អង្គការសង្គ្រោះមេឃពណ៌ខៀវ ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅ​ខេត្តកំពង់ចាម​

0

ខេត្តកំពង់ចាម៖​ក្រុមអ្នកជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន សហការ​ជាមួយ​អាជ្ញាធរ​ខេត្តកំពង់ចាម​ ចុះបាញ់ថ្នាំសម្លាប់មេរោគ ​ រយៈពេល​២ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១០​-១១​ ខែឧសភា​ ឆ្នាំ​២០២០​។

លោក​​ ហាន​ កុសល​ អភិបាល​រង​ខេត្ត​កំពង់ចាម​​ បាន​ឲ្យដឹងថា​ ការ​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ ដេីម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​នេះ​ គឺ​បាន​ធ្វើ​ឡើង​នៅ​ទីតាំង​សំខាន់ៗ​ ​ចំនួន​៥ទីតាំង​ ក្នុងនោះរួមមាន៖
​ ទីតាំងទី១ នៅវិហារឥស្លាម ស្ថិត​ក្នុង​ភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស ជាទីកន្លែងដែលជនជាតិម៉ាឡេស៊ី ធ្វើពិធីសាសនានៅទីនោះ។
-ទីតាំងទី២ វិហារឥស្លាម និងតាមផ្ទះប្រជាពលដ្ឋ នៅភូមិសាច់សូរ ឃុំពាមជីកង ស្រុកកងមាស ជាទីកន្លែងដែលរកឃើញបុរសជនជាតិខ្មែរ០១រូប បានឆ្លងជម្ងឺកូវីដ១៩ និងជនជាតិម៉ាឡេស៊ី ៨រូប មានផ្ទុកជម្ងឺកូវីដ១៩ ដែលមកស្នាក់នៅបណ្តោះអាសន្ន ដើម្បីធ្វើពិធីសាសនានៅទីនោះ។
-ទីតាំងទី៣ នៅសណ្ឋាគាមេគង្គដែលជាទីកន្លែងសម្រាប់ដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ១៩។
-ទីតាំងទី៤ នៅចំណតរថយន្ត ផ្សារកំពង់ចាម
-និងទីតាំងទី៥ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ដែលជាទីតាំងព្យាបាលអ្នកជំងឺកូវីដ១៩។​ ក្នុង​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នេះ​ដែរ​ ក្រុមអ្នកស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវចិន មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ នៅលើផ្ទះ ឬបុគ្គលិក នៅតាមបន្ទប់ធ្វើការ ក្នុងកំឡុងពេលបាញ់ថ្នាំនោះឡើយ គឺត្រូវទុករយ:ពេលពី២០ទៅ ៣០នាទី ទើបអាចចូលផ្ទះ ឬធ្វើការងារ​ធម្មតា​វិញ​បាន។ ហើយក្រុមគ្រូពេទ្យ​ចិនក៏បានបង្ហាត់បង្ហាញ​ និងបង្រៀនដល់​មន្ត្រី​សុខាភិបាល​ នៃមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បី​ឲ្យពួកគាត់ចេះបាញ់ថ្នាំ ខណ:ថ្នាំនេះមានកម្រិតខ្ពស់ ដោយបាញ់ថ្នាំក្នុងបន្ទប់ ចំហាយវាអាចទៅសម្លាប់មេរោគបានដោយងាយផងដែរ។

ជាមួយ​គ្នានោះ​ លោក​ ហាន កុសល អភិបាលរងខេត្ត តំណាងលោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ១៩ បានទទួលស្វាគមន៌យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ​ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន, ក្រុមអ្នកជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកជួយបាញ់ថ្នាំសម្លាប់មេរោគ ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ១៩ នៅខេត្តកំពង់ចាម។

គួរ​បញ្ជាក់​ផងដែរថា​ ក្រុមគ្រូពេទ្យ​ជំនាញស្ម័គ្រចិត្ត​ អង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន មានចំនួន១៨នាក់​ បន្ទាប់ពី​បានចុះបេសកម្ម​ បាញ់ថ្នាំក្នុងខេត្តកំពង់ធំ​ រួចចុះ​បាញ់​ថ្នាំ​នៅ​ខេត្ត​កំពង់ចាម​នេះ ហេីយនឹង​បន្តដំណើរទៅបាញ់ថ្នាំសម្លាប់មេរោគ​កូវីដ​១៩​ នៅខេត្តត្បូងឃ្មុំ​ ផងដែរ​៕SRP