អភិបាលខេត្តបាត់ដំបងណែនាំអាជ្ញាធរនិងមន្រ្តីជំនាញបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលដំណើរវិលត្រឡប់មកពីប្រទេសថៃរបស់ពលករខ្មែរ

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនៅថ្ងៃនេះបានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីនិងកងកម្លាំងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង និងបន្តដឹកនាំកិច្ចប្រជុំពិភាក្សាកិច្ចការផ្សេងៗនៅតាមបណ្តាច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅសាលាស្រុកសំពៅលូន ដោយមានការចូលរួមពី អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទជុំវិញខេត្ត លោកអភិបាលស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរនិងកងកម្លាំងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេស និងត្រូវបង្កលក្ខណៈងាយស្រួលធ្វើយ៉ាងណាឱ្យពលករបានជិះរថយន្តក្រុងដោយឥតគិតថ្លៃទៅស្រុកដល់កំណើតប្រកបដោយសុខសុវត្ថិភាព។

ឯកឧត្តម បន្ថែមថា កន្លងមក អាជ្ញាធរ កងកម្លាំង និងក្រុមការងារបានខិតខំធ្វើបានយ៉ាងល្អប្រសើក្នុងការសម្រួលជួយជញ្ជូនអីវ៉ាន់ពលករដាក់រថយន្តដោយរលូន ហើយការទទួលបងប្អូនពលករកន្លងមក គឺមិនមានជាបញ្ហាណាមួយធ្ងន់ធ្ងរឡើយ ដែលនេះគឺជាជោគជ័យមួយរបស់រដ្ឋបាលខេត្តបាត់ដំបង។

ឯកឧត្តម បានណែនាំអភិបាលក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ ខិតខំជំរុញឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបង្កើនការដាំដុះបង្កបង្កើនផល និងស្វែងរកការងារធ្វើក្នុងស្រុក ដើម្បីជួយសេដ្ឋកិច្ច ប្រទេសជាតិ និងជីវភាពកាន់តែប្រសើរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវបន្តយកចិត្តដាក់លើក្រុមគ្រួសារកងទ័ពជួរមុខ ដែលជួបការលំបាកខ្លាំងនៅក្នុងមូលដ្ឋាន៕SRP