មេរៀនរាប់អានមនុស្សគូប្រុងប្រយ័ត្ន! ផឹកស៊ីជុំគ្នាឈ្លោះប្រកែកវាយសម្លាប់គ្នា
ខេត្តសៀមរាប៖ជនដៃដល់ដែលវាយសម្លាប់ដៃគូផឹកស៊ីជុំគ្នាត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាប ចាប់ខ្លួនក្រោយធ្វើសកម្មភាព។
ការចាប់ខ្លួនធ្វើនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប តាមបញ្ជារបស់លោកឧត្តមសេនីយ៍ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប។
ករណីអំពើហិង្សាដោយចេតនាមានស្ងានទម្ងន់ទោស នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចតាមបណ្ដោយផ្លូវទឹកលិច ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ជនរងគ្រោះមានឈ្មោះ គឹម បញ្ញា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅភូមិធ្លកណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ជនសង្ស័យឈ្មោះ សាន សែន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ នៅចំណុច ភូមិចុងកៅស៊ូ ឃុំស្លក្រាម ស្រុកសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៩,០០នាទី សមត្ថកិច្ចបានទទួលសេចក្ដីរាយការណ៌ពីឈ្មោះ គឹម ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិអញ្ញាញ សង្កាត់នគរធំ ក្រុងសៀមរាប (ត្រូវជាបងប្រុសសព)ថា ប្អូនរបស់ខ្លួនដែលជារងគ្រោះឈ្មោះ គឹម បញ្ញា បានស្លាប់ដោយសារមានមនុស្សវ៉ៃ ដោយជនរងគ្រោះដើរកាត់ទឹកមានជម្រៅ៤៨ស.ម រួចស្រែកប្រាប់ម្តាយថាមានគេវាយ ហើយដួលទៅក្នុងទឹក លុះមួយសន្ទុះទើបម្តាយខ្លួនចេញមកមើល ក៏ឃើញជនរងគ្រោះ ដួលនៅក្នុងទឹក ហើយក៏ផ្អើលឆោឡោ រួចដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយក៏បានដាច់ខ្យល់ស្លាប់តែម្ដង។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បន្តថា ក្រោយចាប់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង (អង្រែឈើប្រវែង៣៥ស.ម) យកមកធ្វើការសាកសួរបានឆ្លើយសារភាពថា៖ រូបគេពិតជាបានធ្វើសកម្មភាពវាយនឹងដៃ ព្រមទាំងយកអង្រែ វាយជនរងគ្រោះបណ្ដាលឲ្យរងរបួសពិតប្រាកដមែន។ មូលហេតុដោយសារខ្លួនបានផឹកស៊ីជាមួយជនរងគ្រោះ បន្ទាប់មកខ្លួន និងជនរងគ្រោះ ក៏បានឈ្លោះប្រកែកគ្នា រហូតដល់ជនរងគ្រោះ បានយកអង្រែឈើ ប្រវែង៣៥ស.ម មកបម្រុងវាយខ្លួន តែខ្លួនក៏បានចាប់អង្រែបានពីដៃជនរងគ្រោះ ហើយវាយលើជនរងគ្រោះចំនួន១អង្រែ ចំត្រង់ចំណុចក្បាលផ្នែកខាងលើ បណ្ដាលឲ្យរយះចេញឈាមមកក្រៅ និងវាយជាច្រើនដៃត្រូវត្រង់ចំណុចចុងចិញ្ចីមទាំងសងខាង ,ចំណុចស្នាខាងឆ្វេង បណ្ដាលឲ្យមានស្នាមហើមជាំ ,ត្រង់បបូរមាត់ខាងក្រាម បណ្ដាលឲ្យរយះសាច់ចេញឈាមមកក្រៅ។
ករណីនេះសមត្ថកិច្ចបានដកហូត-វត្ថុតាង៖ អង្រែឈើប្រវែង៣៥សង់ទីម៉ែត្រ។
បើតាមលោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានបញ្ជាក់ប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ ករណីខាងលើនេះ អនុវត្តតាមបទបញ្ជាលោកស្នងការ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំតាមនីតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបមានចំណាត់ការបន្តតាមផ្លូវច្បាប់៕SRP