គ្រាន់តែខ្ចីម៉ារវេនមិនបាន កូនប្រុសលើកដៃកាន់កាំបិតកាប់ឪពុកបង្កើតបណ្តាលឱ្យស្លាប់នៅខ្ទមស្រែ
ខេត្តព្រះវិហារ៖ទីបំផុតកម្លាំងគរបាលខេត្តព្រះវិហារ សហការជាមួយនគរបាលឧត្តរមានជ័យ ធ្វើការបំបែកសំណុំរឿងឃាតកម្ម ដោយឃាត់ខ្លួនបានជនសង្ស័យ ធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើឪពុកបង្កើតរបស់ខ្លួនបណ្តាលឱ្យដេកស្លាប់ក្នុងខ្ទមស្រែ នៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ការឃាត់ខ្លួននេះធ្វើឡើងនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។
លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន ជនសង្ស័យឈ្មោះ ស្រី ស៊ីណា ហៅ ណាវ វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ របរកសិករ ទីលំនៅបច្ចុប្បន្នភូមិពពេលលិច ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវជាកូនបង្កើតរបស់សពជនរងគ្រោះឈ្មោះ ដួង ស្រី ភេទប្រុស អាយុ៦០ឆ្នាំ។
លោក ឱ សេង បានបន្ថែមថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៨ និង៣៥នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយង់ បានទទួលព័ត៌មានពីឈ្មោះ ហេង ហឿន ភេទប្រុស ជាប្រជាការពារភូមិថា មានករណីឃាតកម្មកាប់បង្ករឱ្យស្លាប់ដល់ជនរងគ្រោះម្នាក់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៩.៣០នាទី នៅចំណុចខ្ទមស្រែត្រពាំងប៉ាលហាល ស្ថិតនៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយង់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកគូលែន និងអាជ្ញាធរ ភូមិ ឃុំ កម្លាំងអាជ្ញាធរជាតិប្រចាំប្រាសាទកោះកេរ និងគ្រួសារសព បានចុះទៅដល់កន្លែងកើតហេតុនៅក្រោមសំយ៉ាបខ្ទមស្រែ៖ឃើញថា សពមានកម្ពស់១៥៥ស.ម ស្លៀកខោជើងខ្លីពណ៌ខ្មៅ គ្មានអាវ ស្ថានភាពសាកសពដេកផ្ងារ បើកភ្នែក ក្បាលទៅទិសខាងជើង សណ្តូកជើងទៅទិសខាងត្បូង។
លោក ឱ សេង បន្ថែមទៀតថា បើតាមការបំភ្លឺរបស់ឈ្មោះ វេត វង់ ភេទប្រសអាយុ៥៣ឆ្នាំ ដែលមានខ្ទមស្រែនៅមិនឆ្ងាយពីខ្ទមស្រែជនរងគ្រោះ បាននិយាយប្រាប់សម្ថកិច្ចថា មុនពេលកើតហេតុកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់ ជនសង្ស័យឈ្មោះ ណាវ វាសនា ហៅ ស៊ីណា បានដើរមកសុំខ្ចីម៉ារវេន ដើម្បីបញ្ឆេះម៉ាស៊ីនគោយន្តកន្ត្រៃពីគាត់ តែគាត់មិនឱ្យទេ ហើយម៉ារវេនរបស់ជនសង្ស័យ ត្រូវឪពុកជាជនរងគ្រោះបានយកលាក់ទុកមិនឱ្យប្រើ ទើបធ្វើឱ្យជនសង្ស័យ ជាកូនខឹងនិងឪពុក ណាមួយកូនប្រុសជាជនសង្ស័យរូបនេះតែងផឹកស្រាស្រវឹងជាប្រចាំ ទើបឈានដល់ការយកកាំបិតកាប់ឪពុករបស់ខ្លួនឯងបែបនេះតែម្តង៕SRP