សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាល នឹងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីភ្ជាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាទៅសកលលោក និងបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិ។
ការអះអាងរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ធ្វើឡើង ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះក្នុងឱកាស បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី ១ តម្កល់ព្រះត្រៃបិដកឆ្លាក់លើថ្មម៉ាបចំនួន ១ ១៧០ ផ្ទាំង, ផ្លូវបេតុង ៩ ខ្សែ , បូជនីយដ្ឋានសមថៈ និង វិបស្សនា ព្រមទាំងសមិទ្ធផលនានា នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅលើឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ។
សម្តេចហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ កម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបង្កើតបាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ដើម្បីបម្រើដល់ការថែរក្សាចីរភាពនៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិមាតុភូមិ ឱ្យកាន់តែមានការរីកចម្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ជាក់ស្តែង ការកសាងមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនា កម្ពុជារួចរាល់ នឹងធ្វើឱ្យឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យទាំងមូលក្លាយជាបូជនីយដ្ឋានសម្រាប់ បម្រើដល់វិស័យព្រះពុទ្ធសាសនា រួមចំណែកក្នុងការអភិវឌ្ឍចំណេះដឹងទាំងផ្នែកផ្លូវលោក និងផ្លូវធម៌ ព្រមទាំងបណ្តុះបណ្តាលប្រជាពលរដ្ឋខ្មែរ ឱ្យចេះស្រឡាញ់វប្បធម៌ជាតិ និងចេះគោរពមាតាបិតា ជាពិសេស ចេះពង្រឹងសមត្ថភាពដឹកនាំមាគ៌ាជីវិត ក្នុងផ្លូវត្រឹមត្រូវ។
ទន្ទឹមនេះ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ នឹងក្លាយទៅជាជម្រកសុវត្ថិភាពសម្រាប់លោកយាយលោកតា ក្នុងការស្នាក់នៅ និងសមាទានសីល ព្រមទាំងជាជម្រកសម្រាប់កុមារ យុវជន សិស្ស និស្សិតខ្វះលទ្ធភាព បានប្រើប្រាស់សម្រាប់បួសរៀន និងបន្តការសិក្សា។ ការណ៍នេះជួយលើកកម្ពស់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ប្រជាជនស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ជាពិសេស មុំទី ៥ នៃបញ្ចកោណទី ១ គឺ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។ លើសពីនេះ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក៏ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលគួរឱ្យទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាច្រើនកុះករ រួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យគោលដៅទេសចរណ៍នៅកម្ពុជា ផងដែរ។
នាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះគំនិតផ្តួចផ្ដើម ការខិតខំប្រឹងប្រែង និងការលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងថវិកាផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់របស់សប្បុរជនក្នុង និងក្រៅប្រទេស ព្រមទាំងការជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារ ថវិកា ពីរាជរដ្ឋាភិបាល, ក្រសួងធម្មការ និងសាសនា, គណៈសង្ឃនាយក, និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបង្កើតបានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ទុកជាសម្បត្តិជាតិ និងជាបូជនីយដ្ឋានព្រះពុទ្ធសាសនា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសក្នុងពិធីនោះផងដែរថា រាជរដ្ឋាភិបាល នឹងបើកការដ្ឋានគម្រោងព្រែកជីក ហ្វូណនតេជោ នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីភ្ជាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាទៅសកលលោក និងបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិ៕SRP