ចាប់យុវជនចំនួន៤នាក់ នៅក្រុងសៀមរាប ករណីលួចម៉ូតូ

ខេត្តសៀមរាប៖អធិការដ្ឋាននគរបាលក្រុងសៀមរាបបានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប នៅថ្ងៃទី០៧,០៨ ខែមិថុនា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច (លួចម៉ូតូ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

អធិការនគរបាលបានបន្តថា នៅវេលាម៉ោង ០៦: ៣០ នាទីព្រឹក ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០២៥ នៅចំណុច E-Sport club A7 ស្ថិតក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអំពើលួច (លួចម៉ូតូ ) បង្កឡើងដោយជនសង្ស័យខាងលើ បានធ្វើសកម្មភាពជិះម៉ូតូ០១គ្រឿង រួចទម្លាក់គ្នាដើម្បីលួចម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ សៀមរាប 1AJ- 2965 របស់ជនរងគ្រោះឈ្មោះ អ៊ួង ស្រីទូច ភេទ ស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប រួចគេចខ្លួន ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ និងឃាត់ខួនជនសង្ស័យបានជាបន្តបន្ទាប់មានឈ្មោះដូចខាងក្រោម៖
០១-ជនសង្ស័យឈ្មោះ សុន សុភា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងបច្ចុប្បន្ននៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។
០២-ជនសង្ស័យឈ្មោះ រឿន មិថុនា ហៅម៉ី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងបច្ចុប្បន្ននៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
០៣-ជនសង្ស័យឈ្មោះ ហ៊ាញ រត្តនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិពពែល ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និងបច្ចុប្បន្ននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
០៤-ជនសង្ស័យប៉ោ បូលីហុង ភេទប្រុស អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប និងបច្ចុប្បន្ននៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។ ករណីនេះដកហូតបានម៉ូតូចំនួន០២គ្រឿង មានម៉ូតូជនសង្ស័យជិះធ្វើសកម្មភាពចំនួន០១គ្រឿង និងម៉ូតូជនរងគ្រោះចំនួន០១គ្រឿង។ នៅចំពោះមុខសម្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រួសខាងលើពិតប្រាកដមែន។

បញ្ជាក់ថា ជនសង្ស័យឈ្មោះ វឿន មិថុនា ហៅម៉ី ជនសង្ស័យ ឈ្មោះសុន សុភា និងជនសង្ស័យឈ្មោះ ប៉ោ បូលីហុង មានផ្ទុកសារធាតុញៀនផងដែរ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី៕SRP