ខេត្តសៀមរាប៖ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានព័ត៌មានសង្ស័យ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការនគរបាលខេត្តសៀមរាប បានចាត់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ទីតាំងលំនៅឋានមួយកន្លែងដែលស្ថិតនៅក្នុង ភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយការឃ្លាំមើលដោយយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញា រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ទឹម កាន់យូណា ហៅ តឿ ឬ យី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន ក្រោយការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើខ្លួនជនសង្ស័យ ជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀនក្នុងខ្លួន) សមត្ថកិច្ចបានបន្តធ្វើការឆែកឆេរនៅលំនៅឋានខាងលើ ដោយរកឃើញម្សៅក្រាមពណ៌ ស ថ្លា ចំនួន ០៣កញ្ចប់ (មានតម្រុយជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន) និងសម្ភារៈវេចខ្ចប់ រួមទាំងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ក៏សាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប និងត្រូវបានចៅក្រមស៊ើបសួរ ចេញដីការបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់៕SRP