ផ្ទះ​ឈើ​២ខ្នង​ និងទ្រព្យសម្បត្តិ ជាច្រើន ត្ត្រូវបានអគ្គិភ័យ ឆាបឆេះ

0

ខេត្តកំពង់ចាម៖លំនៅឋានប្រជាពលរដ្ឋ ដែល​សាងសង់​ឡើង​អំពី​ឈើ​ ប្រក់​ក្បឿង​ ចំនួន​២ខ្នង​ ​ក្នុង​នោះ​១ខ្នង​ត្រូវបាន​អគ្គិភ័យឆាបឆេះអស់ទាំងស្រុង និង​១ខ្នង​ទៀត​ ត្រូវ​រងការ​ខូចខាត​អស់​មួយ​ផ្នែក​ ខណៈ​ម្ចាស់​ផ្ទះ​ ​និង​អ្នក​ជិតខាង​​មិន​អាច​ជួយ​ពន្លត់​ទាន់​ពេល​ បណ្តាល​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​ តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ឬ​រងរបួស​អ្វី​ឡើយ​។
ករណីនេះបានកើតមានឡើង កាល​ពី​វេលាម៉ោង​​៩​ និង​៣០នាទី​ព្រឹក​ ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុង​ភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស​ ខេត្តកំពង់ចាម​។

លោក​ ថុង​ ភូរី​វុធ​ អធិការ​រង​នគរបាល​ស្រុក​កងមាស​​ បានឲ្យដឹងថា​ ចចំពោះហេតុការណ៍នេះ បណ្ដាលឲ្យឆេះផ្ទះ​ប្រជាពលរដ្ឋ​ ឈ្មោះ ថន សុធារី​ ភេទស្រី អាយុ៤៥ឆ្នាំ ដែលមានទំហំ​៨​ x៩ម៉ែត្រ​ ធ្វើអំពីឈើ ប្រក់ក្បឿង​ ឆេះអស់ទាំងស្រុង និងបណ្ដាលឲ្យខូចខាត​គ្រឿង​អលង្ការ​មាន​ដូច​ជា​ ខ្សែរក ខ្សែរដៃធ្វើអំពីមាសចំនួន០៣តម្លឹងកន្លះ និង​ខ្សែរក កងដៃផ្លាកទីន ចំនួន០៣តម្លឹង ប្រាក់​១៦០០ដុល្លារ​ ទូឈើដាក់ខោអាវចំនួន០៣ តុចំនួន០៣ និងគ្រែប្រអប់ចំនួន០៣​ ផង​ដែរ​។ ដោយឡែក​ផ្ទះ​​ប្រជាពលរដ្ឋ​ ឈ្មោះ តូច ប៊ុនថន ភេទប្រុស អាយុ៧៤ឆ្នាំ មានទំហំ១០​ x១០ម៉ែត្រ​ ធ្វើអំពីឈើ ប្រក់ក្បឿង បណ្ដាលឲ្យខូចខាតជញ្ជាំង និងដំបូល មួយចំហៀង។ ដែល​សមត្ថកិច្ចបាន​ដាក់​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ ចំពោះ​ករណី​គ្រោះអគ្គិភ័យនេះ គឺ​បណ្ដាល​មកពីការ​ទុស្សេ​ខ្សែ​ភ្លើង​។
ក្រោយពីទទួលបាន​ព័ត៌មាន​ភ្លាម លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស​ បានចាត់តាំងអោយលោកវរសេនីយ៍ទោ ថុង ភូរីវុធ​ អធិការរងទទួលដឹកនាំការងារផ្នែកព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញអធិការដ្ឋាន ចេញរថយន្ដពន្លត់អគ្គិភ័យ ០១គ្រឿង និង​ទាក់ទង​រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ ០១គ្រឿងទៀត​ ចុះទៅអន្ដរាគមន៍ជួយពន្លត់​ ដោយ​ប្រេីប្រាស់​ទឹក​អស់​២ឡាន​ ហើយ​ភ្លេីងក៏បានរលត់អស់១០០% នៅវេលាម៉ោង១១និង០០នាទី ដោយ​មិន​បាន​ឆាប់​ឆេះ​រាលដាល​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​ដ៏ទៃ​ទៀត​ឡើយ​៕SRP