ខេត្តសៀមរាប៖លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការផ្តួចផ្តើម ឲ្យមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាការគាស់រំលើងនូវប្រពៃណី វប្បធម៌ខ្មែរ ឲ្យរស់រវើកឡើងវិញ។
លោក ហ៊ុន ម៉ានី ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព ការសាងសង់សំណង់នាៗ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅថ្ងៃសៅរ៍ បានមានប្រសាសន៍ថា ចាប់តាំងពីមានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីឆ្នាំ២០១៣ មក ក៏ដូចជាឆ្នាំ២០២៣នេះ ស្មារតីជារួមរបស់អង្គរសង្ក្រាន្ត គឺលើកស្ទួយប្រពៃណី វប្បធម៌ខ្មែរ ក្នុងនោះការសាងសង់សំណង់នាៗ ក៏ត្រូវគោរពតាមរចនាបទខ្មែរដែរ។
លោកម៉ានី បញ្ជាក់ថា “ព្រឹត្តិការណ៍អង្គរសង្ក្រាន្តពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ហើយនឹងបច្ចុប្បន្ន២០២៣ ស្មារតីជារួម គឺការលើកស្ទួយ វប្បធម៌ប្រពៃណីខ្មែរ ហើយក្នុងនោះរចនាបទខ្មែរ ក៏ដូចគ្នាដែរ អីចឹងហើយនៅទិដ្ឋភាព នៅទីតាំងនីមួយៗយើងតែងតែធ្វើការ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកគ្រូ អ្នកគ្រូ នៃសាលាវិចិត្រសិល្បៈដែលគ្រប់រចនាបទ របស់យើង ដូចជាទីតាំងដែលយើងកំពុងឈរនៅទីនេះ ភូមិខ្ញុំ ទីលានជល់ដំរី មុខប្រាសាទបាយ័ន គឺយើងគិតគូរថាសម័យកាលណា ហើយសម្លៀកបំពាក់ណា ដំបូលរបៀបម៉េច? ពេលខ្លះយើងមានសម័យកាល តែមួយឬលើសពីមួយទាំងអស់នេះយើងតែងតែ ឆ្លងសួរនាំ និងតែងមានការណែនាំពិគ្រោះយោបល់ ពីលោកគ្រូ អ្នកគ្រូ សាលាវិចិត្រសិល្បៈ មុនយើងសម្រេចការសាងសង់ជារចនាបទឲ្យស្របទៅនឹងដំណាក់កាល ហើយដោយសារជាព្រឹត្តិការមួយ ដែលលើកស្ទួយរបៀបរបបប្រពៃណីវប្បធម៌យើង អីចឹងរចនាបទទាំងអស់ ស្ទើរតែទាំងស្រុង ទៅក្នុងការយកគំរូតាមអ្វី ដែលជារចនាបទខ្មែរ។ ប៉ុន្តែកន្លែងខ្លះក៏មានច្នៃប្រឌិតដែរ ឧទាហរណ៍ដូចជានៅត្រពាំងសេស ដែលមានតំបន់តោះៗ លេងទឹកឬក៏អី ដែលវាជាកន្លែងកម្សាន្ត មិនអាចទាំងស្រុងដូចរចនាបទទេ“ ។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលខួបគម្រប់១០ឆ្នាំនៃព្រឹត្តិការណ៍នេះ ក្រុមការងារនៃស.ស.យ.ក. បានពង្រីកទីតាំងលេងកម្សាន្តដល់៦ទីតាំង និងមានល្បែងលេងកម្សាន្តដល់ទៅ៤៤ប្រភេទ សម្រាប់ទទួលអ្នកមកកម្សាន្ត។ ជាមួយនឹងការពង្រីកទំហំព្រឹត្តិការណ៍នេះ លោក ហ៊ុន ម៉ានី បានឲ្យដឹងថា ក៏មានយុវជនស្ម័គ្រចិត្តជាង៥០០០នាក់មកចូលរួមផងដែរ៕SRP
មានប្រសាសន៍ នៅកិច្ចប្រជុំសាមញ្ញលើកទី៤៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ នៅរសៀលថ្ងៃសុក្រម្សិលមិញ លោក ទៀ សីហា អភិបាលខេត្ត បានថ្លែងជំរុញ ឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសកម្មភាពបង្ក្រាប ទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។
នៅក្នុងកិច្ចប្រជុំ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរ ពាក់ព័ន្ធ ក្នុងការចូលរួមថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ ក្នុងខេត្តបានល្អប្រសើរ ការចូលរួមទប់ស្កាត់ បាននូវការរីករាលដាលនូវជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានអនុវត្ត ការងារសម្រេចជោគជ័យ ទៅតាមទិសដៅផែនការ ដែលរដ្ឋបាលខេត្ត បានដាក់ចេញតាមខែនីមួយៗ ផងដែរ៕SRP


នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ទី ៦ ខែមេសាឆ្នាំ ២០២៣ នេះ បានចេញអនុក្រឹត្យតែងតាំងលោក ព្រាប កុយវឌ្ឍនៈ ជាអភិបាលក្រុងឧដុង្គម៉ែជ័យ និងលោក មួង ធី ជាអភិបាលស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ។