ស្រុកប្រាសាទបាគងមិនមានល្បែងស៊ីសងនោះទេប៉ុន្តែមានករណីចោរកម្ម គ្រឿងញៀន

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងបានចាប់ខ្លួនមនុស្សពីរនាក់ពាក់ពន្ធ័ អំពើលួច (ម៉ូតូ) ជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន។

នគរបាលស្រុកប្រាសាទបាគងបានបញ្ជាក់ថា
បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះឈ្មោះ រ ស ន ភេទស្រី អាយុ២០ ឆ្នាំ នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងក្រោមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលស្រុកប្រាសាទបាគង សហការណ៍ជាមួយ នគរបាលផែនការងារព្រហ្មទណ្ឌខេត្ត នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ លៃ សៀកលេង ភេទប្រុស អាយុ២៥ ឆ្នាំ នៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាមុខសញ្ញាចាស់ ទើបចេញពីពន្ធនាគារមកសាកសួរនាំ និងបានធ្វើការដកហូតម៉ូតូចំនួន០១ គ្រឿង ម៉ាកហុងដាZoomerx សេរីឆ្នាំ២០២១ ពណ៌ទឹកប្រាក់ (បាត់ស្លាកលេខ) មានលេខតួMLHJF 6206G- 5041777 លេខម៉ាសុីនJF62E- 0041777 ដែលជាម៉ូតូរបស់ ជនរងគ្រោះ បាត់កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ នឹងបាន ធ្វើការឆែកឆេក លើខ្លួនជនសង្ស័យរូបនេះ រកឃើញថ្នាំញៀន មួយកញ្ចប់តូច ប្រភេទម៉ាទឹកកក បន្ថែមទៀត។

នគរបាលបានបន្តថា បន្ទាប់មកនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ មន្ត្រីជំនាញយើង បានបន្តនិតិវិធី ឈានដល់ការនាំខ្លួន បក្សពួកជនសង្ស័យ
បន្ថែមបានចំនួន០១ នាក់ទៀត ឈ្មោះ ផង់ ផុន ហៅ ញ ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិ ចំបក់ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងដកហូតវត្ថុតាងបាន កញ្ចក់ម៉ូតូ០១ គូរ កាងម៉ូតួចំនួន១ កាងម៉ាស៊ីនម៉ូតូចំនួន១ ដែលជនសង្ស័យ បានដោះចេញពីម៉ូតូរបស់ជនរងគ្រោះ យកទៅលាក់ទុក។ បន្ទាប់មកទៀត កម្លាំងជំនាញយើង បានធ្វើការតេស្តទឹកនោមជនសង្ស័យទាំង០២ នាក់ រកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(ប្រើប្រាស់ថ្នាំញៀនជាមួយគ្នា)។

បច្ចុប្បន្ន យោងតាមចម្លើយសារភាព ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងនគរបាលស្រុក សហការជាមួយការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕SRP