ខេត្តព្រះវិហារ៖មានការលើកឡើងថា ក្រុមអ្នកស្រឡាញ់ព្រៃឈើនិងមន្ត្រីជំនាញនៃខេត្តព្រះវិហារ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះទៅសិក្សាស្រាវជ្រាវ ទីតាំងឈូសឆាយដី របស់ក្រុមហ៊ុនសុវណ្ណភូមិ វិនិយោគកសិ.ឧស្សាហកម្ម ដែលមានលោកឧកញ៉ាអាន ម៉ាឌី ជាម្ចាស់ក្រុមហ៊ុន បានដាក់គ្រឿងចក្រឈូសឆាយប៉ះពាល់ដីរដ្ឋអស់ប្រមាណជាង៥០០ហិកតា នៅភូមិរំចេកឃុំរមណីយ ស្រុករវៀង។
ប្រភពពីហ្វេសបុក លោកតាន់ គឹមសួរ (tan kimsour) បានឲ្យដឹងថា ខ្ញុំគិតថា បើរដ្ឋាភិបាលមិនមានវិធានការសមស្របណាមួយ ទៅលើក្រុមហ៊ុនទាំងឡាយណា ដែលមានការឈូសបំពាន ទៅលើដីព្រៃរដ្ឋ (បំផ្លាញធនធានធម្មជាតិយ៉ាងសន្ធឹកសន្ធាប់) និងមិនគោរពតាមលក្ខខណ្ឌដែលរដ្ឋដាក់ឲ្យទេ មហាជននឹងមិនមានការសប្បាយចិត្តទេ ដោយគិតថានេះ គឺជារឿងដែលអយុត្តិធម៌បំផុត ដែលប្រជាជនធម្មតាប្រព្រឹត្តិបទល្មើសព្រៃឈើបន្តិចបន្តួច មានការដាក់ទោសចាប់ចងដោយមិនមានការលើកលែង រីឯក្រុមហ៊ុនឈូសបំពានរាប់រយហិកតា បែរជាមិនមានចំណាត់ការអ្វីទៅវិញ ឬមានចំណាត់ការដែរ តែចំណាត់ដែលមានការយោគយល់ទៅវិញ។ ហើយករណីត្រីងៀតឆ្លៀតពង ឬកន្ទែលធំបន្លំដេកនឹងកើតមានឡើងជាបន្តបន្ទាប់។
លោកតាន់ គឹមសួរ បន្តថា ខ្ញុំបានរកឃើញថា ក្រុមហ៊ុនសុវណ្ណភូមិរបស់លោកឧកញ៉ាអាន ម៉ាឌី នៅខេត្តព្រះវិហារ បានបំពាននូវលក្ខខណ្ឌដែលរដ្ឋបានដាក់ជូនស្ទើរតែទាំងស្រុង (ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានទទួលខុសត្រូវលើសម្ដីរបស់ខ្ញុំចំពោះមុខច្បាប់)។
លោកបានបន្តថា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៤ ខ្ញុំបាទបានចុះទៅជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្នាក់ជាតិ សហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះទៅដល់ក្រុមហ៊ុនសុវណ្ណភូមិ នេះផ្ទាល់ ហើយបានសង្កេតឃើញថា ក្រុមហ៊ុនមិនបានអនុវត្តអនុវត្តតាមគោលការណ៍ដែលក្រសួងបានដាក់ឲ្យ៖១/ មុនចាប់ផ្ដើមដំណើរការឈូសឆាយ ក្រុមហ៊ុនមិនបានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដើម្បីធ្វើការកំណត់នូវតំបន់ឈូសឆាយ។២/ ក្រុមហ៊ុនបានធ្វើការឈូសឆាយប៉ះនូវតំបន់ទ្រនាប់ដងអូរដែលក្រសួងមានការហាមប្រាមជាដាច់ខាត។
៣/ ឈូសបំផ្លាញដីព្រៃរក្សាទុករបស់រដ្ឋអស់ជាច្រើនហិកតា។៤/ មិនមានបិទlogo លើគ្រឿងចក្រ-យានយន្ត និងមិនបានអនុវត្តតាមវិធានបច្ចេកទេសជាធរមាន ដោយមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ធ្វើការតាមដានលើដំណើរការឈូសឆាយរបស់ក្រុមហ៊ុន។ ៥/ មិនបានធ្វើការឈូសឆាយក្នុងមួយអនុតំបន់ម្ដង ហើយធ្វើការដាំដុះភ្លាមតាមលក្ខខណ្ឌដែលក្រសួងបានដាក់ឲ្យនោះទេ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថារដ្ឋាភិបាលនឹងមិនមានការយោគយល់ចំពោះទង្វើត្រីងៀតឆ្លៀតពង ឬដូចប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ធមន្ត្រី បានលើកឡើងថាកន្ទេលធំបន្លំដេក នេះជាដាច់ខាត។
ជុំវិញករណីនេះ លោកនុត សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ថា ករណីនេះខាងលោកបានស្រាវជ្រាវនិងធ្វើរបាយការណ៍ ជូនទៅក្រសួងកសិកម្មរុក្ខា ប្រមាញ់និងសាទ រួចហើយ។លោកសុំមិនធ្វើអត្ថាធិប្បាយទេ ដោយលោកកំពុងជាប់រវល់។
ពាក់ព័ន្ធករណីនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពី ក្រុមហ៊ុនសុវណ្ណភូមិ របស់លោកឧកញ៉ាអាន ម៉ាឌី នៅឡើយទេ រហូតដល់ថ្ងៃទី ១ខែមករា ឆ្នាំ ២០២៥ នេះ ដោយមិនមានលេខទូរសព្ទទំនាក់ទំនង៕SRP
