Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២៥

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» កំពុងទទួលបានការគាំទ្រ ពីបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន និងពិភពលោក

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញថា ជាការឆ្លើយតបជាមួយបញ្ហានេះ កម្ពុជាបានចាប់ផ្តើមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅទូទាំងប្រទេស កាលពីខែមេសា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកជាផ្លូវការ សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នេះ កំពុងទទួលបានការគាំទ្រ ពីបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។ យុទ្ធនាការនេះដែរ គឺដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជន ចំពោះព័ត៌មានក្លែងក្លាយ និងកុំឱ្យប្រជាជន ងាយលង់ជឿជាមួយព័ត៌មានប្រឌិត ដែលមិនមានប្រភពច្បាស់លាស់។

យុទ្ធនាការនេះដែរ គឺដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជន ចំពោះព័ត៌មានក្លែងក្លាយ និងកុំឱ្យប្រជាជន ងាយលង់ជឿជាមួយព័ត៌មានប្រឌិត ដែលមិនមានប្រភពច្បាស់លាស់។

សូមជម្រាបថា ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និង លើសពីនេះ» ដែលមានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ២៦ ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ៕

#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២៥

ខេត្តសៀមរាប៖លោកសុខ ថុល អភិបាលរងខេត្ត បានណែនាំឱ្យរដ្ឋបាលស្រុក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តនីតិវិធីចុះបញ្ជីដីអាងទឹកជ្រោយនាងងួន ជាទ្រព្យសម្បត្តិរបស់រដ្ឋស្របតាមនីតិវិធី និងច្បាប់ជាធរមាន និងសហការអនុវត្តតាមស្មារតី។

លោកណែនាំយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយភាគីទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់វិវាទដោយពុំមានការបង្ខិតបង្ខំកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំសាលាខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត។

កិច្ចប្រជុំពិនិត្យ និងពិភាក្សាករណីប្តឹងអន្តរាគមន៍ពាក់ព័ន្ធទៅនឹងករណីគំរាមកំហែង រំលោភយកដីកម្មសិទ្ធិស្ថិតនៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ដោយមានការចូលរួមពីលោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ លោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំ តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកមេធាវី សួង សុភា មេធាវីតំណាងរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរភូមិ ឃុំ មន្ត្រីជំនាញពាក់ព័ន្ធ និងគូភាគីផងដែរ។

ក្រោយពីភាគីបានស្តាប់ការលើកឡើងរបស់ភាគីពន្យល់ និងការសម្របសម្រួលដោះស្រាយរបស់ក្រុមការងារដោះស្រាយវិវាទក្រៅប្រព័ន្ធរួចមក គូភាគីបានឯកភាពគ្នា និងព្រមព្រៀងសះជា ដោយគូភាគីបានព្រមព្រៀងសម្បទានដីដែលជាកម្មសិទ្ធិរបស់ខ្លួនស្ថិតនៅភូមិដង្កោ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីបញ្ចប់ការទាមទារដីអាងទឹកជ្រោយនាងងួនជាអាងទឹកដែលស្ថិតក្នុងបរិវេណបុរាណដ្ឋាន នៃវត្តជ្រោយនាងងួនដែលមានក្នុងបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដោយពុំមានការបង្ខិតបង្ខំ។ ក្នុងករណីភាគីណាមួយកែប្រែខ្លឹមសារលើការព្រមព្រៀងខាងលើភាគីទាំងពីរសុខចិត្តជូន រដ្ឋបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២៥

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ទទួលបានជើងហោះហើរត្រង់ជាលើកដំបូងពីទីក្រុងសិនជិន នៃប្រទេសចិន លេខ K៦៩២៩ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលបានត្រលប់មកពីទីក្រុងសិនជិន ប្រទេសចិន ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងលំដាប់ធំៗទាំងបួនរបស់ប្រទេសចិន រួមមានទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងក្វាងចូវ និង ទីក្រុងសិនជិន។

រដ្ឋលេខាធិការអចិន្ត្រៃយ៍ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ឯកឧត្តម ជា អូន ក្នុងពិធីទទួលជើងហោះហើរត្រង់លើកដំបូងនេះ បានមានប្រសាសន៍ថា ការទទួលបានជើងហោះហើរត្រង់ពីទីក្រុងសិនជិន នៃប្រទេសចិននេះ ជាសញ្ញាល្អ ដែលបង្ហាញកម្ពុជា ជាពិសេសខេត្តសៀមរាប នៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរជនជាតិចិន។ នៅជំហានដំបូងនេះ នឹងមានការហោះហើរចំនួន៣ជើងក្នុងមួយសប្ដាហ៍ ដោយមួយជើងចុះចតនៅសៀមរាប និង ២ជើងទៀត នៅភ្នំពេញ។

ឯកឧត្តម ជា អូន បានឱ្យដឹងថា ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរមកកម្ពុជានោះ ក៏នៅមានក្រុមហ៊ុនមួយចំនួនទៀតបានដាក់ពាក្យសុំហោះហើរមកកម្ពុជាផងដែរ។ ក្រៅពីនេះ អាកាសចរណ៍ជាតិ ក៏បានជំរុញឱ្យមានការហោះហើរពីកម្ពុជា ទៅកាន់ប្រទេសជប៉ុនក្នុងឆ្នាំនេះផងដែរ ហើយបើមានហោះទៅជប៉ុន នោះក៏មានហោះពីជប៉ុនមកកម្ពុជាដែរ។

ឯកឧត្តម បន្ថែមថាចំពោះការតភ្ជាប់ជើងហោះហើរត្រង់នេះដែរ នឹងជួយជំរុញទេសចរចិនពីតំបន់សេដ្ឋកិច្ចពិសេសនៃឈូងសមុទ្រ (Greater Bay Area) របស់ប្រទេសចិន ដែលរួមមានទីក្រុងក្វាងចូវ ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ មកកាន់ប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកក្នុងយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ ផងដែរ។

ក្នុងឱកាសនោះដែរ លោក ង៉ូវ សេងកាក់ អភិបាលរងតំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឱ្យដឹងថា ក្រោយវិបត្តិកូវីដ១៩ វិស័យទេសចរណ៍របស់ខេត្តសៀមរាប បានងើបឡើងវិញជាបណ្តើរៗ និងមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះអ្នកទេសចរជនជាតិចិនបានឈរនៅលំដាប់ទី៤ នៃអ្នកទេសចរបរទេសដែលមកកម្សាន្តនៅខេត្តសៀមរាប។ ចំពោះការហោះហើរត្រង់ថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នាពេលនេះ ក៏ជាសញ្ញាល្អដែលបង្ហាញថា អ្នកទេសចរជនជាតិចិន បានវិលត្រលប់មកកម្ពុជាវិញ៕SRP

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២៥

ខេត្តសៀមរាប៖លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានថ្លែងសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ដើម្បីទន្ទ្រានយកដីព្រៃ ការដុតព្រៃឈើយកដី រដ្ឋធ្វើកម្មសិទ្ធិ សូមបញ្ឈប់ជាបន្ទាន់ ព្រោះការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើ ខុសច្បាប់គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុតជាពិសេសគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលមកពីការកាប់បំផ្លាញ ព្រៃឈើនោះនឹងកើតភ្លាមចំពោះសង្គមជាតិ។

អភិបាលរងខេត្តថ្លែងអំពាវនាវយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញ ដាំកូនឈើទាល ចំនួនជាង ៣០០០ដើម ត្រូវបានដាំនៅលើផ្ទៃដី ៥ហិកតា ក្នុងឱកាស “រុក្ខទិវា” នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងស្ថានីយស្តារ និងអភិវឌ្ឍព្រៃឈើក្នុង ភូមិត្រពាំងថ្មឃុំឃុនរាម ស្រុកបន្ទាយស្រី រៀបចំដោយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានការសហការគាំទ្រពីរដ្ឋបាលខេត្ត។

ពិធីនេះធ្វើឡើងដើម្បីអបអរសាទរ រុក្ខទិវា ៩កក្កដា ក្រោមអធិបតីភាព ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប ព្រមទាំងវត្តមាន ថ្នាក់ដឹកនាំអង្គភាពមន្ទីរ កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំង ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនទៀត។

លោក អ៉ឹង គឹមលាង អភិបាលរងខេត្តបញ្ជាក់ថាព្រៃឈើ មានតួនាទីសំខាន់ជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និង ជាខឿននៃសេដ្ឋកិច្ចជាតិ ព្រៃឈើថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ីតាមរយៈការជួយធ្វើនិយ័តកម្មអាកាស ធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូប យកឧស្ម័នកាបូនិចពីបរិយាកាសរក្សាស្ថិរភាពបរិយាកាស។ ទន្ទឹមនេះព្រៃឈើផ្តល់នូវសេវាកម្ម និងជួយ គាំពារផ្នែកបរិស្ថានជាច្រើនទៀតដូចជា ការការពារទីជម្រាលទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរ ឡើងនៃគុណភាពដី និងផ្តល់នូវផល អនុផលព្រៃឈើជាច្រើនអនេកដល់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ។

លោក អ៉ឹង​ គឹមលាងបន្ថែមថា៖ យើងត្រូវ រួមសាមគ្គីគ្នា បណ្តុះឡើងវិញនូវគំនិត ស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងបណ្តុះឡើងវិញនូវទស្សនៈ សន្សំសំចៃក្នុងការប្រើប្រាស់ផល អនុផលព្រៃឈើគ្រប់ប្រភេទ បណ្តុះឡើងវិញនូវស្មារតីគោរពច្បាប់ អនុវត្តច្បាប់ដើម្បីរួមចំណែកកសាងព្រះ រាជាណាចក្រកម្ពុជាឱ្យទៅជានីតិរដ្ឋ។ ចំពោះកូនឈើដែលបានដាំរួចហើយ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅនឹងកន្លែង មេត្តាសកម្មចូលរួមថែរក្សាឱ្យបានម៉ត់ចត់ជាប្រចាំ ដើម្បីធ្វើឱ្យកូនឈើទាំង នោះលូតលាស់ ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ។

លោកអភិបាលរងខេត្តមានប្រសាសន៍បន្តថា ការដាំដើមឈើនៅពេលនេះ បង្ហាញនូវអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ជាចលនាបំផុសស្មារតីប្រជាពលរដ្ឋមន្ត្រីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះនិងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ដល់ប្រជារាស្រ្តក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្មនិងបង្កើនសុខុមាលភាពគ្រួសារព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។ ម្យ៉ាងវិញទៀតពិធី «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតន កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណង ដើម្បីជួយ ឱ្យបរិស្ថាន និងអាកាសធាតុមានភាពវិជ្ជមានចំពោះភពផែនដី និងមនុស្សជាតិ ហើយព្រះអង្គបានបន្សល់ ទុកនូវព្រះរាជបន្ទូលថា “ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋ គ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ និងបានបង្កឱ្យអាកាសធាតុមានភាពប្រក្រតីជាវិជ្ជមាន ចំពោះវិស័យកសិកម្មនិងមនុស្សជាតិ”៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២៥

អាជ្ញាធរដ្ឋខេត្តសៀមរាប ដាំកូនឈើជាង៣ ០០០ដើម លើផ្ទៃដី៥ហិកតា ក្នុងស្រុកបន្ទាយស្រី

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានការសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ បានរៀបចំដាំកូនឈើទាលជាង ៣ ០០០ដើម លើផ្ទៃដី៥ហិកតា ស្ថិតនៅក្នុងស្ថានីយស្ដារ និងអភិវឌ្ឍព្រៃឈើ ក្នុងឃុំឃុនរាម ស្រុកបន្ទាយ ជាទីតាំងព្រៃរិចរិល និងធ្លាប់រងការគម្រាមកំហែងជារៀងរាល់ឆ្នាំបង្កឡើងដោយជនខិលខូច ហើយការដាំនេះក៏ដើម្បី អបអរសាទររុក្ខទិវា ៩កក្កដា ឆ្នាំ២០២៥។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើការបង្ក្រាបបទល្មើសព្រៃឈើចំនួន ២០ករណី ដោយពិន័យអន្តរការណ៍ចំនួន៩ករណី បញ្ជូនទៅតុលាការចំនួន៧ករណី និងកំពុងចាត់ការចំនួន៤ករណីផងដែរ។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត មានប្រសាសន៍ថា ព្រៃឈើមានតួនាទីសំខាន់ជាសរសៃឈាមក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ។ ចំពោះការដាំដើមឈើនៅពេលនេះ បង្ហាញនូវអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ជាចលនាបំផុសស្មារតីប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខុមាលភាពគ្រួសារព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។

លោក អ៊ឹង គឹមលាង ក៏បានលើកឡើងពីព្រះរាជបន្ទូលរបស់ ព្រះបរមរតនកោដ្ឋ ថា”ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ និងបានបង្កឱ្យអាកាសធាតុមានភាពប្រក្រតីជាវិជ្ជមានចំពោះវិស័យកសិកម្ម និងមនុស្សជាតិ”។

លោកអភិបាលរងខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ដើម្បីទន្ទ្រានយកដីព្រៃ ការដុតព្រៃឈើយកដី រដ្ឋធ្វើកម្មសិទ្ធិសូមបញ្ឈប់ជាបន្ទាន់ ព្រោះការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើ ខុសច្បាប់គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ជាពិសេសគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលមកពីការកាប់បំផ្លាញ។ ក្នុងន័យនេះ យើងត្រូវរួមសាមគ្គីគ្នា បណ្តុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងបណ្តុះឡើងវិញនូវទស្សនៈសន្សំសំចៃក្នុងការប្រើប្រាស់ផល អនុផលព្រៃឈើគ្រប់ប្រភេទ បណ្តុះឡើងវិញនូវស្មារតីគោរពច្បាប់ អនុវត្តច្បាប់ដើម្បីរួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជាឱ្យទៅជានីតិរដ្ឋ៕SRP

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៥

លោកសៀ ទីន ជំរុញឱ្យក្រុមការងារទាំងអស់ ក្ដាប់ឱ្យបាននូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយត្រូវព្យាយាមដោះស្រាយជូនពួកគាត់ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា

ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកសៀ ទីន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ភ្លុក បានជំរុញដល់ក្រុមការងារទាំងអស់ បន្ដកិច្ចសហការគ្នាយ៉ាងស្អិតរមួតធ្វើយ៉ាងណាឱ្យមូលដ្ឋានឃុំកំពង់ភ្លុកទាំងមូល មានការអភិវឌ្ឍន៍កាន់តែល្អប្រសើរ និងជាពិសេស គឺសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។

លោកក៏បានជំរុញឱ្យក្រុមការងារទាំងអស់ ត្រូវក្ដាប់ឱ្យបាននូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយត្រូវព្យាយាមដោះស្រាយជូនពួកគាត់ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ទៅតាមវិស័យ និងជំនាញនីមួយៗ របស់ខ្លួន ដើម្បីឱ្យពលរដ្ឋមានជំនឿទុកចិត្ដលើការអនុវត្តការងាររបស់យើងសំដៅដល់ការលើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍមូលដ្ឋានជាចាំបាច់ និងត្រូវអនុវត្ដតាមសំណូមពររបស់ពលរដ្ឋដែលបានលើកឡើងជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកក៏សូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានអនុវត្តផែនការសកម្មភាពបានយ៉ាងល្អប្រសើរគួរឱ្យកត់សម្គាល់នាពេលកន្លងមក និងសំណូមពរឱ្យក្រុមការងារយកចិត្តទុកដាក់អនុវត្តការងារតាមវិស័យនីមួយៗជាបន្ដទៀត ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងមូល៕SRP

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៥

អភិបាលខេត្តសៀមរាប ណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធទប់ស្កាត់បង្ក្រាបឱ្យបានរាល់ការចូលមកស្នាក់នៅរបស់ពួកក្រុម Scam Online

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំបន្ថែមដល់ លោក អភិបាលក្រុង ស្រុកទាំងអស់ត្រូវធ្វេីការទប់ស្កាត់ និងបង្ក្រាបល្បែងអនឡាញ នៅភូមិសាស្ត្ររបស់ខ្លួន ហេីយពេលចាប់បានត្រូវហ៊ុំទីតាំងនោះឱ្យជាប់។ ម្យ៉ាងទៀតត្រូវសហការគ្នារវាងគណៈបញ្ជាការឯកភាពក្រុង ស្រុក និងគណៈបញ្ជាការឯកភាពខេត្តត្រូវទប់ស្កាត់នឹងបង្ក្រាបឱ្យបានរាល់ការចូលមកស្នាក់នៅរបស់ពួកក្រុម Scam Online។

ឯកឧត្តមអភិបាលខេត្តសៀមរាបបានបន្ថែមថា ក្រុង ស្រុក និងឃុំ សង្កាត់ត្រូវត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បងប្អូនប្រជាពលរដ្ឋ ដែលវិលត្រឡប់មកប្រទេសថៃវិញ ដេីម្បីជំរុញឱ្យបងប្អូន និងណែនាំបងប្អូនឱ្យរកការងារធ្វេីនៅក្នុងខេត្ត ឬខេត្តដទៃទៀតដែលត្រូវការកម្លាំងពលកម្ម។ ជាមួយគ្នានេះ បេីបងប្អូនខ្វះជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយយេីងមានវិទ្យាស្ថានចំនួនពីរ គឺវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនសៀមរាប និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលវិទ្យាស្ថានទាំងពីរនេះមានជំនាញជាច្រេីន។ ម្យ៉ាងទៀតយេីងក៏មានគោនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈដែលប្រេីប្រាស់ថវិកាជាតិសម្រាប់បងប្អូនចំនួន ១,៥លាននាក់ដោយផ្តោតជំនាញចំនួន ៤៥ផងដែរ។

ឯកឧត្តមប្រាក់ សោភ័ណ ណែនាំយ៉ាងដូច្នេះនៅសាលប្រជុំសាលាខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដឹកនាំលោក អភិបាលរងខេត្ត លោក នាយករដ្ឋបាល និងលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ដេីម្បីចូលរួមកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមរយៈកម្មវិធី zoom៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៥

សិក្ខាសាលាស្តីពីការបង្កើតមាតិកាទេសចរណ៍ឌីជីថល និងបច្ចេកទេសថតរូបដោយប្រើទូរស័ព្ទ

លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃពុធ ទី១៦​ ខែកក្កដា ឆ្នាំ២០២៥ បានចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពីការបង្កើតមាតិកាទេសចរណ៍ឌីជីថល និងបច្ចេកទេសថតរូបដោយប្រើទូរស័ព្ទ ដែលប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ហុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ នៅក្នុងសិក្ខាសាលាខាងលើនេះមានការអញ្ជើញចូលរួមពីមគ្គុទេសន៍ទេសចរណ៍ អ្នកផលិតមាតិការក្នុងខេត្តសរុបប្រមាណជាង ១៥០នាក់ ចូលរួមផងដែរ ។

ថ្លែងនៅក្នុងសិក្ខាសាលាខាងលើ លោកអភិបាលរងខេត្តបានលើកឡើងថា ការរៀបចំឡើងនូវសិក្ខាសាលានាពេលនេះ នឹងទទួលបាននូវលទ្ធផលល្អ និង​នាំយកនូវ​​ចំណេះដឹង​បច្ចេកទេស​ នៃកាអភិវឌ្ឍខ្លួន​បន្ថែមសម្រាប់អ្នកចូលរួម ដើម្បីយកទៅប្រើប្រាស់ឱ្យចំគោលដៅ ពិសេសផលិតវីដេអូផ្សព្វផ្សាយឱ្យទាក់ទាញ​ដល់ភ្ញៀវទេសចរមកទស្សនា​​ប្រទេសកម្ពុជាយើងបន្ថែមទៀត​ និងដើម្បីធ្វើឱ្យមាន​កំណើន​សេដ្ឋកិច្ចនៅ​ក្នុងខេត្តរបស់យើងកាន់តែល្អប្រសើរឡើងជាងនេះ។

លោកអភិបាលរងខេត្តបានសំណូមពរដល់អង្គពិធី​ទាំងមូល​ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុងខេត្តសៀមរាប សូមបន្ត​ចូលរួម​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍បន្ថែមទៀត ស្រប​តាម​ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ គឺ​​“ប្រជាពលរដ្ឋម្នាក់ ជាអ្នក​ផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៥

រដ្ឋមន្ត្រីណែនាំឱ្យមន្ត្រីមន្ទីរសាធារណការខេត្តសៀមរាប បន្តពង្រឹងការងារជួសជុល និងថែទាំផ្លូវថ្នល់ឱ្យបានល្អ ស្របតាមស្ដង់ដារបច្ចេកទេស

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសាធារណការខេត្តសៀមរាប ត្រូវបន្តពង្រឹងការងារជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានក្នុងខេត្ត ប្រកបដោយគុណភាពស្របតាមស្ដង់ដារបច្ចេកទេស និងជំរុញការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍។

ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានជំរុញឱ្យមន្ត្រីទាំងអស់ ត្រូវវខិតខំផ្តល់សេវាសាធារណៈឱ្យបានត្រឹមត្រូវ មានតម្លាភាព ប្រសិទ្ធភាព និងរហ័ស ចៀសវាងកុំមានប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសប្រកាន់ភ្ជាប់នូវវប្បធម៌សេវាសាធារណៈ និងទិសស្លោក “មន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រនោះទេ” ជាពិសេសត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ឯកឧត្តម ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា វិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ និងអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានភាពរឹងមាំ និងមាននិរន្តរភាព បើគ្មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំគ្រប់ច្រកល្ហក ប្រទាក់ក្រឡាគ្នាដូចសរសៃឈាមតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀតនោះទេ ក៏គ្មានការអភិវឌ្ឍដែរ។ ជាមួយនេះ ក៏សូមឱ្យប្រធានមន្ទីរដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីបន្តដឹកនាំមន្ទីរឱ្យមានការរីកចម្រើនថែមទៀត ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្ដៅ គឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តមប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប ក៏បានជំរុញដល់ថ្នាក់ដឹក និងមន្រ្តីនៃមន្ទីរសាធារណការខេត្តទាំងអស់ ត្រូវបន្តរក្សាប្រពៃណីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងល្អ ចេះរួមសុខរួមទុក្ខ កសាងឱ្យបាននូវភាពសុខុដុមរមនា និងចេះជួយគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារត្រូវរៀនសូត្រពីការងារ និងសិក្សាស្វែងយល់បន្ថែមពិសេស គឺបច្ចេកវិទ្យាឌីជីថល ដើម្បីយើងអាចធ្វើ ការងារបានលឿនឆាប់រហ័ស។

សូមជម្រាបថា លោក លឿម រស្មី ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ២ នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ជំនួស លោក គី វីរិន្ទ ដែលបានចូលនិវត្តន៍៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៥

មន្ត្រីជាង៤០០នាក់ទៀត បានទទួលការបណ្ដុះបណ្ដាលនៅសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្នុងខែមិថុនា

ពេញមួយខែមិថុនា ឆ្នាំ២០២៥នេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ បានបន្តរៀបចំបើកវគ្គបណ្តុះបណ្តាលមន្ត្រីចំនួន៧វគ្គ ដោយមានសិក្ខាកាមចូលរួមសិក្សាសរុបចំនួន៤៤៦រូប ក្នុងនោះមានសិក្ខាកាមជាស្ត្រីចំនួន១៨៣រូប។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមមន្ត្រីទទួលការបណ្ដុះបណ្ដាលក្នុងខែមិថុនានោះ ភាគច្រើនគឺជាមន្ត្រីនៅតាមមូលដ្ឋាន ចាប់ពីថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ រហូតដល់រាជធានី ខេត្ត រួមទាំងមន្ត្រីជាប់ឆ្នោតក្រុមប្រឹក្សា។

បើតាមអ្នកនាំពាក្យក្រសួង នៅខែមុខនេះដែរ សាលាជាតិរដ្ឋបាលមូលដ្ឋានក៏បាននិងកំពុងដាក់ឱ្យអនុវត្តសាកល្បងនូវការរៀនសូត្រតាមប្រព័ន្ធអនឡាញ(E-Learning) សម្រាប់ក្រុមគោលដៅជាក្រុមប្រឹក្សាក្រុង ស្រុក និងរៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ប្រតិបត្តិការការងារ(NASLA-MIS)។

ការរៀបចំកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ កម្មវិធីសិក្សារយៈពេលខ្លីសម្រាប់សាធារណជន និងកម្មវិធីសិក្សារយៈពេលវែង ក៏មានវឌ្ឍនភាពដែរ ដោយគិតមកដល់ខែមិថុនសម្រេចបានពី៧០%ទៅ៨០% ខណៈកម្មវិធីសិក្សាពិសេសសមមូលទៅនឹងមធ្យមសិក្សាទុតិយភូមិសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់សម្រេចបាន១៥%។

សាលាជាតិរដ្ឋបាលមូលដ្ឋាន មានតួនាទីអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។

រចនាសម្ព័ន្ធរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានមានចំនួន៤ រួមមាន១.នាយកដ្ឋានកិច្ចការទូទៅ ២.នាយកដ្ឋានបណ្ដុះបណ្ដាល ៣.នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ ៤.នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ។នេះបើតាម អនុក្រឹត្យស្ដីពីការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន៕SRP
ដោយ កញ្ញា សេង សុខហ៊ុន

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៥

ក្នុងខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបក្មេងទំនើង និងអ្នកងប់ល្បែងស៊ីសង ជាង៤០០នាក់

ក្នុងរយៈពេលមួយខែមិថុនា ឆ្នាំ២០២៥នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បន្តបង្ក្រាបក្រុមក្មេងទំនើងនៅទូទាំងប្រទេសបានចំនួន៩០ករណី និងឃាត់ខ្លួនមនុស្សសរុបចំនួន២៨៩នាក់ ស្រី២៧នាក់។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាប អ្នកពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌមាន៥១ករណី ស្មើនឹង១៧៦នាក់ ស្រី១៧នាក់ ដោយអ្នកទាំងនោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ អ្នកពាក់ព័ន្ធមួយចំនួនទៀតសមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល ដោយណែនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៣៩ករណី ស្មើ១១៣នាក់ និងស្រីចំនួន១០នាក់។

អ្នកនាំពាក្យរង លោក ទូច សុឃៈ បានបន្ថែមឱ្យដឹងថាក្នុងរយៈពេលដូចគ្នានេះ សមត្ថកិច្ចក៏បានបង្ក្រាបករណីអ្នកងប់ងល់នឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេសចំនួន៦២ករណី ដោយឃាត់ខ្លួនមនុស្សចំនួន១៤៩នាក់ មានស្រី៥៧នាក់ រួមទាំងវត្ថុតាងមានជាអាទិ៍ម៉ូតូ១៧គ្រឿង កុំព្យូទ័រ៥គ្រឿង និងសម្ភារផ្សេងមួយចំនួនទៀត។ លោកបានឱ្យដឹងទៀតថា ក្នុងចំណោមការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់នេះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ១៨ករណី មានមនុស្ស៤៥នាក់ ស្រី២០នាក់ និងអនុវត្តលើវិធានការរដ្ឋបាលចំនួន៤៤ករណី មានមនុស្ស ១០៤នាក់ ស្រី៣៧នាក់។

លទ្ធផលនៃការបង្រ្កាបក្រុមក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ ក្នុងខែមិថុនាកន្លងទៅនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។ ជាការកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ សកម្មភាពល្បែងស៊ីសងបានលេចឡើងមិនត្រឹមតែជាលក្ខណៈប្រពៃណី ដូចជាលេងបៀ អាប៉ោង ជល់មាន់ ឬចាក់កន្ទុយលេខនោះទេ ពោលគឺក្រុមមេល្បែង ពួកកាងល្បែងបានប្រើវិធីសាស្រ្តអូសទាញមនុស្សឱ្យលេងល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈការទូទាត់ប្រាក់ឈ្នះចាញ់ល្បែងបានធ្វើឡើងយ៉ាងងាយស្រួលតាមមធ្យោបាយធនាគារ។

ដើម្បីជម្នះនិន្នាការបែបនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំ និងតម្រង់ទិសជាប្រចាំ ឱ្យសមត្ថកិច្ចក្រសួងមហាផ្ទៃ រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ស្រាវជ្រាវបង្ក្រាប និងចាប់ខ្លួន អ្នកពាក់ព័ន្ធយកមកផ្តន្ទាទោស និងអនុវត្តវិធានការស្របតាមច្បាប់។ ដោយឡែកសម្រាប់ករណីក្រុមក្មេងទំនើង បន្ថែមលើកបទបញ្ជាឱ្យបង្ក្រាបយ៉ាងមុឺងម៉ាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហើបពីការត្រៀមអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធានៅឆ្នាំ២០២៦ ដោយព្រលយថា ច្បាប់នេះក៏នឹងក្លាយជាយន្តការកាត់បន្ថយក្មេងទំនើងពីក្នុងសង្គមផងដែរ៕SRP
ដោយលោក សេង បូលីន

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២៥

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រាប់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប ពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាក្នុងមូលដ្ឋាន

ខេត្តសៀមរាប៖នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ បានថ្លែងជំរុញឱ្យសមត្ថកិច្ចខេត្តសៀមរាប បន្តអនុវត្តឱ្យបានកាន់តែល្អលើគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ជាពិសេសអាជ្ញាធរមូលដ្ឋាន និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវសហការពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាក្នុងមូលដ្ឋាន ជត្រូវពង្រឹងក្រមសីលធម៌ វិន័យរបស់កងកម្លាំង និងបង្កើនការយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់លើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។

នាយឧត្តមសេនីយ៍ សួស អង្គារ៍ ថ្លែងយ៉ាងដូច្នេះនៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្ដីពីការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពប្រចាំឆមាសទី១ និងអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥។

លោកឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងថាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុវត្តតាមផែនការការពារ និងរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គមបានល្អប្រសើរ ស្របតាមគោលនយោបាយ ភូមិឃុំ សង្កាត់មានសុវត្ថិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសរក្សាបាននូវសន្តិសុខ ស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ ប្រតិភូជាន់ខ្ពស់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។

លោកបន្តថា ដើម្បីទទួលបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គមល្អប្រសើរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានសហការជាមួយក្រុមការងារថ្នាក់ជាតិចុះ ជំរុញផ្សព្វផ្សាយរៀបចំការប្រឡងប្រណាំង និងផ្ដល់ប្រាក់រង្វាន់ដល់ឃុំ សង្កាត់ និងបុគ្គលឆ្នើម ក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ជាបន្តបន្ទាប់ថែមទៀតផងដែរ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់លើការអនុវត្តតាមជំនាញ និងច្បាប់ឱ្យបានកាន់តែល្អបន្ថែមទៀត បន្តការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ខណៈបច្ចុប្បន្នការអនុវត្តគោលនយោបាយនេះ កាន់តែមានភាពល្អប្រសើរឡើង។

លោកបានបញ្ជាក់ថា គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព គឺជាការដាក់ចេញរបស់រាជរដ្ឋាភិបាល ដែលប្រគល់ឱ្យក្រសួងមហាផ្ទៃ ជាសេនាធិការ ហើយចាំបាច់ត្រូវរៀបចំក្រុមការងារចុះតាមខេត្តនីមួយៗ ដើម្បីពិនិត្យមើលនៃការអនុវត្តគោលនយោបាយនេះ។

ក្នុងនោះ ក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុងស្រុក ត្រូវបន្តជំរុញពង្រឹងការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននៅសន្តិសុខ សណ្ដាប់ធ្នាប់ល្អ និងម្យ៉ាងទៀត ត្រូវពង្រឹងការគ្រប់គ្រង និងត្រៀមលក្ខណៈឆ្លើយតបបញ្ហាគ្រោះមហន្តរាយ គ្រោះថ្នាក់ និងជំងឺរាតត្បាតផ្សេងៗឱ្យមានប្រសិទ្ធភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page9 Page10 Page11 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប៉ូលិសមួយរូបចូលសារភាព ក្រោយបាញ់សម្លាប់ពលរដ្ឋម្នាក់របួសម្នាក់ ដោយសារក្រុមជនរងគ្រោះយកកាំបិតបុ័ងតោដេញកាប់ ប៉ូលិសមួយរូបចូលសារភាព ក្រោយបាញ់សម្លាប់ពលរដ្ឋម្នាក់របួសម្នាក់ ដោយសារក្រុមជនរងគ្រោះយកកាំបិតបុ័ងតោដេញកាប់ ចុះផ្សាយថ្ងៃទី ៥ មេសា ២០២៦
ចាប់ខ្លួនអ្នកទទួលទិញផលចោរកម្មនិងបក្សពួកចំនួន ៣នាក់ ចាប់ខ្លួនអ្នកទទួលទិញផលចោរកម្មនិងបក្សពួកចំនួន ៣នាក់ ចុះផ្សាយថ្ងៃទី ៥ មេសា ២០២៦
នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា ចុះផ្សាយថ្ងៃទី ៣ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×