Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២៥

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តសៀមរាប នាព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ នៃកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ទោ ឈិត អ៊ុយចំរើន នាយរងការិយាល័យគីមីសាស្ត្រ មន្ទីរសម្ភារ:បច្ចេកទេស នៃកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលមរណ:ភាព នៅវេលាម៉ោង ២៣:៣២នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៥ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ចលើកំណាត់ផ្លូវអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ សពតំកល់ធ្វេីបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅក្នុងភូមិកំពង់ថ្កូវ១ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោក ឧត្តមសេនីយ៍ត្រី​ សៀ​ ទីន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះក្រុមគ្រួសារសព និងបាននាំយកនូវបច្ច័យរបស់ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមនិងថវិកាដែលបានមកពីការចូលរួមរបស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងស្មារតីសាមគ្គីភាព សរុបទាំងអស់ចំនួន ១២,៥៧០,០០០រៀល (ដបពីរលានហាសិបប្រាំពីរមុឺនរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ទោ ឈិត អ៊ុយចំរើន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ។ តំណាងគ្រួសារសព ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត និងការលះបង់របស់ លោកនាយឧត្តមសេនីយ៍ ព្រមទាំងក្រុមការងារ នៃកងរាជអាវុធហត្ថខេត្តសៀមរាប និងបានជូនពរឱ្យជួបតែសុខភាពល្អបរិបូណ៍ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២៥

គណៈប្រតិភូសភាសហរដ្ឋអាមេរិកដឹកនាំដោយលោកជំទាវ បេត វ៉ាន់ ដាញ (Beth Van Duyne) សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹងឯកឧត្តមវេជ្ជបណ្ឌិត Richard McCormick សមាជិកសភាប្រចាំរដ្ឋGeorgia និង ឯកឧត្តម Suhas Subraanyam សមាជិកសភាប្រចាំរដ្ឋ Virginia នាថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០២៥ បានមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ដោយមានការទទួលការស្វាគន៍យ៉ាងកក់ក្តៅពី លោក យុន លីនណេ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

ការបំពេញទស្សនកិច្ចរបស់ លោកជំទាវ និងសមាជិកគណៈប្រតិភូនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍលើគ្រប់វិស័យរបស់ខេត្តសៀមរាបដែលជាខេត្តទេសចរណ៍លំដាប់ពិភពលោករបស់ព្រះរាជាណាចក្រកម្ពុជា ហើយលោកជំទាវបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តក្នុងការអភិវឌ្ឍដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនគ្រប់ទិសទីឱ្យចូលមកធ្វើដំណើរកំសាន្ត និងធ្វើការវិនិយោគក្នុងខេត្តដ៏មានសក្តានុពលមួយនេះ។​ បើទោះបីជាការបំពេញទស្សនកិច្ចនេះមានភាពមមាញឹកខ្លាំងយ៉ាងណាក៏ដោយ ក៏លោកជំទាវ និងគណៈប្រតិភូបានចំណាយពេលវេលាចូលទស្សនាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបុរាណនានាជាច្រើនទៀតក្នុងតំបន់រមណីដ្ឋានអង្គរផងដែរ និងពិសេសបានកោតសរសើរស្ងប់ស្ងែងពីស្ថាបត្យកម្ម ចម្លាក់ដ៏ស្មុគស្មាញ ល្អឥតខ្ចោះ ពពេញដោយភាពអស្ចារ្យ និងអាថ៌កំបាំងនៅពីក្រោយ និងជាទីមើលថ្ងៃរះដ៏ល្អបំផុតរបស់សម្បត្តិបេតិកភណ្ឌពិភពលោកនៃមហាប្រាសាទអង្គរវត្ត។

ក្រោយបញ្ចប់ការបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ គណៈប្រតិភូបានធ្វើមាតុភូមិវិវត្តន៍ចេញពីខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ សីហា ២០២៥

ខេត្តសៀមរាប៖លោក សុខ ថុល អភិបាលរងខេត្ត បានជំរុញនិងណែនាំដល់មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តផែនការសកម្មភាព ផែនការអភិវឌ្ឍន៍ និងផែនការវិនិយោគ ស្របជាមួយនឹងយុទ្ធសាស្ត្រ និងកម្មវិធីផែនការថ្នាក់ជាតិ ឱ្យមានភាពស៊ីចង្វាក់គ្នាគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង៎ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃម្សិលមិញ និងលោកជំទាវ យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្ត បានដឹកនាំ កិច្ចប្រជុំពិនិត្យសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរ-អង្គភាព ជុំវិញខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ។

តាមរយៈកិច្ចប្រជុំនាពេលនេះ គឺដើម្បីពិនិត្យលើការងារសកម្មភាពរបស់មន្ទីរ-អង្គភាពនីមួយៗ ដែលបានអនុវត្តកន្លងមក ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយរួមគ្នា កែលម្អនូវចំណុចខ្វះខាតមួយចំនួន និងបង្កើនភាពសម្របសម្រួល និងការគាំទ្រដល់ការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន។

លោកអភិបាលរងខេត្តបានបន្តថា ការសម្របសម្រួលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាការរៀបចំដំណើរការឱ្យឆ្លើយតបទៅនឹងគោលការណ៍ណែនាំរបស់គោលនយោបាយជាតិ សំដៅជំរុញសេវាសាធារណៈឱ្យខិតជិតប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។

លោកក៏បានសំណូមពរដល់មន្ទីរ-អង្គភាព និងអ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការពិនិត្យ តាមដាន និងវាយតម្លៃនូវការអនុវត្តកន្លងមក និងពង្រឹងការអនុវត្តការងារតាមវិស័យនីមួយៗជាបន្តទៀត។

លោកជំទាវ យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរ-អង្គភាពទាំងអស់ ដែលបានអនុវត្តផែនការសកម្មភាពបានល្អប្រសើរ និងបានផ្តល់សេវាសាធារណៈកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋ។

លោកជំទាវក៏បានសំណូមពរដល់ក្រុមការងារទាំងអស់ ធ្វើយ៉ាងណាត្រូវបន្តអនុវត្តការងារបន្ថែមទៀត ដើម្បីឱ្យមូលដ្ឋានកាន់តែមានការអភិវឌ្ឍរីកចម្រើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ សីហា ២០២៥

ខេត្តសៀមរាប៖មន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរជប៉ុន ខេត្តសៀមរាប បានបើកយុទ្ធនាការពិនិត្យវាស់កម្រិតនៃការមើលឃើញ ជំងឺទឹកដក់ក្នុងភ្នែក ជំងឺបាយភ្នែក និងជំងឺកន្ទុយថ្លែន ដោយឥតគិតថ្លៃ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២៥ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទៅ នៅទីតាំងមន្ទីរពេទ្យផ្ទាល់ ស្ថិតក្នុងភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

លោកវេជ្ជបណ្ឌិត ទៀន ម៉េងហ៊ាន ជំនាញឯកទេសភ្នែកនៃមន្ទីរពេទ្យអន្តរជាតិមិត្តភាពអង្គរជប៉ុន បានបង្ហាញថា ជំងឺភ្នែកបើមិនបានពិនិត្យ និងព្យាបាលទាន់ពេលវេលា អាចនាំឱ្យពិការ។ ចំពោះការបើកទទួលពិនិត្យវាស់កម្រិតនៃការមើលឃើញ និងជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ រៀបចំឡើងក្នុងគោលបំណងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ចំពោះបញ្ហាភ្នែក ការថែរក្សាភ្នែក និងតាមដានជំងឺទឹកដក់ក្នុងភ្នែក ដើម្បីជំរុញការពិនិត្យ និងព្យាបាលទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា បច្ចុប្បន្ន ប្រជាពលរដ្ឋដែលមកពិនិត្យភ្នែកភាគច្រើន គឺដោយសារពួកគាត់កើតមានជំងឺភ្នែកឡើងបាយ ជំងឺកន្ទុយថ្លែន និងជំងឺភ្នែកមីញ៉ូប។ ដោយសារកត្តានេះ មន្ទីរពេទ្យនឹងមានគម្រោងធ្វើការពិនិត្យវាស់កម្រិតនៃការមើលឃើញ និងជំងឺទឹកដក់ក្នុងភ្នែក នៅក្នុងខែបន្តបន្ទាប់ទៅតាមសហគមន៍ និងសាលារៀនបន្ថែមផងដែរ៕SRP
ប្រភពពីមន្ទីរព័ត៌មានខេត្តសៀមរាប
អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 1.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២៥

ខេត្តសៀមរាប៖ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានព័ត៌មានសង្ស័យ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការនគរបាលខេត្តសៀមរាប បានចាត់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ទីតាំងលំនៅឋានមួយកន្លែងដែលស្ថិតនៅក្នុង ភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយការឃ្លាំមើលដោយយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញា រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ទឹម កាន់យូណា ហៅ តឿ ឬ យី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន ក្រោយការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើខ្លួនជនសង្ស័យ ជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀនក្នុងខ្លួន) សមត្ថកិច្ចបានបន្តធ្វើការឆែកឆេរនៅលំនៅឋានខាងលើ ដោយរកឃើញម្សៅក្រាមពណ៌ ស ថ្លា ចំនួន ០៣កញ្ចប់ (មានតម្រុយជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន) និងសម្ភារៈវេចខ្ចប់ រួមទាំងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ក៏សាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប និងត្រូវបានចៅក្រមស៊ើបសួរ ចេញដីការបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ សីហា ២០២៥

ខេត្តសៀមរាប៖សមត្ថកិច្ចអាវុធខេត្តសៀមរាបបានឃាត់ខ្លួនក្មេងទំនើងចំនួនពីរនាក់ ដែលបានកែឆ្នៃម៉ូតូខុសបច្ចេកទេស និងដកហូតម៉ូតូរក្សាទុករយ:ពេល៣ខែ។

ការឃាត់នោវេលាម៉ោង២០និង៣៩នាទី ថ្ងៃទី២០ ខែសីហា​ ឆ្នាំ២០២៥ ដោយកម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងសៀមរាប ក្នុងពេលចុះល្បាត​ក្នុងភូមិសាស្ត្រ​ក្រុងសៀមរាប។

សមត្ថកិច្ចអាវុធហត្ថបានបញ្ជាក់ថាក្នុងពេលល្បាតបានជួបប្រទះនឹងក្មេងទំនើង ចំនួន​០២នាក់ កំពុងធ្វើសកម្មភាព ជិះម៉ូតូកែឆ្នៃខុសបច្ចេកទេស ដោយស៊ីម៉ាំងឮខ្លាំង បង្កការរំខានតាមផ្លូវសាធារណៈ ធ្វើឱ្យ​ខូច​សណ្ដាប់ធ្នាប់​សង្គម នៅចំណុចស្ពានរោករាក ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ភ្លាមៗ កម្លាំងល្បាតកងរាជអាវុធហត្ថក្រុងសៀមរាប ក៏ធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង០២នាក់នោះ នាំយកមកការិយាល័ជំនាញ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ដើម្បីធ្វើការអប់រំ និងដាក់វិន័យរដ្ឋបាល ព្រមទាំងដកហូតម៉ូតូ០២គ្រឿង រក្សាទុក៣ខែផងដែរ។

សូមរម្លឹកផងដែរថា កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។ ដោយឡែកចំពោះក្មេងទំនើងជិះម៉ូតូកែឆ្នៃខុសបច្ចេកទេសស៊ីម៉ាំងឮខ្លាំង​នៅតាមផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ សីហា ២០២៥

អាជ្ញាធរខេត្តសៀមរាប ប្រកាសហាមពលរដ្ឋដោយមិនអនុញ្ញាតជីកកាយ ឬធ្វើសំណង់ផ្សេងៗ ឬធ្វើការបង្ហូរទឹកចូលស្ទឹងសៀមរាប

ខេត្តសៀមរាប៖លោក លី សារី អភិបាលរងខេត្តសៀមរាប បានណែនាំបន្ថែមដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវផ្សព្វផ្សាយ និងទប់ស្កាត់ដល់បងប្អូនប្រជាពលរដ្ឋរបស់យើងដោយមិនអនុញ្ញាតជីកកាយ ឬធ្វើសំណង់ផ្សេងៗ ឬធ្វើការបង្ហូរទឹកចូលស្ទឹង ការរៀបចំដាំដើមឈើក៏យើងត្រូវស្នើសុំមករដ្ឋបាលខេត្តដែរ ព្រោះគម្រោងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្ចាស់ជំនួយនៅឡើយ។ ម្យ៉ាងទៀត អាជ្ញាធរមានសមត្ថកិច្ចត្រូវណែនាំដល់បងប្អូនជួយសម្អាតអនាម័យបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងពេលបងប្អូនហាត់ប្រាណ។

លោកអភិបាលរងខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍របស់កូរ៉េ ដែលបានជួយក្នុងការស្តារស្ទឹងសៀមរាបជំហានទី២នេះបានជោគជ័យតាមផែនការដែលបានគ្រោងទុក។

លោក លី សារី បញ្ជាក់ថា ការៀបចំស្ទឹងនេះ គឺជាការលើកកម្ពស់សោភ័ណភាពស្ទឹង និងជាការបញ្ចៀសការជន់លិចទឹកក្នុងក្រុងសៀមរាបបន្តទៀត ម្យ៉ាងទៀតអាចធ្វើឱ្យកាណូតចូលមកដល់ក្នុងខេត្ត ហើយអាចជាផ្លូវក្នុងការដឹកជញ្ជូនបានទៀតផង។ គម្រោងនេះមិនត្រឹមតែលើកកម្ពស់សោភ័ណភាពក្រុងប៉ុណ្ណោះទេ គឺជាការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាសម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើការហាត់ការប្រាណបានទៀតផង។ លោក អភិបាលរងខេត្តបានបញ្ជាក់ថា គម្រោងនេះបន្ទាប់ពីការប្រគល់មករដ្ឋបាលខេត្តគ្រប់គ្រងមែន តែក្រុមហ៊ុននៅតែពិនិត្យ និងជួយមើលថែមួយឆ្នាំទៀតផងដែរ។

លោក លី សារី មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាស តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលសៀមរាប ក្នុងពិធីក្រសួងសាធារណការនិងដឹកជញ្ជូនប្រគល់ទីតាំងស្តារស្ទឹងសៀមរាបជំហានទី២(KHM-18) នៃគម្រោងឥណទានសម្បទានរបស់ធនាគារអាហ័ណ នីហ័ណសាធារណរដ្ឋកូរ៉េ(EDCF) និងបដិភាគរបស់រាជរដ្ឋាភិបាលដល់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃម្សិលមិញ។

នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា គម្រោងស្តារស្ទឹងជំហាន២េនះគឺចាប់ពីស្ពានក្រវាត់ក្រុងរហូតដល់ចុងស្រុកដែលមានប្រវែង ៤ ៦០០ម៉ែត្រ ក្រោមនៃគម្រោងឥណទានសម្បទានរបស់ធនាគារអាហ័ណ នីហ័ណសាធារណរដ្ឋកូរ៉េ (EDCF) និងបដិភាគ របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋ ហើយការស្តារស្ទឹងនេះ គឺយើងរៀបចំឱ្យមានសោភ័ណភាព និងបញ្ចៀសការលិចជន់ទឹកក្នុងក្រុងសៀមរាប។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានបន្តថា កន្លងមកសៀមរាបយើងមានការជន់លិចក្នុងក្រុង ហើយការលិច ទឹកគឺស្ទឹងសៀមរាបដែលហូរកាត់ក្រុងសៀមរាបទៅទន្លេសាបមានការចាល់ ទឹកទន្លេសាបឡើងខ្ពស់ និងទឹកភ្លៀងដែលពុំទាន់មានលូមេ ដោយមានតែលូតូចៗហូរមិនទាន់។ ក្រោយពីសាងសង់ និងជួសជុលរួចរាល់ ថ្ងៃនេះ ក្រសួងនឹងធ្វើការផ្ទេរទៅរដ្ឋបាលខេត្ត និងស្នើដល់រដ្ឋបាលខេត្តទប់ស្កាត់ការតាំងទីលំនៅ និងសំណង់ផ្សេងៗ ដើម្បីធ្វើឱ្យបាត់សោភ័ណភាពដងស្ទឹងសៀមរាបរបស់យើងដែលទើបនឹងស្តាររួច ទន្ទឹមនឹងនេះ យើងក៏ត្រៀមនឹងស្តារស្ទឹងជំហាន៣ ដោយបន្តពីជំហាន២ រហូតដល់កន្ធាយគមថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ សីហា ២០២៥

រដ្ឋាករទឹកស្វយ័តសៀមរាប សូមអភ័យទោសភាពអាក់រអួល ដែលបណ្តាលមកពីលក្ខណៈបច្ចេកទេស

ខេត្តសៀមរាប៖យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តសៀមរាប សូមគោរពជូនដំណឹង ទ្រង់ សម្តេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក-លោកស្រី មេត្តាជ្រាបថា ៖ រដ្ឋាករទឹកស្វយ័តសៀមរាប បាននឹងកំពុងកាត់ភ្ជាប់បណ្តាញថ្មី និងបិទវ៉ានបង្ហូរទឹកជាច្រើនកន្លែង ដែលធ្វើឱ្យសម្ពាធទឹកមានការប្រែប្រួល និងបង្កើតបានជាបញ្ហា ដូចជា ៖ គុណភាពទឹកមិនប្រក្រតី ទឹកឡើងពណ៌ក្រហម ទឹកល្អក់ ជាដើម។

ស្ថិតក្នុងស្ថានភាពនេះក្រុមការងារ រ.ស.ស ខិតខំព្យាយាមលាងចុងបំពង់មេនាំទឹក និងដោះនាឡិកាទឹកលាងសម្អាត និងបង្ហូរទឹកចេញ តាមទីតាំងប្រើប្រាស់ផ្ទាល់របស់អតិថិជន ហើយគុណភាពទឹកអាចនឹងវិលមករកស្ថានភាពដូចដើម ឬធម្មតាវិញ ក្នុងពេលល្ងាចនេះ ឬថ្ងៃស្អែក។

រដ្ឋាករទឹកស្វយ័តសៀមរាប សូមអភ័យទោសភាពអាក់រអួល ដែលបណ្តាលមកពីលក្ខណៈបច្ចេកទេស។

សូមទ្រង់ សម្តេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក-លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងយោគយល់អធ្យាស្រ័យចំពោះបញ្ហាដែលបានកើតឡើងខាងលើនេះ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងបញ្ហាទឹក រដ្ឋាករទឹកស្វយ័តសៀមរាប នឹងធ្វើបច្ចុប្បន្នភាព ជូននៅថ្ងៃស្អែក។ សូមគោរព អរគុណ!

ជុំវិញករណីនេះ លោកចាន់ សេងឡា ប្រធានរដ្ឋាករទឹកស្វយ័តសៀមរាប បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅព្រលប់ថ្ងៃពុធនេះថា បញ្ហាទឹកស្អាតមួយចំនួននៅសៀមរាបដែលប្រែពណ៌ក្រហម ដោយមានបញ្ហាបន្តិចបន្តួចនៅរោងចក្រ ដោយសារទឹកទន្លេសាបមានការប្រែប្រួល ករណីនេះមន្ត្រីជំនាញកំពុងដោះស្រាយហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ សីហា ២០២៥

ខេត្តសៀមរាប៖នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប នាថ្ងៃម្សិលមិញ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តបានដឹកនាំពិភាក្សាស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមានការចូលរួមពីក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។

បន្ទាប់ពីស្តាប់បទបង្ហាញរបស់មន្ទីរបរិស្ថាន ស្តីពីការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែនភូមិសាស្រ្តខេត្តសៀមរាប និងការចូលរួមមតិយោបល់ពីអង្គប្រជុំរួចមក លោក អភិបាលរងខេត្តបានណែនាំដល់ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃបឹងពែ និងដែនជម្រកសត្វព្រៃភ្នំត្នោត -ភ្នំពក និងត្រូវពិនិត្យឡើងវិញនូវអត្តសញ្ញាណរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់កាន់កាប់ដីក្នុងតំបន់ទាំងបួន គឺតំបន់ស្នូល តំបន់ចីរភាព តំបន់អភិរក្ស និងតំបន់សហគមន៍។

លោកអភិបាលរងខេត្ត ក៏បានណែនាំបន្ថែមដល់អ្នកពាក់ព័ន្ធត្រូវសហការគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យបានការដឹកជញ្ជូនឈើខុសច្បាប់ទោះរូបភាពណាក៏ដោយ ម្យ៉ាងទៀតការដឹកជញ្ជូនពីខេត្តផ្សេងឆ្លងកាត់ខេត្តសៀមរាបក៏បញ្ហាដែលកើតមានឡើងផងដែរ ដូចនេះសូមសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្ក្រាបឱ្យបាន។ ជាមួយគ្នានេះ លោក ក៏បានជំរុញឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរបរិស្ថានត្រូវរៀបចំស្រង់ទិន្នន័យ ឡ ផលិតធ្យូងទាំងអស់ក្នុងខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២៥

ខ្ចីម៉ូតូជិះទៅផឹកកាហ្វេមួយភ្លែតនៅស្រុកអង្គរជុំ បើកមកដល់សៀមរាប

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថុខេត្តសៀមរាបឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់ ករណី រំលោភលើទំនុកចិត្ត (យយកម៉ូតូ។

សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា យោងពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ភឿង សំបាន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ​ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប បានចោទប្រកាន់ទៅលើ ឈ្មោះ យុង ផាយីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិចំបក់ ឃុំចំបក់ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចអាវុធហត្ថបានបន្តថា កាលពីម៉ោង ១៣:១៥នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ជនសង្ស័យ​បានខ្ចីម៉ូតូទៅផឹកកាហ្វេមួយភ្លែត ស្រាប់តែបាត់រហូត នៅវេលាម៉ោង១៨:០០នាទី ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស អង្គភាពនគរបាលយុត្តិធម៌ និងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ បានចុះធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប
ចាប់វត្ថុតាងរួមមាន៖
១. ម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៣ ពាក់ផ្លាកលេខ សៀមរាប 1AP-9349 (ជារបស់ជនរងគ្រោះ)
២. ទូរសព្ទដៃចំនួន ០២គ្រឿងៈ (OPPO ចំនួន ០១គ្រឿង-និង realme ចំនួន ០១គ្រឿង)។

បច្ចុប្បន្ន៖ ជនសង្ស័យត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២៥

ខេត្តសៀមរាប៖សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា នៅវេលាម៉ោង១៥:០០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មានជនរងគ្រោះម្នាក់មានទីលំនៅក្នុង ក្រុងសៀមរាប ខេត្តសៀមរាប បានមកដាក់ពាក្យបណ្ដឹង នៅកងរាជអាវុធហត្ថខេត្តសៀមរាប ឲ្យជួយស្វែងរកមនុស្សស្រីម្នាក់ដែលបានចូលលួចយក (Tablet) ពណ៌ប្រផេះចំនួន ០១គ្រឿងដែលទុកនៅលើតុគិតលុយកន្លែងលក់នំខេក មានទីតាំងនៅចំណុចភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១៧:១៦នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងការិយាល័យជំនាញបានធ្វើការស្រាវជ្រាវ ដោយមើលសកម្មភាព តាមកាមេរ៉ាសុវត្ថិភាព ឃើញស្រីម្នាក់ចូលទៅយក (Tablet) រួចជិះម៉ូតូគេចខ្លួនបាត់តែម្តង។

លុះដល់ម៉ោង ១៧:១០នាទី បានរកឃើញស្ត្រីដែលជាជនបង្ក នៅផ្ទះស្ថិតនៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយបានដកហូតម៉ូតូចំនួន ០១គ្រឿង ដែលបានជិះធ្វើសកម្មភាពផងដែរ។

ដោយបានការអនុញ្ញាតិពី ​ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានអនុញ្ញាតិឱ្យជនសង្ស័យដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ (សរសៃប្រសាទ) ឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២៥

លោកមាស ធីបញ្ញា ទិញដីចេញសែក តែសុទ្ធជាសែកស្អុយ

ផ្តើមចេញពីសន្យាទិញ-លក់ដី ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ រវាង លោក ម៉ម គឹមលី ជាអគ្គនាយកក្រុមហ៊ុន សុក្រិត លែន រៀល អ៊ីស្ទេត ឯ.ក បានលក់ដីទៅឱ្យ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន នូវដីចំនួន៣៤ឡូតិ៍ស្មើនឹងទំហំ ៣៤០០ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងតម្លៃព្រមព្រៀងគ្នាចំនួន១៧ម៉ឺនដុល្លារអាម៉េរិក។

ដើម្បីធានាលើការទូទាត់ប្រាក់ជូនភាគីអ្នកលក់ ពោលគឺ ភាគីអ្នកទិញ សំដៅលើ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន បានចេញសែកចំនួន១០សន្លឹកក្នុងមួយសន្លឹកមានចំនួន ១៧.០០០ដុល្លារអាម៉េរិក ។ ប៉ុន្តែ ក្រោយមក លោក ម៉ម គឹមលី ក៏បានយកសែកមួយសន្លឹកទៅបញ្ជាក់នៅធនាគារ ABA គឺ សែកនេះគ្មានសាច់ប្រាក់នោះទេ ដែលជាបទល្មើសព្រហ្មទណ្ឌមានចែងក្នុងមាត្រា២៣១នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់។

លោក ម៉ម គឹមលី បញ្ជាក់ថា ដីទាំងអស់ដែល លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន បានទិញពីលោក គឺ បានលក់អស់ទៅហើយឱ្យអ្នកដទៃ តែមិនព្រមប្រគល់ប្រាក់មកឱ្យ លោក ម៉ម គឹមលី នោះទេ។

ដោយសារភាគីអ្នកទិញ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន គ្មានឆន្ទះក្នុងការដោះស្រាយដោយសន្តិវិធីនិងគេចវេសនោះ ពេលនេះ លោក ម៉ម គឹមលី បានដាក់ពាក្យបណ្តឹងរួចហើយ។

យោងតាមពាក្យបណ្តឹងរបស់លោក ម៉ម គឹមលី នៅថ្ងៃទី១៣ ខែសីហា បានគោរពជូនប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន បានទិញដីឡូតិ៍ពីលោក ម៉ម គឹមលី ចំនួន៣៤ឡូតិ៍ មានតម្លៃសរុប១៧ម៉ឺនដុល្លារអាម៉េរិក ។ ចំនួនទឹកប្រាក់ទាំងនោះត្រូវបានទូទាត់ជាដំណាក់កាលនីមួយៗ យោងតាមកិច្ចសន្យាទិញ-លក់ដី ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ និង កិច្ចសន្យាទិញ-លក់ដី ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

លោក ម៉ម គឹមលី ជាដើមបណ្តឹង បានបញ្ជាក់ទៀតថា រហូតមកទល់ពេលនេះ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន មិនបានទូទាត់ប្រាក់មកឱ្យ លោក ម៉ម គឹមលី ចំនួន១៧ម៉ឺនដុល្លារអាម៉េរិក តាមកាលបរិច្ឆេទដូចបានកំណត់ក្នុងសែក ABA ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នោះទេ ដោយសែកនេះគ្មានសាច់ប្រាក់ឡើយ។

ដើមបណ្តឹង លោក ម៉ម គឹមលី បានសំណូមពរឱ្យលោកប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន ផង។

ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោក មាស ធីបញ្ញា បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page7 Page8 Page9 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប៉ូលិសមួយរូបចូលសារភាព ក្រោយបាញ់សម្លាប់ពលរដ្ឋម្នាក់របួសម្នាក់ ដោយសារក្រុមជនរងគ្រោះយកកាំបិតបុ័ងតោដេញកាប់ ប៉ូលិសមួយរូបចូលសារភាព ក្រោយបាញ់សម្លាប់ពលរដ្ឋម្នាក់របួសម្នាក់ ដោយសារក្រុមជនរងគ្រោះយកកាំបិតបុ័ងតោដេញកាប់ ចុះផ្សាយថ្ងៃទី ៥ មេសា ២០២៦
ចាប់ខ្លួនអ្នកទទួលទិញផលចោរកម្មនិងបក្សពួកចំនួន ៣នាក់ ចាប់ខ្លួនអ្នកទទួលទិញផលចោរកម្មនិងបក្សពួកចំនួន ៣នាក់ ចុះផ្សាយថ្ងៃទី ៥ មេសា ២០២៦
នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា ចុះផ្សាយថ្ងៃទី ៣ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×