ខេត្តបាត់ដំបង៖សម្តេច ស ខេង បានថ្លែងថាទីណាមានការឈ្លានពាន មានការជិះជាន់ កាប់សម្លាប់ ទីនោះត្រូវ តែមាន ការតស៊ូ រើបម្រាស់ដាច់ខាត។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះនៅថ្ងៃចន្ទ នេះ ក្នុងពិធីសំណេះសំណាល ជាមួយនិវត្តន៍ជនស៊ីវិលចំនួន១៦០៥នាក់ និងនិវត្តន៍ជនអតីតយុទ្ធជន ចំនួន ១៤៤៧នាក់ ខេត្តបាត់ដំបង។
សម្តេចស ខេង មានប្រសាសន៍ថា កម្ពុជាធ្លាប់បានឆ្លងកាត់នូវដំណាក់កាលបត់បែនជាប្រវត្តិសាស្ត្រជាច្រើន និងបានទទួលរងនូវមហាវិនាសកម្ម បំផ្លិចបំផ្លាញជាតិ ទុក្ខសោកដោយ អំពើរំលោភឈ្លានពានពីសំណាក់មជ្ឈដ្ឋានខាងក្រៅជាបន្តបន្ទាប់ ដោយ ឡែកក្នុងរបប០៣ឆ្នាំ ០៨ខែ និង២០ថ្ងៃ ប៉ុលពតបានធ្វើឱ្យកម្ពុជា វិនាសហិនហោច ខ្ទេចខ្ទី ទាំងសេដ្ឋកិច្ច សង្គមកិច្ច ទាំងវប្បធម៌ អរិយធម៌ ដែលជាដួងព្រលឹងរបស់ជាតិ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា។ល។ ប្រជាជន កម្ពុជាគ្រប់ស្រទាប់វណ្ណៈ ត្រូវទទួលរងនូវទារុណកម្មលើសសត្វធាតុ បង្អត់អាហារ បង្ខំឱ្យធ្វើការជាទម្ងន់ទាំងថ្ងៃទាំងយប់ និងត្រូវបានកាប់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃបំផុត ធ្វើឱ្យគ្រប់ ក្រុមគ្រួសារត្រូវរងទុក្ខ វិនាស បែកបាក់ ព្រាត់ប្រាស់ និងឈឺចាប់ខ្លោចផ្សារគ្មានអ្វីប្រៀបផ្ទឹម។ ការទទួលរងទុក្ខបុកម្នេញ កាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃនេះហើយ ទើបមានចលនា តស៊ូ រណសិរ្ស២ធ្នូ ១៩៧៨ បានចាប់បដិសន្ធិឡើង ដើម្បីផ្តួលរំលំរបបដ៏សែនយង់ឃ្នងនេះ តាមរយៈការធ្វើចលនាតស៊ូរំដោះជាតិ រំដោះអាយុជីវិតទាំងអស់នេះហើយ ដែលបានបន្សល់ទុកកេរមរតកដ៏ថ្លៃថ្ល ជាសច្ចធម៌ប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូលនោះគឺថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រ ៧មករា ១៩៧៩ ដែលជាការបើកនូវទំព័រសករាជថ្មីនៃកម្ពុជា។ វិនាសកម្មដែល បន្សល់ពីរបបដ៏សាហាវ និងសង្គ្រាមអូសបន្លាយជិតពីរទសវត្សបានបន្សល់ ទុកនូវកុមារកំព្រា ស្ត្រីមេម៉ាយ ជនពិការ និងការបែកបាក់ ព្រាត់ប្រាស់គ្រួសារ ជាច្រើនរាប់មិនអស់។
សម្តេច បានលើកឡើងថា ពិតមែនតែប្រទេសជាតិត្រូវបានរំដោះ និងប្រជាជន បានរស់រានឡើងវិញក៏ដោយ ក៏ប្រទេសជាតិនាពេលនោះស្ថិតក្នុងស្ថានភាព មានសន្តិភាពផង និងសង្គ្រាមស៊ីវិលផង ដែលជាដំណាក់កាលត្រូវការពារស្តារ និងអភិវឌ្ឍន៍ជីវភាពរស់នៅ លើកកម្ពស់សិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋ។
សម្តេច ស ខេង មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ ១៩៩៨ ធ្វើឱ្យកម្ពុជាទាំងមូលបានឯកភាពទាំងស្រុង គ្រប់កម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន នៃភាគីទាំងអស់នៅក្នុងជម្លោះបានធ្វើសមាហរណកម្មមក ក្រោមដំបូល រាជរដ្ឋាភិបាលកម្ពុជាតែមួយ ដែលជាមូលដ្ឋានគ្រឹះបង្កើតបាននូវ សុខសន្តិភាពមានស្ថិរភាពនយោបាយពេញលេញគ្របដណ្ដប់លើផ្ទៃប្រទេស ជាលក្ខណៈសម្បត្តិមូលដ្ឋាន សំខាន់បំផុត សម្រាប់បន្តការអភិវឌ្ឍលើគ្រប់វិស័យ និងបានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាល អនុវត្តគោលនយោបាយជាតិ ដើម្បីតបស្នងចំពោះគុណបំណាច់ដ៏ថ្លៃថ្លារបស់និវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន ដែលបានធ្វើពលិកម្មក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
សម្តេចស ខេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញ និងអនុវត្តគោលនយោបាយលើកស្ទួយវិស័យ និវត្តជនស៊ីវិល និងនិវត្តន៍ជន អតីតយុទ្ធជន រួមមានៈការផ្តល់សម្បទានដីសង្គមកិច្ច, ការផ្តល់ប្រាក់បេឡាមរណៈសង្គ្រោះ, ការផ្តល់ប្រាក់ធានារ៉ាប់រងសង្គម, ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូង, ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ, ការកសាងផ្ទះជូនអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនក្រីក្រ, គោលការណ៍ប្រឡងប្រណាំង ៣ល្អ, ការបង្កើតគណៈកម្មការអភិវឌ្ឍន៍សហគមន៍អតីត យុទ្ធជនតាមមូលដ្ឋាន, ការបង្កើតសមាគមមនុស្សចាស់សម្រាប់ប្រជាជនទូទៅ។
សម្តេច មានប្រសាសន៍បញ្ជាក់បន្តថា បងប្អូននិវត្តន៍ជន និងអតីតយុទ្ធជន ដែលបានមានវត្តមាននៅទីនេះក្តី មិនមានវត្តមាននៅទីនេះក្តី គឺសុទ្ធជាអ្នកដែលបានចូលរួមចំណែកដើម្បីបញ្ចប់សង្គ្រាម ឬក៏ថាដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ហើយឈានទៅបញ្ចប់សង្គ្រាម តាមបន្ទាត់នយោបាយ ឬក៏តាមគោលការណ៍ ឆន្ទៈនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
សម្តេច បញ្ជាក់បន្ថែមថា ក្រោយពីរបបប្រល័យពូជសាសន៍ ប៉ុលពត ត្រូវបានដួលរលំ នៅឆ្នាំ១៩៧៩ កម្លាំងដែលនៅសេសសល់ បានទៅប្រមូលផ្តុំដើម្បីតស៊ូប្រឆាំងនិងរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ប៉ុនប៉ងនាំរបបប្រល័យពូជសាសន៍នេះវិលត្រឡប់មកវិញ បងប្អូននិវត្តន៍ និងអតីតយុទ្ធជន ទាំងអស់ដែលបានសម្រេចចិត្ត ដើម្បីចូលរួមតស៊ូ ក្នុងការទប់ស្កាត់ប្រឆាំង និងការវិលត្រឡប់មកវិញ នៃរបបប៉ុលពត របបប្រល័យពូជសាសន៍ ហើយនិងចូលរួមដើម្បីបញ្ចប់សង្គ្រាម កសាងសន្តិភាព នោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវហើយក៏បញ្ជាក់អំពីទឹកចិត្តឧត្តមគតិស្នេហាជាតិ ច្បាស់លាស់របស់បងប្អូន ហើយអាចនិយាយបានថាអ្វីៗ ដែលយើងមានសព្វថ្ងៃនេះគឺមិនបានកាត់ថ្លៃបាននូវគុណនូវសក្ការរបស់អស់លោក លោកស្រី ដែលជាមន្ត្រីចូលនិវត្តន៍ ហើយជាអតីតយុទ្ធជននោះទេ។
សម្តេច បន្តថា យើងប្រើពាក្យថាអតីយុទ្ធជន មានន័យថាបងប្អូនយុទ្ធជនខ្លះដែលគាត់មិនទាន់ចូលនិវត្តន៍ ប៉ុន្ដែដោយសារពិការ បាត់បង់ កាយសម្បទាវិជ្ជាជីវៈ អ៊ីចឹងហើយគាត់មិនអាច បន្តធ្វើជាយុទ្ធជនកងទ័ព ឬក៏ជានគរបាលបានទៀតទេ ត្រូវសម្រាក នេះហើយដែលយើងហៅថាអតីតយុទ្ធជន ប៉ុន្តែវាខុសពី យោធាចូលនិវត្តន៍ បានន័យថាគាត់នៅមានកាយសម្បទាគ្រប់គ្រាន់តែអាយុរបស់គាត់ដល់ឆ្នាំដែលត្រូវចូលនិវត្តន៍ មន្ត្រីរាជការស៊ីវិលក៏ដូចគ្នាដែរមានមន្ត្រីរាជការស៊ីវិលខ្លះដែលគាត់បាត់បង់សមត្ថភាពលកម្ម កាយសម្បទាវិជ្ជាជីវៈ ក៏សម្រាកមុនពេលចូលនិវត្តន៍ អ្នកមួយចំនួនទៀតចូលនិវត្តន៍ ប៉ុន្តែទាំងអស់នេះ រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជន គឺមិនបានបោះបង់ចោលទេ គឺបានយកចិត្តទុកដាក់ដើម្បីជួយសម្រាល នូវការលំបាកក្នុងជីវភាពបងប្អូនពីព្រោះថា នេះជាការនឹកគុណដល់អ្នកដែលបានចូលរួមចំណែក ក្នុងបុព្វហេតុជាតិ ចឹងហើយបានខ្ញុំបញ្ជាក់អម្បាញ់មិញថាសមិទ្ធផលដែលយើងមានថ្ងៃនេះគឺមិនអាច មិនរំឭកដល់គុណបំណាច់របស់អស់លោក លោកស្រីទាំងអស់នោះបានទេ នេះគឺជាសច្ចធម៌ជាក់ស្តែង អ៊ីចឹងហើយបានជាការឆ្លើយតប រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជន ត្រូវតែយកចិត្ត ទុកដាក់ដើម្បីដោះស្រាយ កន្លងទៅ ក៏ដូចបច្ចុប្បន្ននេះ យើងមានគណៈកម្មការ ឬមានយន្តការនានាជាច្រើន ដើម្បីនឹងជួយដោះស្រាយបញ្ហានេះ ហើយហ្នឹងយើងបន្តធ្វើបញ្ហានេះ តទៅទៀត៕SRP
ខេត្តបាត់ដំបង៖ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ ចំនួន៥៨២ គ្រួសារ ដែលរស់ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង នៅផ្សារទំនើបភួ ពុយ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោកសុខ លូ អភិបាលខេត្តបានថ្លែងប្រាប់ពលរដ្ឋថា៖ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខនេះ សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាចំពោះប្រជាពលរដ្ឋ គ្រប់អាយុបោះឆ្នោត ដើម្បីបំពេញតួនាទីក្នុងនាមជាប្រជាពលរដ្ឋគំរូសម្រាប់សង្គមជាតិ។
លោក សុខ លូ បានមានប្រសាសន៍ផ្ដាំផ្ញើប្រជាពលរដ្ឋឲ្យថែរក្សាសុខភាព ដោយការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ព្រមទាំងរៀបចំសំអាតបរិស្ថាន សណ្ដាប់ធ្នាប់ជុំវិញផ្ទះសំបែងឲ្យបានស្អាតជានិច្ច។
លោក ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ ឬដូសជំរុញ សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង។ លោកថាបើសិនជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣រយៈពេល៤-៥ខែហើយ សូមបន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤បន្តទៀត នៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ដែលនៅជិតផ្ទះប្រជាពលរដ្ឋរស់នៅ៕SRP