Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២១

ខេត្តកំពង់ចាម៖ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ការ​រៀបចំ​​បេីកវិទ្យាល័យព្រះសីហនុ​ឡើងវិញ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ជំរុញ​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ធ្វើយ៉ាងណា​ក្នុង​រយៈពេល​៣ថ្ងៃ​ទៀត​ ត្រូវ​រៀបចំ​ដឹក​ជញ្ជូន​គ្រែ​ និង​សម្ភារ​ផ្សេងៗ​ ចេញ​ពី​សាលា​ឲ្យ​អស់​ ជាពិសេស​ត្រូវរៀបចំ​​សំអាត​បរិស្ថាន​ទាំង​ក្នុង​បន្ទប់​ និង​ទីធ្លា​ជុំវិញ​ខាង​ក្រៅ​សាលា​ ​លេីសពីនោះត្រូវ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ឲ្យ​បាន​គ្រប់សព្វទីកន្លែងផងដែរ។

លោកណែនាំបែបនេះនៅព្រឹក​មិញនេះ​ ក្នុងឱកាសចុះពិនិត្យ​ការ​រៀបចំ​បេីកសាលាវិទ្យាល័យព្រះសីហនុ​ ដេីម្បីឲ្យ​សិស្សានុសិស្ស​បាន​ចូលរៀនវិញក្នុងពេលឆាប់ៗនេះ។ អភិបាលខេត្ត​ ក៏បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​គណៈគ្រប់គ្រង​សាលា​​ ដេីម្បី​ប្រេីប្រាស់​តាម​តម្រូវការ​ចាំបាច់​ផ្សេងៗ​ ក្នុង​ដំណេីរការ​បេីក​សាលា​រៀន​នេះ។

​គួរ​រំលឹក​ផងដែរ​ថា កន្លងទៅនេះ​រដ្ឋបាលខេត្ត​កំពង់ចាម បានរៀបចំ​ឃ្លាំង​ពាណិជ្ជកម្ម ចំនួន​៣ទីតាំង​ ​សម្រាប់​ធ្វើជា​​មន្ទីរពេទ្យ​ពិនិត្យ​ព្យាបាល​ជំងឺ​កូ​វីដ-​១៩កម្រិត​ស្រាល​ និង​កន្លែង​សម្រាប់​ធ្វើ​ច​ត្រា​ឡី​ស័ក ដោយទីតាំងទី១-​ ​ឃ្លាំង​ពាណិជ្ជកម្ម​​ ស្ថិត​ក្នុងស្រុក​កំពង់សៀម គឺ​ត្រូវ​បានរៀបចំ​ ជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ​​ព្យាបាល​អ្នកជំងឺ​កូ​វីដ-​១៩​ កម្រិត​ស្រាល ដែល​អាច​ផ្ទុក​អ្នកជំងឺ​បាន​ក្នុង​រង្វង់​ជិត ១០០០​នាក់។ ទីតាំងទី២-​ ​​ឃ្លាំងនៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម ក្នុង​ក្រុង​កំពង់ចាម ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ដែលអាចដាក់​ប្រជាពលរដ្ឋ​ក្នុង​រង្វង់​ពី ៨០០ ទៅ ១០០០ នាក់ ។ និងទីតាំង​ទី៣-ឃ្លាំង​នៅក្នុង​ស្រុក​កងមាស ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ដែលអាចដាក់​ប្រជាពលរដ្ឋ ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​រង្វង់​ពី ៨០០ ទៅ ១០០០ នាក់​ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២១

ខេត្តកំពង់ចាម៖លោកកែវ នារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានអំនាវដល់យុវវ័យក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជ្រើសរើសយកផលិតផលណាដែលមានគុណភាពនិងស្របច្បាប់ ទទួលស្គាល់ដោយក្រសួងសុខាភិបាលពោលគឺត្រូវប្រុងប្រយ័ត្នកុំប្រើប្រាស់ផលិតផលក្លែក្លាយ ព្រោះវាអាចបណ្តាល ឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងស្បែករបស់យើង។

ថ្លែងយ៉ាងដូច្នេះក្នុងពិធីបើកសម្ពោធក្រុមហ៊ុន អ៊ីអេសអិនស៊ីប៊ីយូធី ឯ.ក នារសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។

លោកកែវ នារិទ្ធិ ក៏បានកោតសរសើរដល់ សមាជិ សមាជិការ ភាគីរបស់ក្រុមហ៊ុន ដែលជាកូនខ្មែរ មានទឹកចិត្តមោះមុត ពួតដៃគ្នា ក្នុងការបើកដំណើការ ក្រុមហ៊ុន អ៊ី អេសអិនស៊ី ប៊ីយូធី ឯ.ក នេះ ដោយស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អោយមានដំណើរការល្អប្រសើរទទួលបានលទ្ធផលជោគជ័យ។  លោកបានគូសបញ្ជាក់ផងដែរថា យុវជន យុវនារី នៅតាមបណ្តារប្រទេសជាច្រើន គឺកំពុងមាន ការវិវឌ្ឍន៍ខ្លាំង អំពីការការថែរក្សាសម្ពស្សនេះ។

លោកស្រី អេង សុខលី នាយិការក្រុមហ៊ុន អ៊ី អេស អិន ស៊ី ប៊ីយូធី ឯ.ក បានគូសបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនបើកដំណើរការមិនទាន់បាន១ឆ្នាំផង មានតំណាងចែកចាយចំនួនជាង២០០នាក់ នេះគឺជាសញ្ញា បញ្ជាក់ថា ក្រុមហ៊ុននេះបាននាំចូលនូវផលិតផលមានគុណភាពល្អពិតៗ និងមានច្បាប់ទំលាប់ត្រឹមត្រូវ។

លោកស្រី បានបញ្ជាក់ថា នៅពេលថ្មីៗនេះ ក្រុមហ៊ុនបានធ្វើតេស្តទៅលើផលិតផលចំនួន ៣មុខបន្តទៀត គឺ ១ហ្វូមលាងមុខ ទី២ ឡេលាបខ្លួន និងសេរ៉ូមជួយពន្យាភាពចាស់ ដោយត្រៀមនាំចូលក្នុង ពេលឆាប់ៗនេះផងដែរ។ ម្យ៉ាងទៀតក្រុមហ៊ុននឹងមានផែនការពង្រីកផ្សព្វផ្សាយអំពីផលិតផលអោយមាន វិសាលភាពធំទូលាយទូទាំងអាស៊ី និងបន្តស្វែងរកតំណាងចែកចាយគ្រប់តំបន់បន្ថែមទៀតត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២១

ខេត្តកំពង់ចាម​៖ស្រ្តីមេម៉ាយ​ទីទ័លលំបាក​ ឈ្មោះ សន វី អាយុ​៣៦ឆ្នាំ​ មានកូនប្រុសស្រី ៦នាក់ និងចៅស្រី​ ១នាក់​ ក្នុងបន្ទុក បន្ទាប់ពី​រងគ្រោះដោយ​អគ្គីភ័យ​ នៅភូមិដីលើ ឃុំ​ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទទួលបានផ្ទះ ១ខ្នងពីកាកបាទក្រហមខេត្តកំពង់ចាម។

ការដែលបានទទួល នៅថ្ងៃទី​១៦​ ខែតុលា​ ឆ្នាំ​២០២១​ ម្សិលមិញ ក្រោមវត្តមានលោកហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទកម្ពុជាខេត្ត និងលោកអ៊ុន​ ចាន់ដា​ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម។

អំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ ជាសម្ភារ គ្រឿងឧបភោគបរិភោគ សម្រាប់សង្កត់ផ្ទះ រួមមាន៖ អង្ករ ៥០kg, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប, ទឹកស៊ីអ៊ីវ ១២ដប, ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា)​ ២កញ្ចប់, អាវយឺត ១៦,​ សម្ភារផ្ទះបាយ​ និងសម្ភារប្រេីប្រាស់ក្នុងផ្ទះ ចំនួន​ ២៧មុខ ព្រមទាំងថវិកា ២០០.០០០រៀល។ ក្នុងនោះដែរលោក ហ៊ុន ណេង ក៏បានឧបត្ថម្ភបន្ថែមចំនួន ២លានរៀលផងដែរ។​ ដោយឡែកលោកយាយ​ លោកតា​ ចំនួន​ ២០នាក់​ ដែលអញ្ជេីញចូលរួម ក្នុងពីធីប្រគល់-ទទួលផ្ទះថ្មីនេះ​ ក្នុងម្នាក់ៗទទួលបាន​ ៖ អង្ករ ២៥kg, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០កំប៉ុង, ឃីត (មុង​ ភួយ​ សារុង​ ក្រមា​ )​ ១កញ្ចប់,​ អាវយឺត ៤ , ម៉ាស៥បន្ទះ និងថវិកា ២០.០០០រៀល​។

គួរបញ្ជាក់ថា​ ផ្ទះថ្មី​ ១ខ្នងនេះ​ ត្រូវចំណាយអស់ថវិកា ៨.៦៥០ដុល្លារ​អាមេរិក​ សង់ពីឈេីខ្ពស់ផុតពីដី​ ២ម៉ែត្រ​ មានទំហំ ៥មx៧ម​ និងមានផ្ទះបាយជាប់ខាងក្រោយ​ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្មាបត រនាបឬស្សី មានប្រព័ន្ធអគ្គិសនី ប្រេីប្រាស់ថាមពលព្រះអាទិត្យ​ (Solar) អាចប្រេីទូរទស្សន៍១​កង្ហារ​១​និងអំពូល៥ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២១

ខេត្តកំពង់ចាម​៖ក្នុង​កិច្ចប្រជុំសាមញ្ញលើកទី២៩​ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១​នេះ​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានបញ្ជាដល់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និងនេសាទខេត្ត​ ដាក់​ផែនការ​ឲ្យ​ខណ្ឌរដ្ឋបាលជលផល​ ត្រូវរៀបចំ​កម្លាំង​ជំនាញ​ចុះ​ល្បាត​ត្រួតពិនិត្យ​ជាប្រចាំ​​នៅ​តាម​ដង​ទន្លេ​មេគង្គ​ ក៏ដូចជា​តំបន់​អតីត​ឡូ​នេសាទនានា​ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ដេីម្បី​ទប់ស្កាត់​បង្រាប​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ជន​ឆ្លៀតឱកាស​មួយចំនួន​​ ក្នុងរដូវទឹកឡេីងនេះ​ ដោយ​ក្នុង​អំឡុង​ខែតុលា​ ឆ្នាំ​២០២០​ កន្លងទៅនេះ​ ក៏មានទូកអូសយ៉ាំងកាវ បើកបុក​ទូក​ប្រជាពលរដ្ឋ​ នៅកណ្ដាលទន្លេ រវាងឃុំរំចេក និងឃុំកោះសំរោង ស្រុកកំពង់សៀម​ បណ្ដាលឲ្យស្លាប់​​មនុស្ស​ ៣នាក់ និងរងរបួស​ម្នាក់​ផងដែរ​។

លោកអ៊ុន​ ចាន់ដា​ ក៏បាន​ជំរុញ​ដល់មន្ទីរសាធារណការ​និងដឹក​ជញ្ជូនខេត្ត​ ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​រៀបចំ​គម្រោង​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ចំនួន​ ដែល​រងការខូចខាត​ដោយសារ​បញ្ហា​ដក់​ទឹក​ ក្នុងនោះ​ក៏​មាន​ផ្លូវ​នៅ​តំបន់​ថ្មគោល​ ភូមិ​ចុង​ថ្នល់​ និង​ភូមិ​ឡឥដ្ឋ​ សង្កាត់​បឹងកុក​ ក្រុង​កំពង់ចាម​ ដែល​ត្រូវ​អនុវត្ត​នៅ​រដូវ​ស្ងួត​ទឹក​ភ្លៀង​ខាងមុខនេះ​។

​ក្នុង​កិច្ចប្រជុំនេះដែរ​ លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​ ១-ការពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២-ការ​ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំត្រី មាសទី៣ (កក្កដា សីហា កញ្ញា) និងទិសដៅការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២១ របស់ រដ្ឋបាលខេត្តកំពង់ចាម។
៣-ការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពការងារត្រីមាសទី៤( តុលា វិច្ឆិកា​ ធ្នូ​ )​ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤-ការ​ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ រៀបចំគម្រោងខេត្ត​ ឆ្នាំ២០២២​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និងជា​ប្រធាន​គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត​ នៅព្រឹក​មិញនេះ​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​​ ចុះពិនិត្យ​ស្ថានភាព​ច្រាំង​ទន្លេ ដែលរងការបាក់ស្រុត បណ្តាលឲ្យ​ប៉ះពាល់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​ ស្ថិតនៅក្នុងភូមិល្វាលេី​ ឃុំស្តៅ​ ស្រុកកងមាស​ ខេត្តកំពង់ចាម​។​

លោកអ៊ុន​ ចាន់ដា​ បាន​ជំរុញ​ដាក់​ផែនការ​ឲ្យ​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​ប្រមូល​ទិន្នន័យ​​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ផង​ដែរ​ ដេីម្បី​ឈាន​ទៅ​ដល់​ បង្កើត​ផែនការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ ព្រោះ​ក្នុង​១ឆ្នាំ​ៗ​ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ ដែលត្រូវ​ប្រឈម​ និង​រងគ្រោះ​ដោយ​ការ​បាក់​ច្រាំង​ ជាបន្តបន្ទាប់​។ អភិបាលខេត្ត ក៏បានផ្តល់​ប្រេង​ម៉ាស៊ូត​ ចំនួន​ ៣០០លីត្រ​ ជូនដល់​គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយស្រុកកងមាស​ ដេីម្បីធ្វេីការបូមរំដោះទឹកចេញពីក្នុង​ភូមិឋាន ​របស់ពលរដ្ឋ​ ដែលជា​ជំនាន់​ទឹកភ្លៀង​ផងដែរ​។

បើតាមលោក ភោគ សាវុធ អភិបាលស្រុកកងមាស បាន​ឲ្យដឹងថា​ ក្នុងចំណោម​ប្រជាពលរដ្ឋ​ ១០គ្រួសារ កំពុងរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេនេះ​ មានប្រជាពលរដ្ឋ ១គ្រួសារ ប្រឈមខ្លាំងដែលត្រូវរុះរើជាបន្ទាន់។

លោកអភិបាលស្រុក បានថា គ្រោះធម្មជាតិបាក់ស្រុតច្រាំង នៅចំណុចខាងលើនេះ បណ្តាលឲ្យដាច់ផ្លូវប្រវែង១៥ម៉ែត្រ ។ ដោយឡែក ច្រាំងទន្លេដែលបានបាក់ស្រុតនោះមានទំហំ ទទឹង ១០ម៉ែត្រ បណ្តោយ ១០០ម៉ែត្រ មិនបណ្តាលឲ្យខូចខាត ផ្ទះ​សំបែង​ប្រជាពលរដ្ឋនោះទេ តែផ្ទះប្រជាពលរដ្ឋ​ ចំនួន ៥គ្រួសារ កំពុងរងផលប៉ះពាល់ ក្នុងនោះ ៤គ្រួសារ ប្រឈម​តិចតួច​ និង ១គ្រួសារ ប្រឈមខ្លាំងដែលត្រូវរុះរើ ជាបន្ទាន់។

លោកក៏បានអះអាងថា ផ្អែកតាមការចុះពិនិត្យជាក់ស្ដែង មូលហេតុដែលបណ្ដាលឲ្យបាក់ស្រុតនោះ គឺដោយសារមានផ្លូវទឹក ននៅខាងក្រោមដី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ម៉ាស៊ីន​ផលិត​ខ្យល់​អុកស៊ីហ្សែនដែល​បម្រើ​ឲ្យ​ការ​ព្យាបាល​ជំងឺ​កូវីដ​-១៩​នេះ​ ជា​អំណោយ​របស់​ឯកឧត្ដម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ដោយ​ម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែន មួយគ្រឿងនេះ មានសមត្ថភាពអាចផលិត​ខ្យល់​អុកស៊ីសែនបានក្នុងមួយម៉ោងចំនួន ១០បំពង់​ឯណោះ​​។ លោកថាបន្ទាប់​ពី​តំឡើង​ម៉ាស៊ីន​នេះ​រួច​ ខេត្តកំពង់ចាម នឹងចាប់ផ្តើមដំណើរការផលិតខ្យល់អុកស៊ីសែន ដោយខ្លួនឯង​ គឺមិន​ចាំបាច់​ទៅទិញ និងដឹកជញ្ជួនពី​រាជធានី​ភ្នំពេញ​ទៀត​នោះ​ឡើយ​។

លោកបញ្ជាក់យ៉ាងដូច្នេះនៅ​ថ្ងៃទី​១​ ខែតុលា​ ឆ្នាំ​២០២១​នេះ​ ក្នុងឱកាសចុះពិនិត្យពិនិត្យ​ស្ថានីយ៍​ផលិត​ខ្យល់​អុកស៊ីហ្សែន​ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល​ នៅ​ភូមិត្រពាំងចារ ឃុំក្រឡា​ ស្រុកកំពង់សៀម​។

លោកអ៊ុន​ ចាន់ដា​ ក៏បាន​ពន្លឿន​ដល់​ក្រុម​ការងារ​បច្ចេកទេស​ ឲ្យ​ខិតខំ​បង្ហេីយ​ការងារ​មួយ​ចំនួន​ដែល​នៅ​សេសសល់​ ដេីម្បី​ផ្ទេរ​អ្នក​ជំងឺ​កូវីដ​-១៩​ ពី​វិទ្យាល័យ​ព្រះសីហនុ​ មក​ព្យាបាល​នៅ​ទី​នេះ​វិញ។

​គួរ​រំលឹក​ផងដែរ​ថា កន្លងទៅនេះ​រដ្ឋបាលខេត្ត​កំពង់ចាម បានរៀបចំ​ឃ្លាំង​ពាណិជ្ជកម្ម ៣ ទីតាំង​សម្រាប់​ធ្វើជា​កន្លែង​ច​ត្រា​ឡី​ស័ក និង​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ កម្រិត​ស្រាល ដោយ​ទីតាំង ទី​១ ឃ្លាំង នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម ក្នុង​ក្រុង​កំពង់ចាម ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក អាចដាក់​ប្រជាពលរដ្ឋ​ក្នុង​រង្វង់​ពី ៨០០ ទៅ ១០០០ នាក់។ ទីតាំង​ទី ២ ឃ្លាំង​នៅក្នុង​ស្រុក​កងមាស ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក អាចដាក់​ប្រជាពលរដ្ឋ ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​រង្វង់​ពី ៨០០ ទៅ ១០០០ នាក់​ផងដែរ។ ទីតាំង​ទី​៣ គឺ​ឃ្លាំង​ចំនួន​៣ ស្ថិត​ក្នុងស្រុក​កំពង់សៀម គឺ​ត្រូវ​បានរៀបចំ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ កម្រិត​ស្រាល ដែល​អាច​ផ្ទុក​អ្នកជំងឺ​បាន​ក្នុង​រង្វង់​ជិត ១០០០​នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅព្រឹកមិញនេះ​ បានទទួលអំណោយពី​ក្រុមហ៊ុន​ស៊ីភី​ ដែលបានចូលរួមឧបត្ថម្ភ​ ម៉ាស​ចំនួន​១៥០០០សន្លឹក​ និង​ទឹក​អាកុល​ ​៣០០លីត្រ​ សម្រាប់​ប្រេីប្រាស់​ក្នុង​យុទ្ធនាការ​ បង្ការ​ និង​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​។

លោកអ៊ុន​ ចាន់ដា​ បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​បំផុត​ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញទៅដោយសទ្ធាជ្រះថ្លារបស់លោក​អគ្គនាយក​ក្រុមហ៊ុន​ និង​សហការី​ ដែលបានចំណាយ​ថវិកា ទិញ​សម្ភារ​ការពារ​ជំងឺ​កូវីដ​-១៩ ក៏ដូចជាការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាល​ខេត្ត​កំពង់ចាម​ ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពីគុណធម៌ សប្បុរសធម៌ និង​ការចេះជួយគ្នាក្នុង​គ្រាលំបាក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កញ្ញា ២០២១

ខេត្តកំពង់ចាម៖អភិបាលខេត្តលោកអ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ត្រូវក្ដោបឲ្យបាននូវដើមហេតុ នៃការឆ្លង ហើយស្វែងរកមូលហេតុ និងប្រភព នៃការឆ្លង ព្រមទាំង រកវិធានការណ៍គ្រប់គ្រង និងអន្តរាគមន៍ជាបន្ទាន់ ជាពិសេស ការអនុវត្តវិធានការណ៍ទាំង ៧ចំណុច ដែលលោកធ្លាប់បានណែនាំកន្លងទៅនោះ។

លោកអ៊ុន ចាន់ដា មានប្រសាសន៍ថា កាលយប់មិញ ប្រមុខរាជរដ្ឋាភិបាលបានណែនាំបន្ថែម គឺមិនតម្រូវឲ្យធ្វើការយកសំណាក តាមរយៈ រ៉ាពីតតេស្ត បន្តទៀតឡើយ។ផ្ទុយទៅវិញ គឺត្រូវយកសំណាករាល់ចំពោះអ្នកសង្ស័យ ទៅពិនិត្យក្នុងម៉ាស៊ីន PCR វិញ ដោយត្រូវកំណត់ទីកន្លែងមួយច្បាស់លាស់។

លោកបានបញ្ជាក់ដែរថា ចំពោះមុខ ជាការជំនួសការធ្វើរ៉ាពីតេស្ត យើងប្រើប្រាស់មន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បី ពិនិត្យសំណាក ព្រោះថា ម៉ាស៊ីននៅទីនេះ យើងអាចធ្វើការពិនិត្យសំណាក បានប្រមាណជា ១០០នាក់ ក្នុង១ថ្ងៃ ក៏ប៉ុន្តែ បើសង្ស័យថា ជាករណី ដែលតា យើងត្រូវផ្ញើសំណាកនេះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយត្រូវរង់ចាំរយៈពេល៣ថ្ងៃ។

លោកថា ការអនុវត្តសំណាកនេះ គឺធ្វើទៅលើគោលដៅ ២ គឺ៖ ១.អ្នកដែលយើងសង្ស័យ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវរាយការណ៍ មកមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដើម្បី បញ្ជូនពួកគាត់មកពិនិត្យសំណាក ម៉ាស៊ីន PCR។ និងទី២.សាមីខ្លួន មានអាការៈក្ដៅខ្លួន ផ្ដាសាយ ហៀរសំបោរ ហើយសង្ស័យនោះ ពួកគាត់អាចទៅពិនិត្យដោយខ្លួនឯង។
លោកលើកឡើងថា ចំពោះ រ៉ាពីតតេស្ត គឺយើងទុកប្រើប្រាស់ ដើម្បី ធ្វើការពិនិត្យសំណាកលើអ្នកដែលមកសម្រាកព្យាបាលជម្ងឺ នៅតាមមន្ទីរពេទ្យ និងពលករចំណូលស្រុកវិញ។

លោកណែនាំបែបនេះនៅព្រឹកមិញក្នុងឱកាសដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ នៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់។

តាមរបាយការណ៍បញ្ជាក់ របស់អាជ្ញាធរស្រុកទាំង ២ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្រុកមានការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ ក្នុងនោះមានការឆ្លងនៅក្នុងសហគមន៍ តាមទីផ្សារ សាលារៀន និងវត្តអារាម ផងដែរ។ ជារួមមកដល់ពេលនេះ នៅក្នុងស្រុកចំការលើ មានអ្នកឆ្លងជម្ងឺកូវីដ ១៩ សរុបចំនួន ៧១៨នាក់ ស្លាប់ ០៩នាក់។ ដោយឡែក ក្នុងស្រុកស្ទឹងត្រង់ មានអ្នកឆ្លងជម្ងឺកូវីដ ១៩ សរុបចំនួន ៦៧៣នាក់ ស្លាប់ ១៣នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២១

ខេត្តកំពង់ចាម​៖លោមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឲ្យគ្រប់បណ្ដាមូលដ្ឋានទាំងអស់ ត្រូវគៀងគរ រកដៃគូរបន្ថែម ដែលជាសប្បុរសជន ក្នុង និងក្រៅប្រទេស ដើម្បីជួយដល់ការងារអភិវឌ្ឍន៍ ទោះជាក្នុង ឬក្រៅគម្រោងក៏ដោយ។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​បើកវេទិការពិគ្រោះយោបល់ និងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ក្រុង​ ស្រុក និងឃុំសង្កាត់ តាមប្រព័ន្ធវិដែអូរ Zoom នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកអ៊ុន ចាន់ដា​ បានលើកឡើងថា វេទិការពិគ្រោះយោបល់ និងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំ  រំកិលរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក សង្កាត់ នាពេលនេះ គឺមានសារសំខាន់ដែលយើងទាំអស់គ្នា ត្រូវធ្វើការពិភាក្សា ឲ្យបានល្អិតល្អន់ ទៅលើគម្រោងដែលជាអទិភាព សម្រាប់ស្រុក ក្រុង ឃុំ សង្កាត់ ដែលបានស្នើឡើង និងបានឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ។

លោកក៏បានសំដែង នៅក្ដីសោមនស្សរីករាយ ចំពោះលទ្ធផល ដែលបានផ្ដល់ការគាំទ្រ ពីសំណាក់ក្រសួងស្ថាប័ន និងដៃគូរអភិវឌ្ឍន៍ ដែលបានកំពុងគាំទ្រដល់ការអនុវត្តគោលនយោបាយ វីមជ្ឈការនិងសហវិមជ្ឈការ កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ គឺបានតម្រូវឲ្យមន្ទីរវិស័យអង្គការដៃគូរអភិវឌ្ឍន៍ ជួយគាំទ្រគម្រោងសកម្មភាព ជាអាទិភាព របស់រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ដែលមិនទាន់មានការគាំទ្រ សម្រាប់ឆ្នាំ២០២២។

អភិបាលខេត្ត​ ក៏បានស្នើសុំមន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត ក៏ដូចជា អង្គការក្រៅរដ្ឋាភិបាល ដែលធ្លាប់តែជួយគាំទ្រគម្រោង សូមជួយពិនិត្យឲ្យបានល្អិតល្អន់ លើគម្រោង ដែលជាអាទិភាព បម្រើចំទិស ដែលជាតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានក្រុង ស្រុកឃុំសង្កាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២១

ខេត្តកំពង់ចាម៖ក្រុមការងាររាជរដ្ឋាភិបាល ដែលដឹកនាំដោយ លោក វេង សាខុន រួមជាមួយឯកឧត្តម លោកជំទាវ លោក និងលោកស្រី ដែលជាសហការី ហើយនិងសប្បុរសជន បានមូលមតិគ្នាជាឯកឆ្ឆ័ន្ទ បាននាំយកគ្រឿងឧបភោគបរិភោក និងបច្ច័យ មួយចំនួនទៅប្រគេន ព្រះចៅអធិការ ដែលគង់នៅតាមវត្តអារាមចំនួន ៤០ នៅស្រុកជើងព្រៃ។

ការផ្ដល់នេះក្នុងគោលបំណង ចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនូវបញ្ហាកង្វះចង្ហាន់នៅតាមបណ្តាវត្ត នៅក្នុងស្រុកជើងព្រៃ ក្នុងពិធីកាន់បិណ្យ ក្នុងនេះរួមមាន៖ មីម៉ាម៉ា ៥0កេះធំ ទឹកត្រីដបធំចំនួន ៥០យួរ ទឹកស៊ីអ៉ីវដបធំចំនួន ៥០យួរ អង្ករចំនួន៤តោន ត្រីខចំនួន ៤០កេះ។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគទាំងអស់បានដឹកជញ្ជូនដល់សាលាស្រុកជើងព្រៃ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ដើម្បីត្រៀមដឹកជញ្ជូនទៅប្រគេនតាមបណ្តាវត្តនៅក្នុងសប្តាហ៍នេះ ដែលក្នុងមួយវត្តៗ ទទួលបាន៖
១- បច្ច័យចំនួន ៥០០ ០០០រៀល
២- អង្ករចំនួន១០០គីឡូក្រាម
៣- មីម៉ាម៉ាចំនួន ១កេះធំ
៤- ត្រីខ ចំនួន ១កេះ
៥- ទឹកស៊ីអ៉ីវចំនួន ១យួរ
៦- ទឹកត្រីខចំនួន ១យួរ
គិតជាថវិកាសរុបចំនួន ៤២ ៦០០ ០០០ រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កងកម្លាំង​ទាំង​៣ប្រភេទ​ ដែល​កន្លងមក​តែងតែ​ខិតខំ​ថែរក្សា​​ ការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ ជាពិសេស​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​។

អភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់​ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ក្នុង​ការ​ថែទាំ​សុខភាព​របស់​ខ្លួន​ និង​ក្រុមគ្រួសារ​ ជាពិសេស​ត្រូវ​ អនុវត្តតាមនូវ​វិធានការ​ ៣ការពារ​ ៣កុំ​។

លោកថ្លែងកោតសរសើរបែបនេះ នៅថ្ងៃទី​២៨​ ខែកញ្ញា​ នេះ​ ក្ក្នុងឱកាសផ្តល់​អំណោយ​ជា​ថវិកា​ និង​សម្ភារ​ ជូន​កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ យោធា​ខេត្ត​ និង​កងរាជអាវុធហត្ថ​​​ខេត្ត​ ដើម្បី​ទ្រទ្រង់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​។

គួរ​បញ្ជាក់​ថា​ អំណោយដែលអភិបាលខេត្ត​ ផ្តល់​ជូន​កងកម្លាំង​ប្រដាប់​អាវុធ​​ទាំង៣​ ក្នុង​ខេត្តកំពង់ចាម​ រួមមាន​ ស្នងការដ្ឋាននគរបាលខេត្ត​ ទទួល​បាន​ថវិកា​ចំនួន​​ ១០លានរៀល​​ ម៉ាស​ ២ម៉ឺន​សន្លឹក​ និង​ទឹក​អាល់កុល​ ១៥០លីត្រ​ យោធា​ខេត្ត​ ទទួល​បាន​ថវិកា​ ១០លានរៀល​ ​ម៉ាស​ ២ម៉ឺន​សន្លឹក​ និង​ទឹក​អាល់កុល​១៥០លីត្រ​ និង​កងរាជអាវុធហត្ថ​ខេត្ត​ ទទួល​បាន​ថវិកា​ ចំនួន​១០លានរៀល​ ​ម៉ាស​ ១ម៉ឺន​សន្លឹក​ និង​ទឹក​អាល់កុល​ ចំនួន​​១៥០លីត្រ​ ផងដែរ​​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថាដោយផ្អែកទៅនឹងស្ថានភាពជាក់ស្ដែង នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម នាប៉ុន្មានថ្ងៃនេះ យើងអាចវាយតម្លៃផ្ដោតទៅលើកត្តា ៥ចំណុចគឺ៖ ១.ដោយសារប្រជាពលរដ្ឋ បានចាក់វ៉ាក់សាំងរួចហើយ មានការធ្វេសប្រហែស មិនបានអនុវត្តវិធានសុខាភិបាល«៣ការពារ ៣កុំ»។ ២.ការបណ្ដែតបណ្ដោយ និងការគ្រប់គ្រងអ្នកជំងឺដែលអនុញ្ញាតឲ្យនៅសម្រាកព្យាបាលនៅតាមផ្ទះ ច្បាស់លាស់ ជាពិសេស នៅពេលគាត់ឆ្លងរួចហើយ តែសុខភាពធម្មតា ហើយអាចចម្លងទៅអ្នកដទៃបាន។ ៣.ការអនុញ្ញាត ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ តែសាមីខ្លួន មិនគោរពតាមវិធានសុខាភិបាល។ ៤.ទាក់ទងជាមួយអារម្មណ៍របស់មនុស្ស នៅពេលបុណ្យទានម្ដងៗ ភ្លេចគិតគូរអំពីសុខភាព តាមរយៈ ធ្វើដំណើរពីតំបន់មួយ ទៅតំបន់មួយ ដើម្បីជួបជុំមិត្តភ័ក្រ ហើយហូបចុក ជាដើម។ និង៥.ភាពធ្វេសប្រហែស របស់មន្ត្រី ឬអាជ្ញាធរមូលដ្ឋាន មិនបានត្រួតពិនិត្យ ឬចុះអន្តរាគមន៍ជាប្រចាំ។

លោកថ្លែងបែបនេះនៅព្រឹកមិញ ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ដើម្បីរកដំណោះស្រាយ គ្រប់គ្រងស្ថានការណ៍ឲ្យប្រសើរឡើងវិញ។

អភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង ស្រុកទាំងអស់ ពង្រឹងគោលគោលជំហរ នៃការអនុវត្តភារកិច្ចឡើងវិញ ដោយ៖ ទី១.ត្រូវបង្កើនការផ្សព្វផ្សាយ អប់រំណែនាំទៅដល់ប្រជាពលរដ្ឋ ជាពិសេស នៅតាមទីប្រជុំជន ឬតាមទីផ្សារនានា ជាពិសេស ការអនុវត្តលើវិធានការសុខាភិបាល «៣កុំ ៣ការពារ» ឲ្យកាន់តែទូលំទូលាយថែមទៀត ដើម្បី ប្រជាពលរដ្ឋមានការភ្ញាក់រលឹកឡើងវិញ។ ទី២.ពង្រឹងទៅលើការងារធ្វើចត្តាឡីស័កនៅតាមផ្ទះ ជាពិសេស ការដាក់ខ្សែ បូករួមនឹងការសរសេរបម្រាមការពារឲ្យបានត្រឹមត្រូវ។ ជាមួយនោះ ត្រូវចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីធ្វើចត្តាឡីស័ក។ ទី៣.មន្ទីរសុខាភិបាលត្រូវខិតខំ ធ្វើយ៉ាងណា ឲ្យយន្តការ នៃការព្យាបាលជំងឺនៅតាមផ្ទះ ជាពិសេស  ត្រូវមានក្រុមគ្រូពេទ្យពិនិត្យមើលអ្នកជំងឺឲ្យបានជាប្រចាំ និងហ្មត់ចត់បំផុត ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្រៅពីនោះ ជម្រុញដល់ការព្យាបាលជងឺ ឲ្យបានលឿនជាងមុន។ ទី.៤.ត្រូវអនុវត្តវិធានការផ្លូវច្បាប់ ចំពោះជនខិលខូចទាំងឡាយ ដែលគេចវែស ការធ្វើចត្តាឡីស័ក និងការព្យាបាល បូករួមទាំងជនមិនគោរពតាមវិធានសុខាភិបាលផងដែរ។ ទី៥.ត្រូវបន្តការគ្រប់គ្រងអ្នកចំណូលស្រុក ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត។ ទី៦.ជម្រុញការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន និងតំបន់ ដែលមានហានិភ័យ។ និងទី៧.ចំពោះ សាលារៀនវិញ មិនអនុញ្ញាតឲ្យបិទសាលាទាំងមូលនោះទេ ពោលគឺ បើមានករណីឆ្លងនៅថ្នាក់ណា ត្រូវបិទថ្នាក់នោះ ហើយអ្នកវិជ្ចមាន ត្រូវយកទៅព្យាបាល។ រីឯអ្នកពាក់ព័ន្ធ ត្រូវយកធ្វើចត្តាឡីស័ក។ យើងធ្វើបែបនេះ ដើម្បី បញ្ចៀសផលប៉ះពាល់ ទៅដល់ការសិក្សា របស់សិស្សានុសិស្ស។

លោកក៏បានណែនាំអាជ្ញាធរក្រុង ស្រុក វិស័យពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា កុំឲ្យស្ថានការណ៍នេះវិវឌ្ឍធ្ងន់ធ្ងរ និងរួមគ្នាគ្រប់គ្រងស្ថានការណ៍នេះ ឲ្យល្អប្រសើរ និងឈានទៅស្ងប់ស្ងាត់ទៅវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page38 Page39 Page40 … Page81 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
លោកទៀ សីហា៖ អង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ៥ ធ្នូ ២០២១
© 2026 srpostnew.com. All Rights Reserved!
×