លោកគង់ សុភី ប្រធានក្រុមហ៊ុនម៉ៅការសំរាមក្រុងស្វាយរៀង ដាក់ដីលុបព្រែកយកធ្វើជាកម្មសិទ្ធិ

លោកគង់ សុភី ប្រធានក្រុមហ៊ុនម៉ៅការសំរាមក្រុងស្វាយរៀង ដាក់ដីលុបព្រែកយកធ្វើជាកម្មសិទ្ធិ

ខេត្តស្វាយរៀង៖លោកគង់ សុភី ប្រធានក្រុមហ៊ុនម៉ៅការសំរាមក្រុងស្វាយរៀង បានដឹកយកអាចម៌ដីមកចាក់លុបចំណីព្រែកទទឹង៣៦ម៉ែត្រ បណ្តោយ១០០ម៉ែត្រ ធ្វើជាកម្មសិទ្ធិ បើទោះបី លោកអភិបាលក្រុងស្វាយរៀង ឲ្យកាយយកអាចម៌ដីចេញវិញដើម្បីរក្សាដីចំណីព្រែកធម្មជាតិជាដីរបស់រដ្ឋ ក៏ដោយ
ក៏ប៉ុន្តែក្រុមហ៊ុនមួយនេះនៅចាក់ដីរំលោភផ្គើននិងចំណាត់ការរបស់រដ្ឋបាលក្រុង។

ពាក់ព័ន្ធក្នុងករណីនេះ លោកគង់ សុភី ប្រធានក្រុមហ៊ុនម៉ៅការសំរាម ដែលបានចាក់អាចម៌ដីលប់ចំណីព្រែកអូរស្មាច់ធ្វើជាកម្មសិទ្ធិ បានប្រាប់អ្នកសារព័ត៌មានថា លោករង់ចាំ លោកអភិបាលរងខេត្តចុះមកពិនិត្យនិងអនុញ្ញាតិឲ្យកាយត្រឹមណា ទើបលោកកាយ។

លោកហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍ថា លោកមិនទាន់ជ្រាបក្នុងករណីនេះទេ សូមឲ្យទាក់ទងទៅលោកអភិបាលក្រុងស្វាយរៀងពិនិត្យដោះស្រាយ។

លោកណុប ចំរើន អភិបាលក្រុងស្វាយរៀង បានមានប្រសាសន៍តាមទូរសព្ទ័ នារសៀលនេះថា លោកបានដឹកនាំក្រុមការងារចុះទៅពិនិត្យម្តងរួចហើយឃើញថា ក្រុមហ៊ុនគង់សុភី បានចាក់អាចម៌ដីលប់ចំណីព្រែកធម្មជាតិអូស្មាច់ ទទឹង៣៦ម៉ែត្របណ្តោយ១០០ម៉ែត្រ និងខាងក្រោយដីមានបណ្ណ័ទទឹង១៩ម៉ែត្របណ្តោយ២៥ម៉ែត្រ។រដ្ឋបាលក្រុងបានបោះបង្គោលកំណត់ព្រំដីរួចធ្វើកិច្ចសន្យាឲ្យឈ្មោះគង់សុភី យកគ្រឿងចក្រកាយយកអាចម៌ដី ចេញវិញ រក្សាស្ថានភាពដីចំណីព្រែកដូចដើមវិញ ដោយកំណត់ឲ្យកាយចាប់ពីថ្ងៃទី០៥សីហា២០២៥តទៅ ក៏ប៉ុន្តែឈ្មោះគង់សុភី មិនអនុវត្តតាមកិច្ចសន្យា ដូច្នេះលោកនិងចាត់ក្រុមការងារចុះទៅពិនិត្យវាស់វែងនិងបោះបង្គោលថ្ម ដកយកដី«ទទឹង៣៦ម៉ែត្របណ្តោយ១០០ម៉ែត្រ»ទុកជាសម្បត្តិរបស់រដ្ឋ។

ប្រជាពលរដ្ឋនៅភូមិចុងព្រែកសំណូមអោយឲ្យរដ្ឋបាលក្រុងស្វាយរៀងអនុវត្តច្បាប់ទៅលើម្ចាស់ក្រុមហ៊ុនគង់សុភី ដែលបានចាក់អាចម៌ដីលប់ព្រែកធម្មជាតិ ដែលជាដីទ្រព្យសម្បត្តិរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់មិនគួរលើកលែងទេ ត្រូវតែអនុវត្តច្បាប់ កុំឲ្យជនឈ្លៀតឱកាស់ចាក់ដីរំលោភយកដីព្រែកធម្មជាតិធ្វើជាកម្មសិទ្ធិបន្តទៀត។ពិសេសសូមអោយជំនាញធនធានទឹកថ្នាក់ជាតិចុះមកពិនិត្យមើលផងទាន ព្រែកនិងចំណីព្រែកអំស្មាច់ គេជីកយកអាចម៌ដីលក់និងលប់យកធ្វើជាកម្មសិទ្ធិ រួមនៅទំហំតូចស្ទើរតែបាត់បង់ព្រែកទៅហើយ។

សូមបញ្ជាក់ប្រជាពលរដ្ឋរស់នៅភូមិចុងព្រែកនិងភូមិធ្មល់សង្កាត់ចេក បានលើកឡើងថា មានប្រធានក្រុមហ៊ុនម៉ៅការចាក់សម្រាមក្រុងស្វាយរៀងបានដឹកអាចម៌ដីយកមកចាក់លប់ដីចំណីព្រែកធម្មជាតិ អូស្មាច់ ដោយមានទទឺងប្រមាណ៧០ម៉ែត្របណ្តោយប្រមាណ១០០ម៉ែត្រ ចូលទៅក្នុងព្រែកបង្កឲ្យមានការរិះគន់ចំៗ ទៅអាជ្ញាធរក្រុងស្វាយរៀង ថា បណ្តែតបណ្តោយឲ្យគេចាក់ដីលប់ដីចំណីព្រែកធម្មជាតិធ្វើជាកម្មសិទ្ធិ គ្មានឃើញអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់មកហាមឃាត់ឡើយ ចាក់លប់ដោយរលូន។

ករណីមហាជនលើកឡើងការចាក់ដីលប់ចំណីព្រែកធម្មជាតិនេះកើតឡើងនាព្រឹកថ្ងៃទី០២សីហា២០២៥ នៅចំណុចខាងជើងស្ពានអូស្មាច់ចម្ងាយប្រមាណ២០០ម៉ែត្រ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេកក្រុងស្វាយរៀង។

ទាក់ទិនករណីនេះដែរ លោកគង់ សុភី ក្រុមហ៊ុនគង់សុភី ឯ.ក បានប្រាប់អ្នកព័ត៌មាន តាមទូរសព្ទ័នារសៀលនេះថា នៅចំណុចលោកចាក់ដី នោះគឺជាដីកម្មសិទ្ធិរបស់លោក គឺមានចំនួន២០ក្បាលដីឯណោះ ហើយលោកបានស្នើសុំចុះបញ្ជី រួចហើយ ដូច្នេះការចាក់ដីនេះគឺមិនបានចាក់លប់ដីចំណីព្រែកដូចមហាជនលើកឡើងនោះទេ។

លោក ឌី យ៉ាម៉ង់ ប្រធានភូមិបាលក្រុងស្វាយរៀង បានប្រាប់អ្នកព័ត៌មានថា លោកបានទទួលដំណឹងនេះហើយ និងបានចាត់មន្ត្រីក្រុមការងារការិយាល័យភូមិបាលក្រុងឲ្យចុះទៅពិនិត្យមើលនៅរសៀលថ្ងៃទី២សីហា នេះ គឺពិនិត្យឃើញថា នៅចំណុចកើតហេតុនោះ គឺចាក់ចូលចំណីព្រែកមួយចំនួន លោកបានឲ្យលោកគង់ សុភី យកគ្រឿងចក្រកាយលើកអាចម៍ដីឡើងវិញ។

លោកឌីយ៉ាម៉ង់ បានបញ្ជាក់ថា បញ្ហា សុរិយោដីចុះបញ្ជី ចេញបណ្ណ័ឲ្យលោកគង់ សុភី គឺដោយលោកគង់ សុភី បានយកឯកសារទិញលក់ ពីប្រជាពលរដ្ឋដោយមានចុះហត្ថលេខាទទួលស្គាល់ពីអាជ្ញាធរភូមិសង្កាត់ត្រឹមត្រូវមកបង្ហាញ ក៏ប៉ុន្តែការចុះបញ្ជី នោះក្រុមការងារចុះវាស់វែង បើពិនិត្យឃើញថា ដីនោះជាចំណីព្រែកគឺមិនបានវាស់វែងចុះបញ្ជីទេ បើក្បាលដីណាដែលជាដីស្រែ មិនមែនជាដីចំណីព្រែកក្រុមការងារបានចុះបញ្ជីឲ្យ។ ដូច្នេះក្បាលដីខ្លះបានចុះបញ្ជី ក្បាលដីខ្លះគឺមិនបានចុះបញ្ជីទេ បើក្រុមការងារចុះទៅពិនិត្យឃើញថា ការចាក់ដីនោះចាក់ចូលដីចំណីព្រែក គឺលោកបានឲ្យលោកគង់ សុភី កាយយកអាចម៌ដីឡើងមកវិញ៕SRP