំ​​​ឲ្យ​អ្នក​លក់ដូរ​ទាំងអស់​ ត្រូវ​ពាក់ម៉ាស​ ពាក់​របាំងមុខ​ការពារ​ និង​ប្រេីប្រាស់​ស្រោមដៃ​ ព្រមទាំង​ប្រេីប្រាស់​ទឹក​អាកុល​សម្រាប់​លាង​សម្អាត​ជាប្រចាំ​ផងដែរ​ ។

អភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​​ ត្រូវ​ពិនិត្យ​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​​ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ដំណើរមកពី​តំបន់​ប្រឈម​ ដែល​មាន​ដូចជា​ ​រាជធានី​ភ្នំពេញ​ តាខ្មៅ​ ប៉ោយប៉ែត​​ និង​កំពង់សោម​ជាដើម​ គឺ​ត្រូវ​ប្រេីប្រាស់​ឧបករណ៍​ពិសេស​ ​ពិនិត្យ​តាមដាន​​រោគសញ្ញា​វិជ្ជមាន​​​ជា​បន្ទាន់​​ ហើយ​​ត្រូវ​យក​ទៅ​ធ្វើ​ចត្តាឡីស័ក​។ ដោយ​ឡែក​ប្រជាពលរដ្ឋ​ ដែល​មក​ពី​តំបន់​មិន​មាន​ការ​ប្រឈមទេនោះ​ គឺ​ត្រូវ​អនុវត្ត​ធ្វើ​​ចត្តាឡីស័ក​ដូចគ្នា​ ប៉ុន្តែ​ត្រូវ​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​រៀងៗខ្លួន​វិញ​។ ចំពោះ​អ្នក​ដែលបំពាន​វិធានការ​សុខាភិបាល​ នឹង​ត្រូវ​អនុវត្ត​តាម​នីតិវិធី​​​ច្បាប់​ជាធរមាន​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២១

ខេត្តកំពង់ចាម​៖សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ បានផ្ដល់អំណោយ ជូនដល់ប្រជាពលរដ្ឋ​ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​សំបែង​ ចំនួន​៧២គ្រួសារ​ នៅ​ក្នុង​ឃុំ​ស្រក​ ស្រុកកំពង់សៀម​។

ពិធី​ចែក​អំណោយ បាន​ធ្វេី​ឡើងថ្ងៃ​ទី​២៤​ ខែមេសា​ ព្ព្រឹកមិញនេះក្រោម​វត្តមាន​ លោកវេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ និង​លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​។

លោក អ៊ុន​ ចាន់ដា​ បាន​ធ្វើ​ការ​ផ្តាំផ្ញេី​ដល់ប្រជាពលរដ្ឋ​ ឲ្យ​បង្កេីន​ការ​ប្រុងប្រយ័ត្ន​ នៅ​ពេល​មាន​​ភ្លៀង​ខ្យល់​ផ្គរ​រន្ទះ​ ព្រោះ​មាន​ហានិភ័យ​ខ្ពស់​ដែល​អាច​បង្ក​គ្រោះថ្នាក់​បាន​គ្រប់​ពេល​ ជាពិសេស​កូនចៅ​តូចៗ​ កុំ​ឲ្យ​ចេញ​ក្រៅផ្ទះ​ ឬ​នៅ​ទីវាល​។ អភិបាលខេត្ត​ ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ ត្រូវ​អនុវត្ត​តាម​វិធានការ​ ៣ការពារ​ ៣កុំ​។

លោក វេង​ សាខុន​ បាន​វាយតម្លៃ​ខ្ពស់​ និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្តកំពង់ចាម​ ដែល​បាន​ធ្វើ​ការ​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យ​មាន​ការ​រីកចម្រើន​ជា​បន្តបន្ទាប់​​ និង​បម្រើ​ប្រជាពលរដ្ឋ​យ៉ាង​រស់រវើក​ និង​ទាន់​ពេលវេលា​ ដូច​ក្នុង​ឱកាស​នេះ​។ រដ្ឋមន្ត្រី​ ក៏​បាន​ផ្តាំផ្ញេី​ដល់​ពលរដ្ឋ​ ឲ្យ​យក​ថវិកា​ ដែល​ទទួល​បាន​ក្នុង​ការ​ឧបត្តម្ភ​នេះ​ ទៅ​ទិញ​សម្ភារ​ កសាង​លំនៅឋាន​ឡើង​វិញ​ ហើយ​បន្ត​មុខរបរ​បង្កបង្កើនផល​ឡើង​វិញ​ ផងដែរ​។

គួរ​បញ្ជាក់​ថា​ អំណោយមនុស្សធម៌​របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៧០គ្រួសារ ដោយ​​មាន​អង្ករ​ មី​ ទឹក​ត្រី​ ស៊ីអ៊ីវ​ ត្រីខ​ មុង​ ភួយ​ សារុង​ ក្រមា​ អាវ​ និង​ថវិកា​មួយ​ចំនួន​​តាម​ទំហំ​នៃ​ការ​ខូចខាត​ ដែល​មាន​កំរិត​ធ្ងន់​ និង​ស្រាល​​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២១

ខេត្តកំពង់ចាម៖ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ខេត្តកំពង់ចាម ចំនួន៤០ នាក់ បានស្ម័គ្រចិត្តទៅជួយព្យាបាល និងមើលថែទាំអ្នកជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យរាជធានីភ្នំពេញ នឹងដើម្បីរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០-កុម្ភៈ នៅកម្ពុជា។

ការស្ម័គ្រចិត្តនេះ នៅរសៀលថ្ងៃទី២៣ ខែមេសាម្សិលមិញ តាមរយ:លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានបញ្ជូន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅរាជធានីភ្នំពេញ។

សូមជម្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទាំង៤នាក់ បានអញ្ជើញទៅដល់គោលដៅ នៅរាជធានីភ្នំពេញ ដោយសុវត្ថិភាពហើយ។

«អង្គភាពគេហទំព័រសៀមរាប​ប៉ុស្តិ៍​» សូម​ជូនពរ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខាងលើ ដែលជាកងទ័ពអាវស ដ៏អង់អាចក្លាហាន សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងទទួលបានជោគជ័យ ក្នុងបេសកកម្ម ដ៏ឧត្តុង្គឧត្តមនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២១

ខេត្តកំពង់ចាម​៖ប៉ូលិសស្រុក​ព្រៃឈរ បានចាប់ខ្លួនជនជាតិ​ចិន​ ចំនួន​៥​នាក់ បន្ទាប់​ពី​ធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ។
ការចាប់ខ្លួនធ្វើឡើងនៅ​វេលា​ម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមេសា ម្សិលមិញ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងភូមិ ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ដោយកម្លាំងជំនាញផែនការងារ អន្តោប្រវេសន៍អធិការដ្ឋាននគរបាល ស្រុកព្រៃឈរ។

សមត្ថកិច្ចបានឲ្យដឹងថាជនជាតិចិនទាំង៥នាក់
1. ឈ្មោះ PANG SHENG WEN ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 14-12-1988 ( ចូលមក ប្រទេស កម្ពុជា ក្នុង ខែ 3 ឆ្នាំ 2018)

2. ឈ្មោះ GONG HAN RUI ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 28-07-1995

3. ឈ្មោះ PENG CHAO ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 8-9-1995

4. ឈ្មោះ YONG SHEAG FOOG ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 15-12-1995

5. ឈ្មោះ WANG DANG ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 14-07-1997។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ អ្នកទាំង៥នាក់នេះ បានធ្វើដំណើរ មកពីរាជធានី ភ្នំពេញ តាមរយៈរថយន្តតាក់ស៊ី ( មិន ស្គាល់ ស្លាក លេខ និង ពណ៌ រថយន្ត ) ដែលរថយន្តនោះ មិត្តភក្កិ ដែលជាជនជាតិចិនដូចគ្នា រស់នៅខេត្តកំពង់ចាម ( មិន ស្គាល់ឈ្មោះ ) ជាអ្នករៀបចំឲ្យធ្វើដំណើរ ចេញពីភ្នំពេញ កាលពី​ព្រឹក ថ្ងៃ២៣ ខែមេសា នេះ ហើយមកដល់ចុះនៅចំណុចស្តុប ផ្សារព្រៃទទឹង នៅវេលាម៉ោង ៩ ព្រឹក និងដើររកទិញ ចំណីហូប បន្ទាប់មក ក៏ទាក់ទងមិត្តភក្ដិមិនបាន រួចពួកគេទាំង ៥នាក់ ខាងលើ បានមកសម្រាកនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង តែម្ដង។ គោលបំណង ដើម្បី មកលេង មិត្តភក្ដិ ដែលជាជនជាតិចិនដូចគ្នា រស់នៅខេត្តកំពង់ចាម។

ជាមួយគ្នានេះដែរ នគរបាល​ខេត្តកំពង់ចាម​ បានកំពុងធ្វើ​ការ​ស្រាវជ្រាវ​រក​រថយន្ត​ដែល​បាន​ដឹក​ជនជាតិ​ចិនទាំង​៥​នាក់​ផងដែរ។

សូមជម្រាបថាជនជាតិចិនទាំង៥នាក់ មិនមាន លិខិតឆ្លងដែននោះទេ ក្រោយឃាត់ខ្លួន​សាកសួររួច​អាជ្ញាធរ​​ស្រុក សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​បាន​ធ្វើ​តេស្ត​ពិនិត្យ​ ដោយ​លទ្ធផល​អវិជ្ជមានកូវីដ-១៩ ក៏បញ្ជូនទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម  នៅរសៀលថ្ងៃទី២២ខែមេសាម្សិលមិញបានអញ្ជើញ ចុះ ពិនិត្យស្ថានភាពជាក់ស្ដែងដល់លំនៅឋានរបស់ស្ត្រីឈ្មោះ ខៀវ ដាឡៃ អាយុ២៨ឆ្នាំជាមន្ត្រីស្ម័គ្រចិត្ត នៅមណ្ឌលសុខភាពសំបូរ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ បន្ទាប់ពីរកឃើញវិជ្ជមានកូវីត-១៩ដោយមានមនុស្ស៨នាក់ បានប៉ះពាល់ដោយផ្ទាល់ និង១៨នាក់ ប៉ះពាល់ដោយប្រយោល។

ក្នុងដំណើរអញ្ជើញចុះពិនិត្យនេះលោកអ៊ុនចាន់ដា បានណែនាំដល់មន្ត្រីពាក់ព័ន្ធឲ្យក្តាប់មុខសញ្ញាដែលប៉ះពាល់ដោយប្រយោល និងដោយផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ -១៩ ដើម្បីជំរុញការធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ក្នុងនោះអាជ្ញាធររួមនឹងមន្ត្រីពាក់ព័ន្ធត្រូវពិនិត្យនិងតាមដានឲ្យបានជាប់ជាប្រចាំដើម្បីជួយឧបត្ថម្ភ គាំទ្រដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះអភិបាលខេត្ត ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយស្ត្រីខាងលើត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែក  ដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ក្នុង នោះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ជាពិសេស មិត្តភ័ក្រ្តដែលធ្លាប់ប្រាស្រ័យ ទាក់ទង ជាមួយនឹងអ្នកជំងឺរូបនេះ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋដែលមានហានិភ័យខ្ពស់ ត្រូវតែអនុវត្តយ៉ាងម៉ឹងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ឲ្យចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ។

គួរបញ្ជាក់ថានៅថ្ងៃទី២២ ម្សិលមិញ នេះ បន្ទាប់ពីរដ្ឋបាលខេត្តបានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ លើស្ត្រី ខាងលើនេះ អភិបាលខេត្ត ក៏បានចាត់ឲ្យមន្ទីរសុខាភិបាល ស្រាវជ្រាវរកអ្នកដែលប៉ះពាល់ ជាមួយ ករណីនេះ ដោយបានបញ្ជូនអ្នកដែលបានប៉ះពាល់ដោយផ្ទាល់មកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធដោយប្រយោលត្រូវបានណែនាំឲ្យធ្វើ ចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវមណ្ឌលសុខភាពសំបូរ ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ដោយមានការពាក់ព័ន្ធផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២១

ខេត្តកំពង់ចាម៖អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ឲ្យ ក្តាប់មុខសញ្ញាដែលប៉ះពាល់ ដោយប្រយោល និងដោយផ្ទាល់ ជាមួយ អ្នក វិជ្ជមាន កូវីដ -១៩ ដើម្បី ធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ដោយត្រូវពិនិត្យ និងតាមដានឲ្យបានជាប់ជាប្រចាំ ដើម្បីជួយឧបត្ថម្ភ គាំទ្រដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ឲ្យ បានទាន់ពេលវេល។

ការ ជំរុញ យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធករណីកម្មករ កម្មការីនី ប៉ះពាល់នឹងអ្នក វិជ្ជមាន កូវីដ-១៩ នាព្រឹក ថ្ងៃ ទី ២២ ខែមេសា ឆ្នាំ ២០២១ នៅ សាលា ស្រុក ស្រីសន្ធរ ។

ថ្លែង ក្នុងកិច្ចប្រជុំនេះ អ៊ុន ចាន់ដា បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធករណីកម្មករ កម្មការីនី ប៉ះពាល់នឹងអ្នក វិជ្ជមាន កូវីដ-១៩ រស់នៅស្រុកពារាំង ខេត្តព្រៃវែង មកធ្វើការ នៅរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល នោះ លោក បានចាត់ឲ្យរដ្ឋបាលស្រុក សហការជាមួយមន្ទីរសុខាភិបាល នាំយកកម្មករ កម្មរិនី ដែលពាក់ព័ន្ធ និងប៉ះពាល់ដោយផ្ទាល់ រស់នៅក្នុងស្រុកស្រីសន្ធរ ចំនួន៩នាក់ ឲ្យ មកយកសំណាកទៅពិនិត្យ និងនាំយកមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត និងបន្តស្រាវជ្រាវ អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និនិងដោយប្រយោផងដែរ។

អភិបាលខេត្ត ក៏បានណែនាំដល់ អាជ្ញាធរ ពាក់ព័ន្ធ ត្រូវ បន្តពង្រីកការអនុវត្តន៍វិធានសុខាភិបាល និងពង្រីកការគ្រប់គ្រងកម្មករ កម្មការីនី ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដោយត្រូវរង់ចាំលទ្ធផលសំណាក អ្នកដែលពាក់ព័ន្ធ នៅថ្ងៃ២៣ ខែមេសា ឆ្នាំ២០២១ ។ ក្នុង នោះ មន្ត្រីសុខាភិបាល ត្រូវសហការជាមួយអាជ្ញាធរស្រុក ស្រាវជ្រាវ និងនាំយកអ្នកពាក់ព័ន្ធនឹងអ្នកសង្ស័យដោយផ្ទាល់ ឬដោយប្រយោលឲ្យធ្វើចត្តាឡីស័ក ជា បន្ទាន់ ។ ជាពិសេស ត្រូវណែនាំដល់គណៈអាជីវករ ក៏ដូចជា អាជីវករ នៅតាមផ្សារនានា ត្រូវរៀបចំជាប្រដាប់វាស់កំដៅ អាកុលលាងដៃ និងពាក់ម៉ាស ឲ្យ បានជាប់ជាប្រចាំ។

គួរបញ្ជាក់ថា នៅស្រុកស្រីសន្ធរ រកឃើញករណីកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ចំនួន០៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ក្នុង នោះរដ្ឋបាលស្រុក បានរៀបចំមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុក ចំនួន០២កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កចំនួន៦០នាក់ ផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​ថ្លែងអំណរ​ព្រះគុណ​ ចំពោះ​ព្រះនាគមុនីមេគណខេត្តកំពង់ចាម​​ និង​សប្បុរសជន​នានា​​ ជាពិសេស​ លោក រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ ដែល​បាន​គាំទ្រ​​ជួយ​ឧបត្ថម្ភ​ ទាំង​ថវិកា​ និងផ្នែកសម្ភាជូន​ដល់គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​។

លោកបានបន្តថាអំណោយទាំងនេះ ជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ហើយ​ក៏ជាការជួយរំលែកទុក្ខលំបាក​ ការខ្វះខាត របស់បងប្អូន​ពលករ​ចំណូល​ស្រុក​ ក៏ដូចជា​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​។

លោកថ្លែងអរគុណ ក្នុងពេលអញ្ជើញទទួលសម្ភារនិងថវិកា របស់សប្បុរសជន នៅសៀល​ថ្ងៃ​ទី​២១​ ខែមេសា​នេះ។

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​ប្រគល់​ និងទទួល​អំណោយ​នេះ​ ដោយព្រះសីលសំវរ​ ប៊ត​ តាំងឆេង​ ព្រះនាគមុនីមេគណខេត្តកំពង់ចាម​ បានដឹកនាំកៀងគរ​ និង​ឧបត្ថម្ភ​ ទឹកក្រូច​ ចំនួន​៣០កេស​ ទឹកបរិសុទ្ធ​ ២០០កេស​និង​៥០០យួរ​។

លោក​ នួន​ គងសល្យ​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ចាម​ បាននាំយក​អំណោយរបស់​ ​លោកសាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ និង​លោកជំទាវ​ ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្លួន​ ចំនួន​៣ពាន់​ដុល្លារ​អាមេរិក​។ ​លោកស្រី​ លាង​ ស្រ៊ី​ ឧបត្ថម្ភ​ មី៣០កេស​ ទឹកបរិសុទ្ធ​ ៣០កេស​ និង​ម៉ាស​ចំនួន​២៥០០ម៉ាស​។ លោកស្រី​ ចាន់​ គឹមហេង​ និង​ក្រុម​គ្រួសារ​ ឧបត្ថម្ភ​ ថវិកា​​ផ្ទាល់​ខ្លួន​ ចំនួន​២លានរៀល​។ លោក​ គឹម​ ហេង​ និង​លោកស្រី​ ឧបត្ថម្ភ​ មីចំនួន​ ៤កេស​ធំ​ ទឹក​បរិសុទ្ធ​៥០កេស​ និង​ម៉ាស​ចំនួន​៣កេស​ធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ខេត្តកំពង់ចាម៖នគរបាល ស្រុកកំពង់សៀម ដឹកនាំដោយ លោក ឯក វ៉ាន់ដន សហការ ជាមួយនគរបាល ស្រុកកោះសូទិន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១ បានឃាត់ខ្លួនបុរស ០២នាក់ ពាក់ព័ន្ធនឹងករណីលួចគោ ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៣ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២១ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទី១.ឈ្មោះ វុធ ស៊ីណាត អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ២.ឈ្មោះ ម៉ាត់ សុក្រី អាយុ ៣៩ឆ្នាំ សញ្ជាតិខ្មែរឥស្លាម មុខរបរ ដឹក និងទិញលក់សត្វគោ មានទីលំនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រួមមាន÷ ម៉ូតូសណ្តោងររ៉ឺម៉ក ពណ៌ស្លឹកឈើចាស់ គ្មានស្លាកលេខ ១គ្រឿង។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ការលួចគោទាំង ០៣ករណីនេះ គឺជនសង្ស័យបានយកទៅលក់នៅភូមិស្រែសៀម ឃុំជីរោន៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឲ្យមនុស្សប្រុសម្នាក់ មានវ័យប្រហែល ៤០ឆ្នាំ មិនស្គាល់ឈ្មោះ ក្នុងតម្លៃគោ ១ក្បាល ចំនួន ៤.០០០.០០០រៀល ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានជំនាញនាំមកកាន់អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ខេត្តកំពង់ចាម​៖ការ​កែលម្អ ​អតីតសណ្ឋាគារ​មេគង្គ​ ​ទៅ​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ​ក្នុង​ក្របខ័ណ្ឌ​​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​ សម្រេចបាន៨០%​ហើយ។

ក្នុងដំណើរចុះត្រួតពិនិត្យ នៅព្រឹកមិញនេះ លោកអ៊ុន ចាន់ដា បាន​ណែនាំ​ដល់​មន្ត្រីជំនាញពាក់ព័ន្ធ​​ ដែល​កំពុង​ធ្វើ​ការ​​​កែលម្អអតីត​សណ្ឋាគារ​មេគង្គ​ ធ្វេីយ៉ាងណា​ត្រូវ​ពន្លឿន​ការងារ​នេះ​ឲ្យ​បាន​ឆាប់​រួចរាល់​ ទាំង​មាន​គុណភាព​ និង​សោភណភាព​​ ​ក្នុងនោះ​ត្រូវរៀបចំ​បន្ទប់​សម្រាប់​បុគ្គលិក​ពេទ្យ​ប្រចាំការ និង​បន្ទប់​សម្រាប់​​អ្នក​ជំងឺ​ ដោយមានការ​រៀបចំ​បណ្តាញ​ទឹក​ និងភ្លើង​ថ្មីឡេីងវិញ​ ព្រមទាំង​​សំអាត​បរិស្ថាន​ក្នុង​អគារ​ និង​ទីធ្លានៅ​ខាង​ក្រៅ​​​ ឲ្យ​បាន​ស្អាត​​ល្អ​ ដេីម្បី​ប្រែ​ក្លាយ​សណ្ឋាគារ​មេគង្គ​នេះ​ ឲ្យ​ក្លាយ​​ទៅ​ជា​មន្ទីរពេទ្យ​ ប្រកប​ដោយ​ជំនឿ​និង​ការជឿ​​ទុកចិត្ត​ សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ជូនប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ។

គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​ព្រឹត្តិការណ៍​២០កុម្ភៈ​ បានរីក​រាលដាល​ដល់​ខេត្តត្បូងឃ្មុំ​ និង​​ខេត្តកំពង់ចាម​សម្តេច ហ៊ុន​ សែន​ បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្តកំពង់ចាម​ ឲ្យ​យក​ទីតាំង​ធ្វើ​ចត្តាឡីស័ក​នៃសណ្ឋាគារ​មេគង្គ​ ដែល​មានចំនួន​៧១បន្ទប់​ ធ្វើ​​ជា​មន្ទីរពេទ្យ​ សម្រាប់​ព្យាបាល​ អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​-១៩​។ ដោយឡែកពលករ​​ចំណូល​ស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ នៅក្នុង​សណ្ឋាគារ​មេគង្គនេះ​ ត្រូវ​បញ្ជូន​​ទៅ​ធ្វើ​ចត្តាឡីស័ក​បន្ត​ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម​វិញ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២១

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ បាន​នាំយក​អំណោយ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បកបោក​ ​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​សំបែង​ ចំនួន​៤០ខ្នង​ នៅភូមិត្រពាំងឫស្សី ឃុំជយោ និងភូមិថ្នល់បែក ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ​ កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។​

ពិធីធ្វើនៅថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ ដោយមាន​ការចូលរួម​ពី​ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា មន្ត្រីក្រុមប្រតិបត្តិ អនុសាខាស្រុក និងក្រុមការងារកាកបាទក្រហម​កម្ពុជា​ឃុំ​ផងដែរ​។

លោក អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។

លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នអោយបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការពារពីការឆ្លងនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ ” ៣ការពារ ៣កុំ និង ២ចូលរួម ” លេីសពី​នោះ​ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមសារណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់កុំអោយជម្ងឺកូវីដ-១៩ ដែលជាឃាតកគ្មានស្រមោល ដ៏កាចសាហាវនេះ ឆ្លងចូលដល់ក្នុងគ្រួសារ និងសហគមន៍យើងបានឡេីយ។

គួរ​បញ្ជាក់​ថា​ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៤០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឃីត ១ (មុង១ ភួយ១ សារុង១ ក្រមា១) អាវយឺត២។

ដោយឡែក ចំពោះអ្នកដែលខូចខាតធ្ងន់ ចំនួន ៤ គ្រួសារ ទទួលបានថវិកា ៣០០,០០០ រៀល – អ្នកដែលខូចខាតមធ្យម ចំនួន ៣គ្រួសារ ទទួលបាន ថវិកា ២០០,០០០ រៀល ហើយអ្នកខូចខាតស្រាល ចំនួន ២៩គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​រំលឹកដល់មន្ត្រី​ឲ្យ​​មាន​វត្តមាន​ធ្វើ​ការងារ​ឲ្យ​បាន​ពេញលេញ​ នៅកន្លែង​​ផ្តល់​សេវា​សាធារណៈ​ ជាពិសេស​អង្គភាព​ច្រក​ចេញ​ចូល​តែ​មួយ​​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​​ ទាំង​ចំនួន​មន្ត្រី​ និង​​ម៉ោង​ធ្វើ​ការងារ​ ធ្វេីយ៉ាងណា​ត្រូវ ជំរុញការ​ផ្ដល់​សេវា​ ​ឲ្យ​មាន​ប្រក្រតី​ភាព​​ ​និង​និរន្តរភាព​ ​ក្នុងការ​ផ្ដល់​សេវា​សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អប្រសើរ​។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា ការស្នើសុំបង្កើត បំបែកភូមិ លុបភូមិ ការកាត់ភូមិ និនិងការកំណត់ឈ្មោះភូមិនៅថ្ងៃ​ទី​១៩​ ខែមេសា​ ព្រឹកមិញនេះ។

ក្នុងកិច្ចប្រជុំ លោក អ៊ុន​ ចាន់ដា​ បាន​ទទួល​យក​ការ​ស្នើសុំ​របស់​រដ្ឋបាល​ក្រុង​-ស្រុក​ ទៅ​លើ​ការ​បំបែក​ភូមិ​ ចំនួន​៤១ភូមិ​ បង្កើត​ភូមិ​ថ្មី​ ៧​ភូមិ​ លុប​ភូមិ​ ៨​ និង​កាត់​ភូមិ​ ចំនួន​២​ សរុប​ស្មើ​នឹង​ ​​៥៨​ករណី​ ខណៈ​​ខេត្តកំពង់ចាម​មាន​ភូមិ​ ចំនួន​៩១៦ភូមិ​ ហើយ​កេីនឡេីង​ទៅ​ជា​ ៩៥៦ភូមិវិញ​ ដែល​តម្រូវ​ឲ្យ​ទីចាត់ការ​ផែនការ​ និង​វិនិយោគ​ រៀបចំ​នូវ​ឯកសារ​សំណើ​បូកសរុប​ ​រួម​ទាំង​ការ​កសាង​ផែនទី​រដ្ឋបាល​ភូមិ​នីមួយៗ​ និង​ពិនិត្យ​អក្ខរាវិរុទ្ធ​ឈ្មោះ​ភូមិ​ ​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ស្នេី​​ទៅ​ក្រសួង​មហាផ្ទៃ​ជា​បន្ទាន់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២១

ខេត្តកំពង់ចាម៖ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា ការស្នើសុំបង្កើត បំបែកភូមិ លុបភូមិ ការកាត់ភូមិ និនិងការកំណត់ឈ្មោះភូមិនៅថ្ងៃ​ទី​១៩​ ខែមេសា​ ព្រឹកមិញនេះ លោកអ៊ុន ចាន់ដា អភិបាលខេត្ត​​ បានព្រមានធ្ងន់ៗថា​ មន្ត្រី​ដែលបាន​ទៅ​រាជធានី​ភ្នំពេញ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​នេះ​ នៅពេល​​ត្រឡប់​មក​វិញ​ នឹង​តម្រូវ​ឲ្យ​អនុវត្ត​ធ្វើ​ចត្តាឡីស័ក​ ចំពោះ​ការ​ធ្ធេី​ដំណើរវិញ​ គឺ​ត្រូវ​​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង​ ហើយ​បេី​បានមក​ដល់​ខេត្ត​វិញ​​ដោយ​ជោគជ័យ​ ចាត់ទុក​ថាជា​សំណាងទៅចុះ​​ ប៉ុន្តែ​ប្រសិនជា​អត់​បានមក​ធ្វើ​ការ​ងារ​ ក្នុង​រយៈពេល​៣ថ្ងៃ​ជាប់ៗ​គ្នា​​នោះ គឺចាត់ទុក​ថា​មន្ត្រី​រូបនោះបាន​បោះបង់​ចោល​ការងារ​ នឹង​​ត្រូវ​​ស្នើ​សុំ​ឲ្យ​លុប​ឈ្មោះ​ចោល​ពី​ក្របខ័ណ្ឌការងារ​តែតែម្ដង។

លោកបាន​ថ្លែង​បន្តថា​ ការ​គ្រប់គ្រង​មន្ត្រី​រាជការ​ក្នុង​ពេលអនុវត្ត​វិធានការ​សុខាភិបាល​នេះ​ ​​នាយក​រដ្ឋបាល​ និង​អភិបាល​ក្រុង​-ស្រុក​ទាំង​អស់​ ត្រូវ​បន្ត​ពិនិត្យ​មេីល​មន្ត្រី​ ធ្វើយ៉ាងណាត្រូវ​ធានា​ថា​ គាត់​​មក​ធ្វើការ​ឲ្យ​បាន​​ទៀងទាត់​ពេលវេលា​ ដោយ​មិន​ត្រូវ​ប្រេីប្រាស់​​ហេតុផលថា​​កូវីដ​ ហេីយមិនបានមក​ធ្វើការ​នោះទេ​ ព្រោះ​ការជូន​ដំណឹង​កាត់បន្ថយ​មន្ត្រី​ធ្វើ​ការងារ​ ​ចំពោះ​មន្ត្រី​​ក្របខណ្ឌ​ក្រសួងតែ​ប៉ណ្ណោះ​ ដោយឡែក​​រដ្ឋបាល​នៅ​ថ្នាក់​ក្រោម​ជាតិ​ មិន​ទាន់​មាន​ការ​ណែនាំ​ឲ្យ​កាត់បន្ថយ​មន្ត្រី​នៅឡើយទេ​​​​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page51 Page52 Page53 … Page81 Next →
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
លោកទៀ សីហា៖ អង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ៥ ធ្នូ ២០២១
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
© 2026 srpostnew.com. All Rights Reserved!
×