បានចំណូលបានជាង $២៤លាន ពីការលក់សំបុត្រឱ្យភ្ញៀវទេសចរចូលទស្សនាអង្គរ
ខេត្តសៀមរាប៖គ្រឹះស្ថានអង្គរ បានលក់សំបុត្រឱ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនាអង្គរចំនួន ៥២ ៧៦៧នាក់ នៅក្នុងខែឧសភា ឆ្នាំ២០២៥ កើនឡើង ១១,៧១ ភាគរយ ធៀបនឹងឆ្នាំ២០២៤ នឹងរកចំណូល បានចំនួន ២៤ ៥៦៩ ០២៤ ដុល្លារអាមេរិក កើនឡើង ១០,៦៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី១ ខែមិថុនានេះ ក៏បានបង្ហាញថា សម្រាប់ក្នុងខែឧសភា ឆ្នាំ២០២៥ មានភ្ញៀវទេសចរអន្តរជាតិទិញបណ្ណចូលទស្សនាអង្គរ មានចំនួន ៥២ ៧៦៧នាក់ បើធៀបនឹងខែឧសភា ឆ្នាំ២០២៤ កើនឡើងជាង ៣ភាគរយ និងរកចំណូលបានចំនួន ២ ៣៦០ ២១៤ដុល្លារអាមេរិក កើនឡើងជាង ៣ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
របាយការណ៍ដដែល បានបញ្ជាក់ទៀតថា ក្នុងខែឧសភា ឆ្នាំ២០២៥នេះដែរ ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គឺភ្ញៀវទេសចរចិន ជាប់លំដាប់លេខ១, សហរដ្ឋអាមេរិកលេខ២, អង់គ្លេសលេខ៣, អូស្ត្រាលីលេខ៤, បារាំងលេខ៥ និងជប៉ុនលេខ៦។ ប៉ុន្តែរយៈពេល៥ខែ ពីខែមករាដល់ខែឧសភានេះ ភ្ញៀវទេសចរអន្តរជាតិដែលទិញសំបុត្រច្រើនជាងគេ គឺសហរដ្ឋអាមេរិកលេខ១, អង់គ្លេសលេខ២, ប្រទេសបារាំងលេខ៣, ចិនលេខ៤ និងលេខ៥ ប្រទេសកូរ៉េខាងត្បូង៕SRP
អត្ថបទ៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ