ខេត្តសៀមរាប៖ អភិបាលខេត្តសៀមរាបនៅថ្ងៃទី២៣ខែមិថុនាម្សិលមិញបានដឹកនាំក្រុមការងារបច្ចេកទេសឈ្មោះផ្លូវនិងលេខផ្លូវក្នុងក្រុងសៀមរាប។ ដោយអាជ្ញាធរថាផ្លូវក្នុងក្រុងសៀមរាប ដែលក្រុមការងារបានសិក្សានិងរៀបចំមានចំនួន១៨១៦ខ្សែ ក្នុងនោះផ្លូវប្រមាណជាង ៥០ខ្សែ ត្រូវបានដាក់ឈ្មោះ នៅពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថាអាជ្ញាធរបានឯកភាពលើការកំណត់លេខផ្លូវបានកំណត់ជាប្លុកចំនួន៤ប្លុក ក្នុងនោះប្លុក(ក) មានចំនួន ៥៧៥ខ្សែ ប្រវែងសរុប ១១៤ពាន់៦០០ម៉ែត្រ,ប្លុក (ខ)មានចំនួន៣០៥ខ្សែមានប្រវែងសរុប១៤៨ពាន់៩៩០ម៉ែត្រ ,ប្លុក(គ)មានចំនួន៤៤០ខ្សែមានប្រវែងសរុប ១៣៤ពាន់៣៨០ម៉ែត្រនិងប្លុក(ឃ)មានចំនួន៤៩៦ខ្សែមានប្រវែងសរុប១១៥ពាន់៦៣០ម៉ែត្រ។ដោយឡែកឈ្មោះផ្លូវត្រូវធ្វើការកែសម្រួលមួយចំនួនដោយត្រូវដាក់ជាឈ្មោះវីរជន ឥស្សរជន,សប្បុរសជននិងឈ្មោះពីប្រវត្តិសាស្ត្រ ឬជាឈ្មោះតាមភូមិសាស្ត្រធម្មជាតិ តាមវប្បធម៌ និងឈ្មោះពីបុរាណ និងទៅតាមទម្លាប់មួយចំនួន ហើយត្រូវស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំជាមុនផងដែរ។
បើតាមអភិបាលខេត្តថាសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ក៏ត្រូវរៀបចំផែនការមេអភិវឌ្ឍផ្លូវថ្នល់គម្រោងប្លង់និងកំណត់គម្រោងសាងសង់ស្តារឡើងវិញក្នុងការកែលម្អពង្រីកនិងថែទាំផ្លូវថ្នល់ព្រមទាំងសកម្មភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងក្នុងការស្នើសុំគោលការណ៍ឯកភាពពីរដ្ឋាភិបាល។ ដូចនេះរដ្ឋបាលខេត្តនឹងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវលេខផ្លូវ និងឈ្មោះផ្លូវនាពេលឆាប់ៗខាងមុខនេះ៕SRP
