លោកអ៊ុន ចាន់ដា កោតសរសើរ នគរបាលខេត្តកំពង់ចាម ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ បានល្អ

ខេត្តកំពង់ចាម៖លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងវាយតម្លៃខ្ពស់ និង​​កោតសរសើរ​ចំពោះ​កងកម្លាំង​នគរបាល​ខេត្ត​កំពង់ចាម​ ដែលបានអនុវត្តតួនាទីភារកិច្ច ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ បានល្អប្រសើរ ព្រមទាំង​បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ផងដែរ​។ ជាមួយគ្នា​នោះ​ លោក​អភិបាល​ខេត្ត​ ក៏​បាន​ផ្តាំផ្ញើរដល់សិក្ខាម​ទាំងអស់​ ត្រូវ​ខិតខំ​យកចិត្តទុកដាក់រៀនសូត្រ ស្តាប់ និងអនុវត្តតាមការបង្ហាត់បង្ហាញរបស់គ្រូឧទ្ទេស ដើម្បីទទួលបានចំណេះជំនាញសម្រាប់យកទៅ អនុវត្តលើការងារតាម​អង្គភាព​រៀងៗខ្លួន​។
លោកថ្លែងយ៉ាងដូច្នេះនៅព្រឹកមិញក្នុងពេលអញ្ជើញចូលរួមប្រារព្ធពិធីបិទវគ្គបណ្ដុះបណ្ដាល​កង​កិត្តិយស​ និង​បេីក​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​ថ្មី​ ​ជំនាន់​ទី​១​ នៅស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម។
បេី​តាម​របាយការណ៍​​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹង​ថា​ ដោយអនុវត្តតាមផែនការសកម្មភាពឆ្នាំ២០២០ របស់ស្នងការរដ្ឋាននគរបាលខេត្ត ស្តីពីការបង្កើនធនធានមនុស្ស លើកកម្ពស់សមត្ថភាពជំនាញ ការគោរពវិន័យ ភាពថ្លៃថ្នូរមន្រ្តីនគរបាលជាតិ ស្របតាមវិជ្ជាជីវៈមន្ត្រីនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្ត​ បានបើកវគ្គបណ្តុះបណ្តាលរយៈពេល១៥ថ្ងៃ ដល់កងកិត្តិយស ចំនួន៤១នាក់ ដែលមកពីតាមអង្គភាព-ការិយាល័យជំនាញ និងបានបើកវគ្គបណ្តុះបណ្តាលបឋមដល់មន្ត្រីនគរបាលក្របខ័ណ្ឌ​ ថ្មីជំនាន់ទី១ ចំនួន១០០នាក់ ក្នុងនោះជា​នារី៣៤នាក់ ដែលមានរយៈពេល៣០ថ្ងៃ។
សូមជម្រាបផងដែរថាក្នុង​ពិធី​នេះ​ដែរ​ លោក​​អភិបាលខេត្ត​ ក៏បានឧបត្ថម្ភថវិកា​ ចំនួន១០លានរៀល​ ដល់​ស្នងការដ្ឋាន​នគរបាលខេត្ត​កំពង់ចាម​ សម្រាប់​ផ្ដល់ជូនដល់​ សិក្ខាកាមកងកិត្តិយស និងសិក្ខាកាមមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មី ព្រមទាំងគ្រូបង្គោល សរុបចំនួន១៥២នាក់។​ ក្នុងនោះលោកឧត្តមសេនីយ៍ស្នងការ​ ក៏បានផ្ដល់ជូនអាវយឺតម្នាក់០១សរុបចំនួន១៥២អាវ ផងដែរ​៕SRP