ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកុម្ភៈ ព្រឹកមិញនេះ បានចុះពិនិត្យស្ថានភាព ទឹកស្រោចស្រព និងការបង្កបង្កើន ផលស្រែប្រាំង របស់ប្រជាកសិករ នៅតំបន់បឹងជ្រោយ ស្ថិតក្នុងឃុំសូទិព្វនស្រុកជើងព្រៃ។
សូមជម្រាបថាដោយអនុវត្ត តាមសេចក្តីណែនាំរបស់ អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែកុម្ភ: ម្សិលមិញ លោក ផេន សុផល អភិបាលស្រុកបាធាយ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរឃុំ ចុះពិនិត្យ ការកាយ ដាក់លូរំដោះទឹក នៅតំបន់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ដេីម្បីសម្រួល ការរំដោះទឹក រវាងប្រជាពលរដ្ឋ ស្រុកបាធាយ និងស្រុកជេីងព្រៃ សម្រាប់ធ្វើស្រែប្រាំងរបស់ ប្រជាពលរដ្ឋ ទាំងបីឃុំខាងលើ ប្រមាណជាង ១០០០ហិកតា។
ជាមួយគ្នានេះដែរ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ក៏បាន សហការជាមួយអាជ្ញាធរ ស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកកងមាស ដោយមានការចូលរួមពីអាជ្ញាធរឃុំពាក់ព័ន្ធ ចំនួន៧ ធ្វើការបើកផ្លូវទឹក ព្រែកស្ទឹងឆ្វេងទៅតាមសំណើ និងសំណូមពរ របស់ប្រជាពលរដ្ឋផងដែរ។
បើតាមមន្ទីរធនធានទឹកខេត្តបានបញ្ជាក់ថា ការចុះដោះស្រាយនេះ ជាលទ្ធផល ក្រុមការងារសម្រេចបាន ទប់ព្រែក ដើម្បីឆ្លងកាត់ប្រវែង ៣៥.៤៩m បើកមុខ២ m នៅចំណុចខ្លាក្រទាម ឃុំផ្តៅជុំ ស្រុកជើងព្រៃ នឹងទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង ៣៥.៤០m បើកមុខ២ m នៅចំណុចក្រពើប្រជុល ព្រំប្រទល់ ស្រុកជើងព្រៃ និងស្រុកបាធាយ។ ព្រមទាំងទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង ៣៥.៤០m ពីមុនបើកមុខលូ១ m មួយជួរ ឥឡូវក្រុមការងារ តម្រូវអោយបើកមុខលូ១ m មួយជួរបន្ថែមទៀត នៅចំណុចអន្លុងជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ។ នឹងទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង២០.២៥ m ពីមុនដាក់លូមុខកាត់០.៨ m មួយជួរ ឥឡូវក្រុមការងារតម្រូវអោយដាក់លូមុខកាត់០.៨ m ចំនួនពីរជួរន្ថែមទៀត ត្រង់ចំណុចស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយផងដែរ៕SRP
