ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរាបានអះអាងថាគិតចាប់ពីថ្ងៃទី២០ដល់ថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យ និងជួយលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋបានចំនួន១២០គ្រួសារដូចខាងក្រោម៖
០១.ក្រុងសៀមរាបបានចំនួន៣៣គ្រួសារ
០២.ស្រុកប្រាសាទបាគងបានចំនួន៥១គ្រួសារ
០៣.ស្រុកបន្ទាយស្រីបានចំនួន២៥គ្រួសារ
០៤.ស្រុកពួកបានចំនួន១១គ្រួសារ។
អាជ្ញាធរជាតិអប្សរាបានបន្តថាក្រោយបានការអនុញ្ញាត មន្ត្រី-បុគ្គលិកជំនាញរបស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ក៏បានចុះទៅដល់ទីតាំងសាងសង់ផ្ទាល់ ដើម្បីពិនិត្យតាមដាននិងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់ គឺធ្វើយ៉ាងណាឱ្យសំណង់ទាំងនោះអនុលោមតាមលិខិតអនុញ្ញាត និងគោលការណ៍គ្រប់គ្រងសំណង់លំនៅដ្ឋានក្នុងឧទ្យានអង្គរ ដែលជាសំណង់ស្រាល សង់ខ្ពស់ផុតពីដី ហើយក៏ជាសំណង់បែបប្រពៃណីពីដូនតាខ្មែរ។
បើតាមអាជ្ញាធរជាតិអប្សរាកិច្ចការទាំងនេះ បានធ្វើឱ្យចំនួនសំណង់ដែលមិនមែនជាផ្ទះខ្មែរនិងខុសពីគោលការណ៍បេតិកភណ្ឌនាំឱ្យប៉ះពាល់ដល់តម្លៃឧទ្យានអង្គរ ត្រូវបានថយចុះ ហើយសំណង់បែបប្រពៃណីត្រូវបានលេចរូបរាងឡើងក្នុងឧទ្យានអង្គរជាបន្ត៕SRP
អាជ្ញាធរជាតិអប្សរា ចុះជួយ លក្ខណៈបច្ចេកទេស ដល់ប្រជាពលរដ្ឋ ១២០គ្រួសារ ក្នុងឧទ្យានអង្គរ