Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ តុលា ២០២៣

ខេត្តសៀមរាប៖កម្មករម៉ាស៊ីនច្រូតស្រូវម្នាក់ត្រូវបានខ្សែភ្លើងកាត់ផ្លូវឆក់បណ្ដាលឱ្យស្លាប់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នៅចំណុចលើផ្លូវលំលិចទឹក ស្ថិតនៅភូមិគោកជ្រៃឃុំសសរស្តម្ភ ស្រុកពួក។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វឹង វីរ័ត្ន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករម៉ាស៊ីនច្រូតស្រូវ មានទីលំនៅភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបន្តថា ករណីនេះ មូលហេតុ មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូតាមពីក្រោយថៅកែម៉ាស៊ីនច្រូតស្រូវ ដែលបើកគោយន្តនិងដឹកម៉ាស៊ីនច្រូតពីលើផង ពេលថៅកែខ្លួនបើកដល់ចំណុចកើតហេតុ គោយន្តថៅកែរបស់ខ្លួនបានទាក់នឹងខ្សែភ្លើងកាត់ផ្លូវ ដោយប៉ះទៅនឹងដងបញ្ចេញស្រូវនៃម៉ាស៊ីនច្រូត នៅលើគោយន្ត ពេលនោះជនរងគ្រោះបានឈប់ម៉ូតូ រួចបានឡើងលើគោយន្ត តាមជណ្តើរខាងក្រោយ បណ្តាលឲ្យខ្សែភ្លើងឆក់និងបាន « ស្រែកថា ជួយៗរួចដួលក្នុងទឹកតែម្តង»។ បន្ទាប់ថៅកែ ឈ្មោះ យប់ ខ្មៅ បើកគោយន្តផុតខ្សែភ្លើង បានឈប់និងចុះមកលើកជនរងគ្រោះ ជាមួយប្រជាពលរដ្ឋ ក្នុងភូមិ រួចបញ្ជូនជនរងគ្រោះ មកពេទ្យស្រុកពួក ជនរងគ្រោះបានស្លាប់បាត់ទៅហើយ៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ តុលា ២០២៣

ខេត្តសៀមរាប៖វេលាម៉ោង ០៧និង០០នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅចំណុច ស្រះទឹកខាងកើតចំងាយពីផ្ទះប្រហែលជាង១០០ម៉ែត្រ ស្ថិតនៅភូមិមោងខាងជើងឃុំ មោង ស្រុកស្រីស្នំខេត្តសៀមរាប មានករណីលង់ទឹកស្លាប់ម្នាក់។

ជនរងគ្រោះឈ្មោះ ឈួ  សុភា  ភេទប្រុសអាយុ ២៦ ឆ្នាំរស់នៅភូមិមោងខាងជើងឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរ កសិករ។

មូលហេតុ : ចុះដកព្រលឹតក្នុងស្រះមិនចេះហែលទឹក ហើយរអិលជើងធ្លាក់ចូលកន្លែងជ្រៅបណ្តាលឲ្យលង់ស្លាប់តែម្ដង។

តាមការពិនិត្យនិង ធ្វើកោសល្យវិច័យរបស់ជំនាញនគរបាលស្រុកនិងគ្រូពេទ្យ សន្និដ្ឋានថា សពបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២៣

លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ឋកីឡាអេឡិកត្រូនិកកម្ពុជា មានប្រសាសន៍ថា អ្នកសារព័ត៌មានមានតួនាទីរាយការណ៍ សរសេរអត្ថបទ នូវរឿងរ៉ាវគ្រប់ប្រធានបទដើម្បីបំរើដល់អ្នកអាន អ្នកស្តាប់ អ្នកមើលនូវរឿងរ៉ាវទាំងនោះ ដោយចាំបាច់ត្រូវគោរពតាម ច្បាប់ស្តីពីរបបសារព័ត៌មាន គោរពក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយអ្នកសារព័ត៌មានជាង ៦០នាក់ ដែលមានស្នាក់ការក្នុងខេត្តសៀមរាប នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នេះ នៅមន្ទីរព័ត៌មានខេត្ត លោកជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍ទៀតថា ការសរសេរ និងការរាយការណ៏ព័ត៌មាន ត្រូវពឹងផ្អែកទៅលើគោលការណ៍ ចំនួន ៦ចំណុច ដែលជាមូលដ្ឋានគ្រឺះសំរាប់ការស្វែងរកអោយឃើញនូវមូលហេតុនៃដំណើររឿង។ ជាពិសេសទៀតនោះ ជាឫសគល់នៃការយកមកបង្ហាញអោយអស់នូវដើមចមនៃហេតុការមួយដែលត្រូវបានកើតឡើងឱ្យគ្រប់ជ្រុងជ្រោយ។ ហើយគោលការណ៍ ៦ចំណុចរួមមាន៖ តើនរណា តើមានអ្វីដែលកើតឡើង តើហេតុការនោះបានកើតឡើងនៅពេលណា នៅឯណា មូលហេតុ និងតើកើតឡើងបានដោយរបៀបណា?។

លោកបន្តថា ក្នុងន័យជំរុញ និងណែនាំដល់អ្នកសរសេរព័ត៌មានដើរឱ្យទាន់ និងសិក្សាស្វែងយល់ អំពីការផលិតព័ត៌មាន ក្នុងបរិបទ នៃការវីវដ្តបច្ចេកវិទ្យាឧស្សាហកម្ម៤.០ និងសារព័ត៌មានតាមប្រព័ន្ធអ៊ិនធើណែត ព្រោះដោយសារ តែល្បឿននៃការបញ្ជូនព័ត៌មានបានលឿននិងទាន់ហេតុការ នៅតាប្រព័ន្ធអ៊ីនធើណែត និងដោយសារតែការហូរចូលនូវប្រព័ន្ធកុំព្យូទ័រដ៏ច្រើនសន្ធឹកសន្ធាប់ នាពេលបច្ចប្បន្ន ក៏ដូចជាវិសាលភាពនៃការរីកចំរើនរបស់ សារព័ត៌មាន អ៊ីនធើណែតកានតែមានភាពធំឡើងៗ ដែលអាស្រ័យទៅដោយឧបករណ៏ ដែលមានភាពទំនើបនាពេលថ្មីៗទាំងនេះ។

បើតាមលោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បញ្ជាក់ថា ពិធីជួបសំណេះសំណាលនាពេលនេះ រៀបចំឡើងក្រោមការសហការគាំទ្រពីក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តសៀមរាប ស្របតាមប្រសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ដោយបានណែនាំដល់មន្ទីរព័ត៌មានរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់រៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងអភិវឌ្ឃធនធានសមត្ថភាព តួនាទីភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានដើម្បី បង្កើនប្រសិទ្ឋភាពការងារ បង្កើនភាពស្និទ្ឋស្នាលរវាងអ្នកសារព័ត៌មានជាមួយថ្នាក់ដឹកនាំនិង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងន័យបង្ខិតឱ្យកាន់តែកៀកជិតគ្នា សហការល្អ សំដៅរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២៣

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ស្ថិតក្នុងយុគសម័យឌីជីថល បានធ្វើឱ្យវិស័យព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមានផងដែរ។ កត្តាទាំងពីរ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកស្ដាប់ អ្នកអាន និងអ្នកមើល ព្រោះថាបើព័ត៌មាន ដែលផ្សាយទៅមានខ្លឹមសារវិជ្ជមាននោះ សង្គមជាតិ មិនមានបញ្ហាអ្វីឡើយ ប៉ុន្តែបើព័ត៌មានដែលផ្សាយចេញនោះធ្វើឱ្យអ្នកទទួលពិបាក និងធ្វើឱ្យប៉ះពាល់សង្គមជាតិថែមទៀតផង។ ក្នុងន័យនេះ មុននឹងធ្វើការផ្សព្វផ្សាយនូវព័ត៌មានណាមួយ ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវអនុវត្តឱ្យស្របតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន ចៀសវាងមានផលប៉ះពាល់ណាមួយដល់សង្គម ដូចសម្ដេចតេជោ បានផ្ដល់ពាក្យស្លោកជូនអ្នកសារព័ត៌មាន «កុំបំពានសិទ្ធអ្នកដទៃ កុំបំភ្លៃការពិត» ដើម្បីពង្រឹងវិជ្ជាជីវៈ និងជំនឿទុកចិត្តពីសាធារណជន។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន ជាង ៦០នាក់ ដែលមានស្នាក់ការក្នុងខេត្តសៀមរាប នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នេះ នៅមន្ទីរព័ត៌មានខេត្ត ក្នុងនាមរដ្ឋបាលខេត្ត លោកស្រី ម៉ននី រង្សី បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងស្ថាប័នរដ្ឋ និងផ្នែកឯកជន ក្នុងវិស័យព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មាន មួយចំនួនធំ ដែលបានយកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមក្រមសីលធម៌និងវិជ្ជាជីវៈ ក្នុងចុះយកព័ត៌មាន ផលិតព័ត៌មាន ពីព្រឹត្តិការណ៍នានា ដែលកើតមាននៅមូលដ្ឋាន ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបញ្ជ្រាបព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ តុលា ២០២៣

ខេត្តសៀមរាប៖ក្រោយពីមានអំពើហិង្សាយ៉ាងព្រៃផ្សៃ ពីសំណាក់ព្រះចៅអធិការវត្ត ទៅលើសាមណេរ តេជគុណ សឿត សុម៉ៅសុវណ្ណរ៉ា ព្រះគ្រូចៅអធិការវត្ វេឡុវ័នដោកពោយគោកក្រោល បានផ្ដិតមេដៃធ្វើកិច្ចសន្យា
ជាលើកទី៣ទៀត លោកហ៊ានសឹក ព្រមទាំងប្រឈមចំពោះមុខច្បាប់។

សូមរំលឹកថា អំពើហិង្សាបានកើតឡើង រវាងព្រះចៅអធិការវត្ត និងសាមណេរ បណ្ដាលអោយសាមណេរ០២ ព្រះអង្គ ក្នុងចំណោម២៨អង្គ រងរបួសជាច្រើនថ្នេរ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងវត្តវេឡុងវ័ន ដោកពួយគោកក្រោល ស្ថិតនៅភូមិឬស្សីសាញ់ ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីវេលាម៉ោង ១១និង២០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្រីស្នំ។

សាមណេរ០២ព្រះអង្គ ដែលបានរងរបួសដោយអំពើហិង្សាពីព្រះចៅអធិការវត្តព្រះនាមបឿត សុម៉ៅ សុវណ្ណារ៉ា មានព្រះនាមដូចជា៖
១.សាមណេរ អុក ទីណា មានព្រះជន្ម ៩ព្រះវស្សា មានទីលំនៅភូមិជើងទៀន ស្រុកចុងកាល់ខេត្តឧត្ដរមានជ័យ ទទួលរងរបួសបែកថ្ងាស១កន្លែងដេរ៥ថ្នេរ សម្រាកព្យាបាលនៅមណ្ឌលសុខភាព។
២.សាមណេរ ហៅ លីហៀង មានព្រះជន្ម៨ព្រះវស្សា
រងរបួសស្រាល ហើមព្រះកេស (ក្បាល) ដើមដៃខាងស្ដាំ ស្មាឆ្វេង ប្រអប់ដៃខាងឆ្វេង។

ចំណែកព្រះចៅអធិការព្រះនាមបឿត សុម៉ៅសុវណ្ណារ៉ា ចៅអធិការវត្តវេឡុងវ័នដោកពួយគោកក្រោល បានមានសង្ឃដីកាប្រាប់អ្នកសារព័ត៌មានថា ព្រះអង្គពិតជាបានជ្រុលដៃប្រើអំពើហិង្សាទៅលើសាមណេរ ទាំងពីរអង្គនោះឲ្យរងរបួសពិតប្រាកដមែន។ ដោយព្រះអង្គបានលើកឡើងថា ការធ្វើនេះគឺជាការប្រៀនប្រដៅ ចំពោះសាមណេរ គ្រប់អង្គដែលបានប្រព្រឹត្តខុស លួចលុយ លួចឆាន់ចង្ហាន់ខុសកាលវេលា និមន្តចេញពីវត្តដោយសេរីគ្មានការអនុញ្ញាត និងទៅលែងទឹកវាលស្រែប៉ះពាល់ផលដំណាំពុទ្ធបរិស័ទ….. ជាដើម។

ព្រះអង្គចៅអធិការវត្តនោះ ក៏មានសង្ឃដីកាបន្តទៀតថា ព្រះអង្គមានការសោកស្ដាយ នៅកំហឹងមួយភ្លែតរបស់ព្រះអង្គ ចំពោះសាមណេរ ហើយព្រះអង្គក៏សូមខន្តីអភ័យទោស ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ន មន្ត្រីរាជការគ្រប់អង្គភាព ពុទ្ធបរិស័ទចំណុះជើងវត្ត ចំពោះកំហុសឆ្គង ដោយមិនបានព្រាងទុក។

ព្រះអង្គ ក៏បានធ្វើលិខិតកិច្ចសន្យា ឈប់បន្តប្រើអំពើហិង្សាតទៅទៀត បើសិនជាមានថ្ងៃមុខព្រះអង្គនៅតែប្រើអំពើហិង្សានេះកើតឡើងម្ដងទៀត ព្រះអង្គនឹងលាចាកសិក្ខាបទ ហើយព្រមទទួលទោសចំពោះមុខច្បាប់ជាធរមាន។

ក្នុងលិខិតនេះបានធ្វើចំពោះមុខសាក្សីជាច្រើននាក់ ក្នុងចំណោមនោះ មានព្រះវត្តមានព្រះអនុគណស្រុកស្រីស្នំ ព្រះអង្គកិនស្មឿន និងលោកហ៊ន់ ឬទ្ធិ អភិបាលស្រុកស្រីស្នំផងដែរ។

ទោះជាយ៉ាងណា សៀមរាប ប៉ុស្តិ៍ ពុំទាន់បានធ្វើការទំនាក់ទំនង ជាមួយសាមណេរ២អង្គនោះបាននៅឡើយទេ ដោយព្រះអង្គនៅសម្រាកព្យាបាលព្រះកាយនៅឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 6.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ តុលា ២០២៣

ខេត្តសៀមរាប៖ព្រះសង្ឃមួយអង្គ បានសម្រេចអត្តឃាត «ចងកសម្លាប់ខ្លួន»។ ហេតុការណ៍បានកើតឡើងវេលាម៉ោង១៨និង ០០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចដើមទាបខាងលិចសាលាឆាន់ក្នុងវត្តបទុមឈូករង្សី ចម្ងាយ ២ម៉ែត្រស្ថិតក្នុងភូមិទ្រាសឃុំសែនសុខ ស្រុកក្រឡាញ់ខេត្តសៀមរាប។

ព្រះសង្ឃ ឈ្មោះ វឿន ភេទ ភេទប្រុស អាយុ​ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទ្រាសឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

យោងតាមការបំភ្លឺរបស់យាយជីឈ្មោះ ហេង ហើន អាយុ ៧៦ឆ្នាំ ដែលលោកយាយ បានមកនៅ ក្នុងវត្តបទុមឈូករង្សី ជាយូរមកហើយ បានអោយដឹងថា: នៅវេលាម៉ោង ១៨ ថ្ងៃទី២៤ខែ តុលា ឆ្នាំ ២០២៣  លោកយាយ បានសម្រាកនៅសាលាឆាន់ ពេលនោះ ស្រាប់តែលោកសង្ឃ ឈ្មោះ វឿន ភេទ បានមកសួរថា ម៉ែឯងបាត់ឈឺហើយនៅ  ហើយយាយបានឆ្លើយថា បានគ្រាន់ហើយ បន្ទាប់ពីលោកឈ្មោះ វឿន ភេទ (សព) បានឈរ លេងមួយសន្ទុះ លោកក៏បាននិមន្តទៅកុដ្តវិញហើយបានពាក់ស្បង់ជីពរ ចូលព្រះវិហារ។លុះមួយសន្ទុះមក លោកឈ្មោះ វឿន ភេទ បាននិមន្តមកសាលាឆាន់ ហើយបាននិយាយប្រាប់លោកយាយថា ខ្ញុំមិនចង់រស់ទេ ហើយក៏និមន្តចូលបន្ទប់ទឹក ពេលនោះ លោកយាយក៏បានឃើញលោកកំពុងតែស្បង់បំរុងនិងធ្វើអដ្ឋឃាត(ចងក)ក្នុងបន្ទប់ទឹក តែលោកយាយបានទៅឃាត់ហើយប្រាប់ថា លោកកូននេន កុំធ្វើចឹង ពេលនោះ លោកកូន(សព)ក៏បានដើរចេញពីបន្ទប់ទឹក តម្រង់ទៅខាងត្បូងសាលាឆាន់ លោកយាយក៏ទៅដាំបាយ។ លុះដល់វេលាម៉ោងប្រហែល១៨,០០នាទី ដោយឃើញស្ងាត់ លោកយាយបានដើរទៅមើលក្រោយសាលាឆាន់ ក៏ឃើញលោកកូន ឈ្មោះ វឿន ភេទ បានធ្វើអដ្ឋឃាត ដោយចងក និងដើមទៀប ឃើញដូចនោះលោកយាយបានរត់ស្រែកហៅលោកកូននេនផ្សេងទៀត អោយមកជួយ តែជាអកុសល លោកកូនវឿនភេទ បានស្លាប់បាត់ទៅហើយ។

ការពិនិត្យសាកសព :
-សព មានកំពស់ ១,៦៨សង់ទីម៉ែត្រ ស្លៀកពាក់ ស្បង់ជីព ពណ៌ ឡាទុំ
– ផ្នែកក្បាល: ដងខ្លួន និង អវយវៈទាំងអស់ ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មេីសព្រហ្មទណ្ឌទេ។

ការសន្និដ្ឋាន :
តាមរយៈការពិនិត្យវិភាគកន្លែងកើតហេតុ ព្រមទាំងការបំភ្លឺរបស់លោកយាយ ហេង ហើន និងការពិនិត្យ ធ្វើកោសល្យវិច្ច័យរបស់គ្រូពេទ្យ  យើងសន្និដ្ឋានថា សពបានស្លាប់ដោយចងកសម្លាប់ខ្លួនពិតប្រាកដមែន។ ក្រោយពិនិត្យចប់ បានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថាព្រះសង្ឃខាងលើបានមកបួសជាព្រះសង្ឃ នៅវត្តបទុមឈូករង្សី បានចំនួន ០៣ព្រះវស្សា ដោយមូល ហេតុ មានជម្ងឺប្រចាំកាយ ច្រើនមុខនិងឈឺញឹកញាប់ពេក៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ តុលា ២០២៣

ខេត្តសៀមរាប៖អាជ្ញាធរបានប្រាប់ដល់ប្រជាពលរដ្ឋ ដែលបានធ្វើប្រទីបលក់ ក្នុងឱកាសបុណ្យអុំទូកនេះ មិនអនុញ្ញាត ឱ្យយកឧបករណ៍ស្នោ ធ្វើជាប្រទីបឡើយ ដែលធ្វើឱ្យប៉ះពាល់ ដល់បរិស្ថាន ហេីយសូមបងប្អូនត្រូវធ្វើប្រទីប ពីដើមចេកវិញ ដែលវាមិនបង្កហានីភ័យដល់សោភណ្ឌភាពដងស្ទឹងនោះឡើយ ព្រមទាំងបង្កើតនូវជីវៈចម្រុះ នៃដងស្ទឹងផងដែរ។ ម៉្យាងទៀត ចំពោះរាល់ស្តង់លក់ដូរទាំងអស់ ត្រូវគោរពតាមការណែនាំ របស់គណៈកម្មការរៀបចំពិធីបុណ្យ ចំពោះអនាម័យ បរិស្ថាន តែបើមានស្តង់មួយណា បានបំពុលបរិស្ថានដងស្ទឹងនោះ គណៈកម្មការនឹងធ្វើការបញ្ឈប់ មិនអនុញ្ញាត ឱ្យលក់ដូរបន្តទៀតនោះឡើយ។

ក្នុងកិច្ចប្រជុំកិច្ចពិភាក្សា លើបច្ចេកទេស និងទិដ្ឋភាពទូទៅក្នុងក្រុងសៀមរាប សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ព្រឹត្តិការណ៍ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ​ អកអំបុកឆ្នាំ២០២៣ នេះ នឹងរៀបចំធ្វើឡើងតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ចាប់ពីស្ពានថ្ម អតីតមន្ទីរទេសចរណ៍ រហូតដល់ស្ពានអាងក្រពេី ដោយមានរៀបចំនូវកម្មវិធីកម្សាន្ត ដូចជាការប្រកួតទូកបុរស​ នារី​ អុំទូកខ្នាតតូច​​ ជិះទូកលេងកម្សាន្ត​ ផ្សារទឹក​ ការប្រគុំតន្ត្រី​ ប្រដាល់គុនខ្មែរ លក្ខណៈអន្តរជាតិ​ អកអំបុក បណ្តែតប្រទីប​​ ការតាំងពិរពណ៌​ និងកម្មវិធីជាច្រេីនទៀត សម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរ បានទស្សនាកម្សាន្ត សប្បាយនិងបានស្វែងយល់បន្ថែម អំពីវប្បធម៌ ប្រពៃណីទំនៀមទំលាប់ របស់ប្រជាពលរដ្ឋខែ្មរយើង ដែលបានបន្សល់ទុក តាំងពីយូរលង់ណាស់មកហើយ ដែលនឹងប្រព្រឹត្ត ទៅរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៣។

ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានណែនាំមួយចំនួនដល់អនុគណៈកម្មការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ដែលមានទូកចូលរួមប្រកួត ក្នុងពិធីបុណ្យអុំទូក ត្រូវពិនិត្យ ផ្គូផ្គងវាយតម្លៃឱ្យច្បាស់លាស់ និង យុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ក៏ដូចជាកម្លាំងត្រៀមចៀសវាង កើតមានបាតុភាពមិនល្អ ព្រោះថា រដ្ឋបាលខេត្តសៀមរាប ក៏បានត្រៀមកញ្ចប់ថវិកាសម្រាប់ជ័យលាភី តាមលំដាប់លំដោយផងដែរ។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់ ទៅលើរៀបចំក្លោងទ្វារ ដើម្បីធ្វើយ៉ាងណា ត្រូវរំលេចនូវអត្តសញ្ញាណ របស់ខេត្តសៀមរាប ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរណ៍ ចូលមកបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ លើការការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ជូនដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយ ត្រូវសហការ សម្អាតអនាម័យ បរិស្ថាន ប្រមូលសម្រាមទុកដាក់ ឱ្យស្អាតជាប្រចាំ និង ត្រូវពិនិត្យមើលប្រព័ន្ឋភ្លើងបំភ្លឺ សាធារណៈ និង បញ្ហាពាក់ព័ន្ធជាច្រើនទៀត សម្រាប់ឲ្យដំណោះការពិធីឱ្យដំណើរទៅដោយរលូន និងសប្បាយរីករាយ៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២៣

ខេត្តសៀមរាប៖ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប លោកអាំង សុភា បានសម្រេចចេញដីកាឃុំខ្លួនឈ្មោះ ឈឿ ប្រើច ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ “ប៉ុនប៉ងឃាតកម្ម (កាប់នឹងពូថៅ)”។

ការចេញដីកាធ្វើឡើងនៅល្ងាចថ្ងៃចន្ទទី២៣ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ បន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តសៀមរាប បញ្ជូនទៅកាន់សាលាដំបូង។

សូមរំលឹកថានៅថ្ងៃ ២២ ខែ តុលា ឆ្នាំ២០២៣ វេលាម៉ោង ១១និង៤០ នាទី ករណីហឹង្សានៅត្រង់ចំណុច ភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលកូនបង្កើត ជនរងគ្រោះ បានយកពូថៅ កាប់ទៅលើជនរងគ្រោះ ដែលកំពុងអង្គុយបោកខោអាវ ដោយមិនបានដឹងខ្លួន បណ្ដាលឲ្យរបួសក្បាលផ្នែកខាងលើ រហូតដល់ចេញខួរក្បាលមកខាងក្រៅ។ ជនរងគ្រោះ ឈ្មោះ សេក អង ភេទ ស្រី អាយុ ៧០ឆ្នាំ ត្រូវជាម្ដាយបង្កើតជនល្មើស រស់នៅផ្ទះជាមួយគ្នា។

របាយការណ៍បន្តថា ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានគេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីពេទ្យខេត្តសៀមរាប ដើម្បីព្យាបាល។

ជនដៃដល់ត្រូវបាននគរបាលចាប់ខ្លួននៅល្ងាចថ្ងៃដដែលបន្ទាប់ពីបានធ្វើសកម្មភាពហើយបញ្ជូនទៅកាន់អធិការនគរបាលស្រុកក្រឡាញ់ដើម្បីអនុវត្តតាមផ្លូវច្បាប់។

នៅក្នុងរបាយការណ៍ប៉ូលិសបានបង្ហាញងា ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកពូថៅកាប់ទៅលើម្ដាយបង្កើត របស់ខ្លួន ចំនួន១ពូថៅ ចំត្រង់ក្បាលពិតប្រាកដមែន ដោយមូលហេតុ ម្ដាយបានយកកណ្ដៀវលាក់ទុក មិនឲ្យខ្លួនទៅច្រូតស្មៅ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាននគរបាល ឃាត់ខ្លួនមានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (កាប់ជនរងគ្រោះនិងពូថៅ)។

យោងតាមរបាយការណ៍ លោកវរសេនីយ៍ទោ ហ៊ន បូវុធ អធិការនគរបាលស្រុកក្រឡាញ់ បានបង្ហាញថាជនសង្ស័យ ឈ្មោះ ឈឿ ប្រើច ភេទប្រុស អាយុ ៤១ ឆ្នាំ ( ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ រយ:ពេល6ឆ្នាំពីឆ្នាំ2013-2019) មុខរបរ ធ្វើស្រែ មានទីលំនៅភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

របាយការណ៍បន្តថា នៅថ្ងៃ ២២ ខែ តុលា ឆ្នាំ២០២៣ វេលាម៉ោង ១១និង៤០ នាទី ករណីហឹង្សានៅត្រង់ចំណុច ភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ជនសង្ស័យត្រូវជាកូនបង្កើត ជនរងគ្រោះ បានយកពូថៅ កាប់ទៅលើជនរងគ្រោះ ដែលកំពុងអង្គុយបោកខោអាវ ដោយមិនបានដឹងខ្លួន បណ្ដាលឲ្យរបួសក្បាលផ្នែកខាងលើ រហូតដល់ចេញខួរក្បាលមកខាងក្រៅ។

ជនរងគ្រោះ ឈ្មោះ សេក អង ភេទ ស្រី អាយុ ៧០ឆ្នាំ ត្រូវជាម្ដាយបង្កើតជនល្មើស រស់នៅផ្ទះជាមួយគ្នា។

របាយការណ៍បន្តថា ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានគេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីពេទ្យខេត្តសៀមរាប ដើម្បីព្យាបាល។

ករណីនេះលុះដល់ម៉ោង១៧និង៣០ នាទី នៅថ្ងៃខែឆ្នាំដដែល មានប្រជាពលរដ្ឋ បានប្រទះឃើញជនសង្ស័យ អង្គុយនៅដំបូកវាលស្រែខាងលិច ភូមិខ្នារជើង ឃុំក្រូចគរ ហើយបានរាយការណ៍ ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រូចគរ បាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកក្រឡាញ់តែម្ដង។

បើតាមចម្លើយសារភាព របស់ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកពូថៅកាប់ទៅលើម្ដាយបង្កើត របស់ខ្លួន ចំនួន១ពូថៅ ចំត្រង់ក្បាលពិតប្រាកដមែន ដោយមូលហេតុ ម្ដាយបានយកកណ្ដៀវលាក់ទុក មិនឲ្យខ្លួនទៅច្រូតស្មៅ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតាងដកហូតបាន ពូថៅចំនួន ១ អនុវត្តទៅតាមផ្លូវច្បាប់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២៣

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកក្រឡាញ់បានឃាត់ខ្លួនបុរសម្នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់ជនរងគ្រោះនិងពូថៅ)។

ហេតុការណ៍អំពើហិង្សានៅវេលាម៉ោង១១និង៤០នាទីថ្ងៃ ២២ ខែ តុលា ឆ្នាំ២០២៣  នៅត្រង់ចំណុច ភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកក្រឡាញ់បានប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ជនសង្ស័យឈ្មោះ ឈឿ ប្រើច ភេទ ប្រុស អាយុ៤១ ឆ្នាំ (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគាររយ:ពេល៦ឆ្នាំ ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៩) ត្រូវជាកូនបង្កើតជនរងគ្រោះ។

សមត្ថកិច្ចស្រុកក្រឡាញ់បានថ្លែងបន្តថា ករណីនេះនេះជនសង្ស័យជាកូនបានយកពូថៅកាប់ទៅលើជនរងគ្រោះ ដែលកំពុងអង្គុយបោកខោអាវ ដោយមិនបានដឹងខ្លួន បណ្ដាលឲ្យរបួសក្បាលផ្នែកខាងលើរហូតដល់ចេញខួរក្បាលមកខាងក្រៅយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេជួយយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ជនរងគ្រោះ ឈ្មោះ សេក អង ភេទ ស្រី អាយុ៧០ឆ្នាំ ត្រូវជាម្ដាយបង្កើត រស់នៅផ្ទះជាមួយគ្នា ស្ថិតនៅភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បើតាមសមត្ថកិច្ច ក្រោយពីមានអំពើហិង្សានេះកើតឡើង កម្លាំងសមត្ថកិច្ចបានប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បានបញ្ជាក់អំពីមូលហេតុចំពោះករណីនេះនៅឡើយទេ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២៣

ខេត្តសៀមរាប៖មនុស្សចំនួន២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនករណី(លួចម៉ូតូ)។

របាយការណ៍កម្លាំងអាវុធបានឲ្យដឹងថានៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីមានការទទួលការរាយការណ៍ពីប្រជាពលរដ្ឋ មានករណីលួច និងយកម៉ូតូមកលក់នៅចំណុចភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ការិយាល័យជំនាញព្រហ្មទណ្ឌសហការណ៍ ជាមួយអង្គភាពនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ចំនួន ០៥នាក់ ដឹកនាំដោយ លោក អនុសេនីយ៍ឯក សៀក សោភា នាយការិយាល័យព្រហ្មទណ្ឌ បានចុះឃាត់ខ្លួនសង្ស័យចំនួន ០២នាក់ ដែលជាប់ពាក់ព័ន្ធករណី អំពើលួច (លួចម៉ូតូ) ឃាត់ខ្លួនយកមកសាកសួរ។

១. ឈ្មោះ ថៃ សុខថុន ហៅ គ្រុឌ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរគ្មានរស់នៅភូមិព្រៃធំសង្កាត់ស្រង៉ែ ក្រុងសៀមរាបខេត្តសៀមរាប។

២. ឈ្មោះ លឹម វណ្ណៈភក្ដី ហៅ រ័ត្ន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរគ្មានរស់នៅភូមិគោកឫស្សីឃុំកែវពណ៏ ស្រុកពួកខេត្តសៀមរាប។

ក្រោយពីសាកសួរ ឈ្មោះ ថៃ សុខថុន ហៅ គ្រុឌ បានឆ្លើយសារភាពថា នៅវេលាម៉ោង ០២ និង ១៥នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៣ រូបខ្លួន និង ឈ្មោះ លី ឧសុភា ភេទប្រុស (គេចខ្លួន) និង ឈ្មោះ⁹ ហ៊ូន សុផា ភេទប្រុស (គេចខ្លួន) បាននាំគ្នាលួចយកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេរី២០១៣ ពណ៌ខ្មៅ មានផ្លាកលេខ (មិនចាំ) ដែលទុកនៅលើខ្នងប្រឡាយទឹក ស្ថិតនៅក្នុងភូមិគោកឫស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ក្រោយពីលួចបាន ក៏បាននាំគ្នាយកមកទុកនៅផ្ទះឈ្មោះផា ស្ថិតនៅភូមិព្រៃធំសង្កាត់ស្រង៉ែ ខេត្តសៀមរាប។ លុះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ រូបខ្លួនបានជិះម៉ូតូជាមួយឈ្មោះ លឹម វណ្ណៈភក្តី យកម៉ូតូដែលលួចគេបានយកមកលក់ ក៏ស្រាប់តែសមត្តកិច្ចឃាត់ខ្លួនតែម្ដង។

ចំណែកឈ្មោះ លឹម វណ្ណៈភក្ដី ហៅ រ័ត្ន បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកម៉ូតូដែលឈ្មោះ លី ឧសភា,ឈ្មោះ ថៃ សុខថុន និងឈ្មោះ ហ៊ូន សុផា លួចបាន ឲ្យយកទៅលក់ពិតប្រាកដមែន។
វត្ថុតាងចាប់យក៖
-ម៉ូតូហុងដាឌ្រីម សេរីឆ្នាំ២០១៣ ចំនួន ០១គ្រឿង លេខតួរលេខម៉ាស៊ីន ១២៥ME៨២៩១៩៣៧
បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។

សូមបញ្ជាក់ថាការចាប់ខ្លួននេះ តាមបញ្ជាពីឯឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តសៀមរាប៕

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២៣

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា រហូតដល់ម៉ោងជាង១០ព្រឹក នៅថ្ងៃព្រហស្បតិ៍ នេះ សមត្ថកិច្ចនៅពុំទាន់រកឃើញក្មេងប្រុសម្នាក់ដែលធ្លាក់ពីលើទូកស្មាច់នៅឡើយ។

ថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍នេះ សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍បានកើតឡើង ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង០៧ និង០០នាទី ស្ថិតក្នុងភូមិឪម៉ាល់ ប៉ែកខាងលើចំណាយពីស្ពាន ឯកឧត្តម បណ្ឌិត អ្នកឧកញ្ញា សៀង ណាំ ប្រវែង៤០០ម៉ែត្រ។ ជនរងគ្រោះ
ឈ្មោះ ចយ ចេង ភេទប្រុសអាយុ៣ឆ្នាំ។

សមត្ថកិច្ចបានថ្លែងបន្តថា ករណីនេះ មូលហេតុ ដែលបណ្តាលអោយក្មេងធ្លាក់ទឹកដោយសារឪពុក ឈ្មោះ ភឿត សិទ្ធ ភេទប្រុស អាយុ ៣០ រស់នៅភូមិគោកគ្រូច  ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្ត សៀមរាប បានបើកទូកស្មាច់ដឹកកូនទៅកាប់អុស ដល់ចំណុចកើតហេតុ ឪពុក ឈ្មោះ ភឿត សិទ្ធ បានបើកក្នុងល្បឿនលឿន ដើម្បីឡើងវ៉ាស្មាច់ម្ខាងទៀត ក៏ត្រូវរលកស្មាច់នោះបោកក្រលែង បណ្តាលអោយធ្លាក់ក្មេងចូលទៅក្នុងស្ទឹងបាត់ទៅ។

ទោះជាយ៉ាងណាជុំវិញករណីនេះក្រុមសមត្ថកិច្ចកំពុងស្វែងរកផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page41 Page42 Page43 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាត់ទុកការធ្វើទំនើបកម្មរចនាសម្ព័ន្ធថវិកា ជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងស្ថាប័ន រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាត់ទុកការធ្វើទំនើបកម្មរចនាសម្ព័ន្ធថវិកា ជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងស្ថាប័ន ចុះផ្សាយថ្ងៃទី ៨ មេសា ២០២៦
អភិបាលខេត្តបាត់ដំបង ណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្រ្កាន្តចូលមកដល់ អភិបាលខេត្តបាត់ដំបង ណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្រ្កាន្តចូលមកដល់ ចុះផ្សាយថ្ងៃទី ៨ មេសា ២០២៦
ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×