ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តបានថ្លែងដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវធ្វើការណែនាំ និងទប់ស្កាត់ឱ្យខានតែបានចំពោះបងប្អូនប្រជាពលរដ្ឋដែលតែងតែកាប់ទន្ទ្រានព្រៃលិចទឹកជាជំរកត្រីពង ដើម្បីវាទទីយកដីធ្វើកសិកម្មក្នុងតំបន់៣។ ម្យ៉ាងទៀតត្រូវណែនាំដល់ប្រជាពលរដ្ឋកុំឱ្យមានការដុតគល់ស្រូវ ដែលធ្វើឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងព្រៃលិចទឹកជាដើម។
អភិបាលខេត្តសៀមរាបបញ្ជាក់យ៉ាងដូច្នេះកាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០ក្នុងពេលដឹកនាំក្រុមការងារចម្រុះចុះពិនិត្យស្ថានភាពរួមទំនប់៧៨ ស្ថានភាពផ្សេងៗនិងអាងទឹកក្នុងភូមិសាស្ត្រស្រុកសូទ្រនិគមរហូតដល់សង្កាត់ក្របីរៀល ក្រុងសៀមរាប ដើម្បីពិនិត្យលើការអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាប្រឈមនានានៅតាមបណ្តោយទំនប់៧៨នេះ ប្រកបដោយចីរភាព។
ជាមួយគ្នានេះអភិបាលខេត្តក៏បានណែនាំដល់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពិនិត្យមើលស្ថានភាពទឹកនិងគ្រប់គ្រងទឹកទុកក្នុងអាងដើម្បីធ្វើការស្រោចស្រពក្នុងការបង្កបង្កេីនផលរបស់បងប្អូនប្រជាពលរដ្ឋ និងគ្រប់គ្រងឱ្យបានល្អផងដែរ៕SRP
អភិបាលខេត្តសៀមរាប ប្រាប់មន្ត្រីមូលដ្ឋានទាំងអស់ ទប់ស្កាត់ឲ្យបាន ការកាប់ទន្ទ្រានព្រៃលិចទឹក