ខេត្តសៀមរាប៖បុរសម្នាក់ដែលបានសម្លាប់ប្រពន្ធរួចដឹកសពទៅដុតចោល ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
ការចាប់ខ្លួនធ្វើឡើងនៅវេលាម៉ោង១និង០០នាទីថ្ងៃទី០១ខែឧសភា ឆ្នាំ២០២១ នៅភូមិខ្នារក្រៅ(ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
ប៉ូលិសបានឲ្យដឹងថាបុរសរូបនេះឈ្មោះ អេង អឿន អាយុ៥២ឆ្នាំ មានទីលំនៅភូមិខ្នារក្រៅ(ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (ត្រូវជាប្ដី) ដែលពាក់ពន្ធ័ករណី ឃាតកម្មប្រព្រឹត្ត កាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២១វេលាម៉ោង១១និង១០នាទី នៅចំណុចផ្ទះរបស់ខ្លួន ទៅលើជនរងគ្រោះឈ្មោះ លី កុលាប(ត្រូវជាប្រពន្ធ)អាយុ៣៦ឆ្នាំ។
ប្រភពបានឱ្យដឹងថានៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី៣០មេសាឆ្នាំ២០២១ បុរសជាប្ដីបានមករាយការណ៍ប្រាប់សមត្ថកិច្ចថាខ្លួនបាត់ប្រពន្ធកាលពីថ្ងៃទី២៧ មិនដឹងទៅណាមូលហេតុពួកគាត់ឈ្លោះពាក្យសំដីគ្នា។ លុះនៅវេលាម៉ោង១០និង៣០នាទីថ្ងៃដដែល ប្រជាការពារភូមិបានរុករកនៅដីចំការ របស់ជនសង្ស័យស្ថិតនៅខាងក្រោយវិហារព្រះយេស៊ូ ភូមិត្រពាំងពពេលឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ក៏បានឃើញ សាកសពមនុស្សត្រូវបានភ្លើងឆេះសល់តែឆ្អឹង ក្នុងព្រៃល្បាស់។
ជនសង្ស័យបានសារភាពថាពិតជាបានសម្លាប់ប្រពន្ធ របស់គាត់ពិតប្រាកដមែន ដោយមូលហេតុមានជម្លោះអំពើហិង្សាក្នុងគ្រូសារយូរមកហើយ ដោយគាត់អង្វរប្រពន្ធមិនឲ្យលេងល្បែង បែរជាប្រពន្ធនិយាយថាស៊ូលែងលះប្តី ឲ្យតែបានលេងល្បែង ហើយនៅថ្ងៃទី២៧ខែមេសា ពួកគាត់បានឈ្លោះគ្នាអំពីរឿងប្រពន្ធ រកលក់ដី តែគាត់មិនអោយលក់ព្រោះខ្លាចយកប្រាក់ទៅលេងល្បែង ក៏ឈ្លោះប្រកែកគ្នា ប្រពន្ធបានយកដំបងឈើមកវាយគាត់ ហើយគាត់ចាប់ច្រានផ្ដូលហើយយកដៃសង្កត់ក មុនដំបូងសង្កត់តែដៃម្ខាងទេដោយប្រពន្ធរើបំរាស់រកវាយគាត់ទៀត គាត់ក៏សង្កត់ច្របាច់ក ដោយដៃទាំងពីរផ្ងាពោះរហូតដល់ដាច់ខ្យល់ស្លាប់។ ពេលស្លាប់ហើយគាត់អូសសពទៅដាក់ក្បែរទ្រុងជ្រូកហើយគ្របកៅស៊ូតង់ ពណ៌ខៀវ ពីលើមិនអោយអ្នកណាដឹង គាត់ទុកសាកសពចំនួនពីរយប់គឺយប់ថ្ងៃទី២៧និង២៨មេសា២០២១ លុះដល់វេលាម៉ោង០៤,០០នាទីទៀបភ្លឺថ្ងៃទី២៩ខែមេសា គាត់ដឹកសាកសពនិងគោយន្តកន្រ្តៃយកទៅដុតចោលដោយមានគំនរអុសនិងប្រេងម៉ាស៊ូតពេលដុតរួចគាត់ត្រឡប់មកផ្ទះវិញមិនប្រាប់អ្នកណាឡើយ។
សមត្ថកិច្ចបានបញ្ជាក់ថាក្រោយសាកសួរចំលើយនឹងមានសារភាព បានសម្រេចបញ្ជូនបុរសរូបនេះទៅតុលាការដើម្បីអនុវត្ត
តាមផ្លូវច្បាប់៕SRP



