ខេត្តប៉ៃលិន៖មនុស្ស២នាក់
រងរបួសធ្ងន់និងខូចខាតអេស្កាវ៉ាទ័រស្រាលចំនួន០១គ្រឿង ដោយសារផ្ទុះគ្រាប់យុទ្ធភ័ណ្ឌ។
ហេតុការណ៍បានកើតឡើងនៅពីវេលាម៉ោង១៦ និង៤០នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវចូលទៅរមណីយដ្ឋានចំការខ្នុរ ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះ
០១-ឈ្មោះ ណារ៉ុន តេត្រា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (ជាអ្នកបើកអេស្ការវ៉ាទ័រ) ។
0២-ឈ្មោះ វង់ សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ជាព្រូ) ។
ជនរងគ្រោះទាំងពីរនាក់ជាកម្មករបើកអេស្កា បានធ្វើការគាស់កាយដី និងឈូសឆាយពង្រាបអោយម្ចាស់ចំការឈ្មោះ នុត សឿន រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន លុះមកដល់ពេលវេលាកើតហេតុខាងលើក៏ស្រាប់តែផ្ទុះបណ្តាលអោយរបួសតែម្តង។
ក្រោយពេលកើតហេតុលោកឧត្តមសេនីយ៍ស្នងការ បានដឹកនាំកម្លាំងចុះទៅពិនិត្យមើលទីតាំងកើតហេតុ ឃើញថាគ្រាប់ដែលផ្ទុះគឺមានចំនួន ០១គ្រាប់ និងឃើញមានគ្រាប់ដែលនៅសេសសល់លើដីចំនួន០១គ្រាប់ និងបំណែកគ្រាប់ចំនួន០១គ្រាប់មានផ្ទុករំសេវ។
បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកគ្រាប់យុទ្ធភ័ណ្ឌដែលនៅសល់ត្រូវបានប្រគល់ជូនមន្ត្រីស៊ីម៉ាក់ទទួលយកទៅរក្សាទុក ។ យោងតាមការរាយការណ៍របស់មន្ត្រីស៊ីមាក់ គ្រាប់ដែលនៅសេសសល់គឺប្រភេទគ្រាប់ ៧៥មីលីម៉ែត្រចំនួន០១គ្រាប់ និងបំណែកគ្រាប់ DK៨២ ដែលមានផ្ទុករំសេវចំនួន ០១គ្រាប់ និងបានសន្និដ្ឋានថាគ្រាប់ដែលផ្ទុះនោះក៏ជាប្រភេទគ្រាប់ ៧៥មីលីម៉ែត្រដែរ៕SRPវ៉ន ដារ៉ា
ផ្ទុះគ្រាប់យុទ្ធភ័ណ្ឌ បណ្ដាលឲ្យ មនុស្សពីរនាក់ រងរបួសធ្ងន់