បាត់ខ្លួន០៣នាក់ ដោយទូកអូសយ៉ាងកាវ បេីកបុក​ទូក​ ពលរដ្ឋ ​ជិះ​ឆ្លង​ទន្លេ​ ទាំងយប់អធ្រាត្រ

0

ខេត្តកំពង់ចាម៖មនុស្សចំនួន៣នាក់ ត្រូវ​បានបាត់ខ្លួន​ និងម្នាក់​ទៀត​ត្រូវ​រងរបួស ខណៈ​ទូក​អូស​យ៉ាងកាវ​ បេីកបុក​ជាមួយ​ទូក​ប្រជាពលរដ្ឋ​ ដែល​ជិះ​​ឆ្លង​ទន្លេ​ គ្រា​ដែល​​ពួក​គាត់​ត្រឡប់​មក​ពី​ពិធី​មង្គលការ​មួយ​ ហើយ​ឆ្ពោះ​ទៅកាន់លំនៅឋាន​របស់​ខ្លួន​ ស្ថិត​នៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីវេលាម៉ោង ១០យប់​ ថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២០ ។

មេឃុំកោះសំរោងលោក សន សុខ បានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ មានករណីគ្រោះថ្នាក់ រវាង ទូកអូសយ៉ាំងកាវ បានបុកជាមួយនឹងទូកចាប់គែម របស់ប្រជាពលរដ្ឋ រស់នៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ដែលបានធ្វើដំណើរឆ្លងមកពី ចូលរួមពិធីមង្គលការ នៅឃុំរំចេកត្រើយម្ខាង មានប្រជាពលរដ្ឋចំនួន១១នាក់ជិះលើកូនទូកនោះ ក្នុងគោលដៅវិលត្រឡប់មកកាន់លំនៅដ្ឋាននៅកំពង់ក្បាលកោះជ័យ ក៏ត្រូវបានជួបគ្រោះថ្នាក់ដោយទូកអូសយ៉ាំងកាវ បើកបុក នៅចំណុច កណ្ដាលទន្លេ រវាងឃុំរំចេក និងឃុំកោះសំរោង បណ្ដាលឲ្យលិចទូកចាប់គែមរបស់ប្រជាពលរដ្ឋ បណ្ដាលឱ្យមនុស្សចំនួន៣នាក់បាត់ខ្លួន និងម្នាក់ទៀតរងរបួស ។

លោកសន សុខ បានឲ្យដឹងទៀតថា មនុស្សទាំង០៣នាក់នោះ ទី១-ឈ្មោះ រិន ជា ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិទី២ (បាត់ខ្លួន)
ទី២-ឈ្មោះ ធីម ថាន ភេទប្រុស អាយុ ៥២ឆ្នាំ នៅភូមិទី២ (បាត់ខ្លួន)
​ទី៣-ឈ្មោះ ឡាង ប៉េងហ៊ត់ ភេទប្រុស អាយុ៣៣ឆ្នាំ​ នៅភូមិទី២ (បាត់ខ្លួន)
និងទី ៤-ឈ្មោះ អ៊ាង ធី ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិទី២ (រងរបួសជើងឆ្វេង)។

លោកមេឃុំកោះសំរោង បានបញ្ជាក់ថា ក្រោយពីកើតហេតុ ភាគីខាងទូកយ៉ាងកាវ បានរត់គេចខ្លួនបាត់ ។ ដោយឡែកចំពោះមនុស្សដែលបានបាត់ខ្លួន៣នាក់ រហូត​មកដល់ព្រឹក ថ្ងៃទី១១ ឧសភា នេះ មិនទាន់រកឃើញនៅឡើយទេ៕SRP