មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត
មានការលើកឡើងនៅក្នុងអំណាចតួនាទីជាមេគយចល័តតំបន់៦ រួមមាន (ខេត្តព្រៃវែង, ខេត្តត្បូងឃ្មុំ , ខេត្តក្រចេះ , ខេត្តមណ្ឌលគីរី , ខេត្តរតនគិរី , ខេត្តស្ទឹងត្រែង ដែលចំណុះឱ្យនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសរត់គេចពន្ធ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ»
ពិតជាមានអំណាចមិនធម្មតាឡើយ ដែលធ្វើឱ្យឈ្មួញរកសុីទាំងតូចទាំងធំត្រូវរត់សុំជួបជាមុន ឬអាចនិយាយបានថា ជាតំណែងកន្លែងខ្លាញ់ងាយស្រួលក្នុងការកើបលុយយកទៅធ្វើមានបានផ្ទាល់ខ្លួនយ៉ាងឆាប់រហ័សបំផុត។
នេះយោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានក្នុងស្រុកមួយចំនួនបានឱ្យដឹងថា នៅក្នុងតំណែងជាមេគយចល័តតំបន់៦ ថែមទាំងមានតួនាទីជាអនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសរត់គេចពន្ធផងនោះ លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ) បានដាក់ពង្រាយមន្ត្រីគយក្រោមឱវាទ និងជនស៊ីវិលជាច្រើនកន្លែងតាមដងផ្លូវជាតិ និងតាមបណ្តាខេត្តនានាដែលស្ថិតក្រោមការគ្រប់គ្រងរបស់គយចល័តតំបន់៦ ដើម្បីប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញចូលពីប្រទេសវៀត ជាក់ស្តែងដូចជានៅចំណុចភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានទាំងឡានចាំដេញកាក់ស្ទាក់ឡានដឹកទំនិញណាដែលបើកហួសមិនព្រមចូលបង់លុយជាដើម។
បើនិយាយពីតួនាទីជាមេគយចល័តតំបន់៦ នេះវិញអាចចាត់ទុកថា គឺជាតំណែងកន្លែងខ្លាញ់មិនធម្មតាឡើយ ដែលអាចធ្វើឱ្យ លោក ព្រាប គារ៉ាត់ (ហៅ សិដ្ធ) អាចរកចំណូលបានយ៉ាងក្រាស់ក្រែលក្នុង១ខែៗ ជាហេតុនាំឱ្យបាត់បង់ចំណូលចូលថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ឬមួយឆ្នាំៗ។ ករណីនេះលោកគុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនគួរមើលរំលងនោះឡើយ។
ដោយឡែកពាក់ព័ន្ធប្រភពព័ត៌មានដែលបានលើកឡើងថា រាល់ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសវៀតណាម ដូចជា បន្លែ ផ្លែឈើ ទំនិញចាប់ហួយ រួមនិងទំនិញផ្សេងៗជាច្រើនមុខទៀត គឺមន្ត្រីគយចល័តតំបន់៦ តម្រូវឱ្យមានការបង់លុយដូចជា ចំពោះរថយន្តសាំងយ៉ុងបង់លុយចាប់ពី (៨០មុឺនរៀល – ១លានរៀល) នេះមិនទាន់រាប់បញ្ចូលទៅដល់ប្រភេទរថយន្តខ្នាតធំផ្សេងៗទៀតនោះទេ។
ជុំវិញព័ត៌មានដែលបានលើកឡើងបែបនេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីលោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះដោយមិនមានលេខទំនាក់ទំនង៕SRP

