ខេត្តសៀមរាប៖នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប នាថ្ងៃម្សិលមិញ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តបានដឹកនាំពិភាក្សាស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមានការចូលរួមពីក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។
បន្ទាប់ពីស្តាប់បទបង្ហាញរបស់មន្ទីរបរិស្ថាន ស្តីពីការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែនភូមិសាស្រ្តខេត្តសៀមរាប និងការចូលរួមមតិយោបល់ពីអង្គប្រជុំរួចមក លោក អភិបាលរងខេត្តបានណែនាំដល់ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃបឹងពែ និងដែនជម្រកសត្វព្រៃភ្នំត្នោត -ភ្នំពក និងត្រូវពិនិត្យឡើងវិញនូវអត្តសញ្ញាណរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់កាន់កាប់ដីក្នុងតំបន់ទាំងបួន គឺតំបន់ស្នូល តំបន់ចីរភាព តំបន់អភិរក្ស និងតំបន់សហគមន៍។
លោកអភិបាលរងខេត្ត ក៏បានណែនាំបន្ថែមដល់អ្នកពាក់ព័ន្ធត្រូវសហការគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យបានការដឹកជញ្ជូនឈើខុសច្បាប់ទោះរូបភាពណាក៏ដោយ ម្យ៉ាងទៀតការដឹកជញ្ជូនពីខេត្តផ្សេងឆ្លងកាត់ខេត្តសៀមរាបក៏បញ្ហាដែលកើតមានឡើងផងដែរ ដូចនេះសូមសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្ក្រាបឱ្យបាន។ ជាមួយគ្នានេះ លោក ក៏បានជំរុញឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរបរិស្ថានត្រូវរៀបចំស្រង់ទិន្នន័យ ឡ ផលិតធ្យូងទាំងអស់ក្នុងខេត្ត៕SRP