ខេត្តសៀមរាប៖អ្នកភូមិទូទាំងសង្កាត់ជ្រាវ និងមជ្ឍដ្ឋាននានា បានទទូចសុំអោយថ្នាក់ដឹកនាំខេត្ត ពិសេសអាជ្ញាធរជាតិអប្សរា ជួយសង្គ្រោះត្រពាំងបុរាណឈ្មោះ(ត្រពាំងក្រុះ)ចេញពីកណ្តាប់ដៃឈ្មួញមកវិញ។
ការទទូចសុំនេះ គឺបន្ទាប់ពីឈ្មួញមានឥទ្ធិពលម្នាក់ មកជីកនិងចាក់ដីហ៊ុំព័ទ្ធត្រពាំង ដោយដាំជាដំណាំ និងសង់ជាខ្ចុសគ្រោងបង្កើតជាភោជនីយដ្ឋាននៅទីនោះ។ ត្រពាំងក្រុះនេះ ស្ថិតក្នុងភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រង់ចំណុចខាងក្រោមទំនប់ទឹក៧៨ នៃសង្កាត់ជ្រាវ។បុគ្គលដែលកំពុងជីកនិងចាក់ដីហ៊ុំព័ទ្ធយកត្រពាំងបុរាណខាងលើមានឈ្មោះ តូ សម្បត្តិ ហៅភា ភេទប្រុស។
ក្រុមអ្នកភូមិនៃសង្កាត់ជ្រាវ បានលើកឡើងថា ត្រពាំងបុរាណមួយនេះ ក្នុងពេលកន្លងមករាល់រដូវ ប្រាំង គឺជាប្រភពទឹកសម្រាប់គោក្របីរបស់អ្នកភូមិ។ក្រៅពីនោះវាក៏ជាទីកន្លែងរកត្រីរួម សម្រាប់ពលរដ្ឋក្នុងសង្កាត់ផងដែរ។ ប៉ុន្តែក្នុងរយ:កាលនេះ បុគ្គលឈ្មោះភា បានយកគ្រឿងចក្រទៅជីកស្តារត្រពាំង ហើយដឹកដីមកចាក់ព័ទ្ធជុំវិញដាំដំណាំនិងសង់ជាខ្ចុសបង្កើតជាភោជនីយដ្ឋានថែមទៀត។ សកម្មភាពនេះ គឺកំពុងបង្ហាញពីការគ្រប់គ្រង ត្រពាំងបុរាណខាងលើជា កម្មសិទ្ធិទាំងស្រុង ព្រោះថា មិនអាចអ្នកភូមិណាម្នាក់ចូលទៅប្រើប្រាស់ទឹកត្រពាំងបុរាណនោះឡើយ។
ករណីនេះក្រុមអ្នកភូមិបានទទូចសុំអោយថ្នាក់ដឹកនាំខេត្ត ជាពិសេសអាជ្ញាធរជាតិអប្សរា មេត្តាជួយសង្គ្រោះត្រពាំងបុរាណឈ្មោះ(ត្រពាំងក្រុះ)ពីកណ្តាប់ដៃឈ្មួញមកវិញ ហើយផ្តល់ការប្រើប្រាស់ជាសាធារណ: ដូចកាលគ្រាដើម។
ក្រុមអ្នកភូមិ បង្ហាញពីការចង់បាន ដូចការអនុវត្តរឹបអូសយកត្រពាំងបុរាណ ពីកណ្តាប់ដៃឈ្មួញមានឥទ្ធិពល ដូចត្រពាំង(ហែផ្កា)នាពេលកន្លងមកដូចគ្នាអីចឹង។
ក្រុមអ្នកភូមិបញ្ជាក់ថា កាលពីថ្ងៃទី២២ខែមេសាកន្លងទៅ ក្រុមការងាររដ្ឋបាលក្រុងបានចុះទៅពិនិត្យម្តងហើយ តែលទ្ធផលឆ្លើយថា មិនមានបាត់បង់ទ្រង់ ទ្រាយចាស់នោះទេ គឺនៅតែជាត្រពាំងដដែល។ នេះបង្ហាញថា ជាចម្លើយមួយដែលកំពុងផ្តល់សិទ្ធិអោយបុគ្គលមានឥទ្ធិពលម្នាក់ គ្រប់គ្រងត្រពាំងបុរាណ។
លោក តូ សម្បត្តិហៅភា អ្នកចាក់ដីហ៊ុំព័ទ្ធត្រពាំងខាងលើ បានប្រាប់តាមទូស័ព្ទថា ការជីកស្តារត្រពាំងបុរាណខាងលើ លោកមិនបានសុំច្បាប់ទៅថ្នាក់លើ តែបានសុំទៅលោកសង្កាត់ដោយផ្ទាល់មាត់រួចហើយ។
របាយការណ៍ក្រុមចម្រុះចុះពិនិត្យត្រពាំង ដែលផ្តល់អោយដោយលោកហាយ យង់ ប្រធានការិយាល័យដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណ: នៃសាលាក្រុងសៀមរាប បង្ហាញថា ការជីកស្តារត្រពាំងមិនមានផលប៉ះពាល់ឬបាត់បង់ទ្រង់ទ្រាយដើមនោះទេ។ ការស្តារនេះអាចថែរក្សានិងគ្រប់គ្រងកុំអោយមានការរំលោភបំពានពីពលរដ្ឋ។ ត្រពាំងមានទំហំ៤០គុណ៤០ម៉ែត្រដដែល ហើយត្រពាំងនេះត្រូវរក្សាជាសម្បត្តិរដ្ឋ មិនអនុញាតអោយបុគ្គលណារំលោភធ្វើកម្មសិទ្ធិឡើយ។
ចំណែកលោកពត វ៉ាន់ដេត នាយរងទទួលរួមផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានអោយដឹងតាមទូរសព្ទ័នាព្រឹកថ្ងៃទី៦ខែឧសភានេះថា ឆ្លងកាត់ការពិនិត្យ ត្រពាំងនៅទ្រង់ទ្រាយដដែល។ចំណែកខ្ចុសដែលសង់ត្រៀបត្រានោះ គឺទុកសម្រាប់បណ្តែតទឹកខែវស្សា ចឹងទេមិនអាចក្លាយជាកម្មសិទ្ធិបុគ្គលឡើយ។ តែបើមានករណីអីប្លែក លោកនិងចុះពិនិត្យបន្តទៀត។
ជាមួយគ្នានេះដែរ លោកឈាន រដ្ឋា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងតាមទូរសព្ទ័ថា ក្រុមចម្រុះបានចុះទៅពិនិត្យហើយ ទំហំត្រពាំងនៅដដែលទេ។ លោកឈានរដ្ឋា បញ្ជាក់ថា ទោះជាមានការចាក់ដីហ៊ុំព័ទ្ធមែន តែមិនអាចក្លាយជាកម្មសិទ្ធបុគ្គលនោះឡើយ។
ទោះបីយ៉ាងណា ក្រុមអ្នកភូមិទូទាំងសង្កាត់ជ្រាវនៅតែទទូចសុំអោយថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរជាតិអប្សរា ឈូសឆាយអាចម៍ដីដែលចាក់ហ៊ុំព័ទ្ធត្រពាំងចេញ ហើយដកហូតយកត្រពាំងខាងលើ ទុកជាសម្បត្តិរដ្ឋ សម្រាប់ប្រើប្រាស់ទឹកជាសាធារណ: ដូចត្រពាំង ហែរផ្កា ក្នុងសង្កាត់ជ្រាវអីចឹងដែរ។
សូមរំលឹកថាកន្លងទៅអាជ្ញាធជាតិអប្សរាបានចុះទៅហាមឃាត់ទីតាំងសាងសង់រោងខ្ចុសនៅក្បែរព្រលានយន្តហោះអន្តរជាតិសៀមរាប ក្រោមហេតុផលថា ការសាងសង់មិនមានលិខិតអនុញាតឬអាចនិយាយបានថាការសាងសង់ដោយខុសច្បាប់ព្រោះតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា មិនអាចបុគ្គលណាម្នាក់សាងសង់រំលោភបំពានបានឡើយ។ ជាមួយគ្នានេះជារើយៗគេតែងតែសង្កេតឃើញកម្លាំងមន្ត្រីអាជ្ញាធរជាតិអប្សរាចុះវាយផ្ទះប្រជាពលរដ្ឋមួយចំនួនដែលបានសាងសង់នៅលើដីដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផងដែរ៕SRP