ជនដៃដល់ម្នាក់ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសហការ ជាមួយស្នងការដ្ឋាននគរបាលកំពត និងខេត្តតាកែវ ដោយបានធ្វើការស្រាវជ្រាវតាមទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។
ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៥៖១០នាទី ត្រង់ចំណុចភូមិស្រែជើងរាស្រ្ត ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ករណីឃាតកម្ម បានកើតឡើង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២០៖២៥នាទី នៅភូមិខ្នាច ឃុំវត្តអង្គ ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បង្កឡើងដោយជនសង្សយ័ឈ្មោះ នាក់ សំណាង (ហៅទេព) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុ បានយកពូថៅទៅកាប់ជនរងគ្រោះឈ្មោះ ងយ ទីម ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិឃុំជាមួយគ្នាបណ្តាលឲ្យស្លាប់ភ្លាមៗ។
ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ខ្លួនពិតជាបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ងយ ទីម បណ្តាលឲ្យស្លាប់ប្រាកដមែន។ មូលហេតុដោយសារតែមុនពេលកើតហេតុខ្លួនបានទាស់ពាក្យសម្តីជាមួយជនរងគ្រោះ បន្ទាប់មកជនរងគ្រោះបានយកអាវុធខ្លីកែច្នៃ ប្រើគ្រាប់កាំកង់ មកបាញ់លើខ្លួនចំនួន២គ្រាប់ ទើបខ្លួនធ្វើសកម្មភាពខាងលើតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីបន្តនីតិវិធី។
សូមជម្រាបថាប្រតិបត្តិការនេះ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលកំពត និងខេត្តតាកែវ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ៕SRP