អភិបាលខេត្តសៀមរាប៖ «ខេត្តមួយនេះ ខ្ញុំបានត្រៀមចិត្តឱ្យគ្រប់យ៉ាង»

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឆ្លើយតបនឹងការលើកឡើងលើបណ្ដាសង្គមហ្វេសប៊ុក ឈ្មោះ Ret Phlong ដោយឯកឧត្តមបានបញ្ជាក់ថា រឿងលិចទឹក ឯកឧត្តមបានចុះដោយផ្ទាល់ មើលផ្ទាល់ អន្តរាគមន៍ឱ្យកាយដាក់លូភ្លាមៗ ដើម្បីរំដោះទឹក ឯកឧត្តមចំណាយថវិកាផ្ទាល់ដោយមិនឱ្យអ្នកណាចំណាយ ប៉ះផ្ទះអ្នកណាចុះសូមគេ ដាក់លូហើយរៀបបេតុងឱ្យគេវិញ។

ឯកឧត្តម ប្រាក់ សោភ័ណ បានលើកឡើងទៀតថា ផ្លូវតុលាការ ឯកឧត្តម បានសុំអន្តរាគមន៍ធ្វើដោយចំណាយថវិកាខ្លួនឯង មានទាំងផ្លូវត្រាំនាគ បូកជាមួយខ្សែផ្លូវសំខាន់ៗជាច្រើន មិនទាន់រាប់ចូលផ្លូវដីតូចៗក្នុងក្រុង ដែលត្រូវរៀបជាផ្លូវបេតុង។

ឯកឧត្តម បានបញ្ជាក់ទៀតថា “បើបងស្រឡាញ់ខេត្តនេះ គួរមើលតើខ្ញុំបានធ្វើអីខ្លះ ក្រពះបង គ្រួសារបងត្រូវការបង តែពុកម៉ែបងប្អូន ១លាន ២សែននាក់ ត្រូវការខ្ញុំ”។

ឯកឧត្តមបន្តថា “ជនភៀសសឹក ៦ ៣០០គ្រួសារ ពេលយើងប៉ះជាមួយសៀម បងដែលបង្ហោះហៅគេជួយ ឬអត់? បងបានចុះមើលផ្ទាល់ ឬអត់? អ្នកទោសជាង ១ ១០០នាក់ មកស្នាក់នៅយើងបងមានដឹងអត់ អ្នករងរបួសស្រាល មធ្យម និងធ្ងន់យើងជាអ្នកមើលថែ សាកសពនាយទាហានពលីដើម្បីប្រទេសយើង ក្រុមការងារពេទ្យយើងឡើងទៅទទួល និងពិនិត្យទាំងអស់ កងទ័ពពលីយើងរៀបបុណ្យជូនទាំងអស់តាមបែបប្រពៃណីសាសនា រួមទាំងសពខេត្តគេក៏យើងទទួលរៀបចំជូនដោយមិនអោយខ្វះខាត។ ប្អូនៗប្រឡងបាក់ឌុបក៏យើងទទួលការស្នាក់នៅមណ្ឌលប្រឡងជូន”។

ឯកឧត្តមសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានបើមិនដើម្បីផលប្រយោជន៍ជាតិ ត្រូវមើលឱ្យគ្រប់ជ្រុងជ្រោយ តាមរាល់សារព័ត៌មានដែលអាចទុកបាន វិភាគឱ្យគ្រប់ជ្រុងជ្រោយ។ បើខ្វះខាត ឆាតសុំមក៕SRP
#មន្ទីរព័ត៌មានខេត្តសៀមរាប