គ្រួសារក្រីក្រលំបាករងគ្រោះដោយអគ្គិភ័យបណ្តាលឲ្យស្លាប់កូនប្រុសស្រី២នាក់ នៅស្រុកថ្មគោល ទទួលបានផ្ទះថ្មថ្មី ១ខ្នង ជាអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

គ្រួសារក្រីក្រលំបាករងគ្រោះដោយអគ្គិភ័យបណ្តាលឲ្យស្លាប់កូនប្រុសស្រី២នាក់ នៅស្រុកថ្មគោល ទទួលបានផ្ទះថ្មថ្មី ១ខ្នង ជាអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដោយ ឯកឧត្តម លោកជំទាវលោក លោកស្រី គណៈកម្មាធិការសាខា អនុសាខាក្រុងបាត់ដំបង ក្រុមកាកបាទក្រហមសង្កាត់ អ្នកស្មគ្រ័ចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះប្រគល់ផ្ទះ មនុស្សធម៌ ១ខ្នងលេខរៀងទី ១៩ ជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ក្រុមគ្រួសារ លោកស្រី ហ៊ុន គន្ធី ភេទស្រី អាយុ ៤០ឆ្នាំ ដែលរងគ្រោះដោយអគ្គិភ័យ និងបណ្តាលឲ្យបាត់បង់អាយុជីវិតកូនប្រុស ស្រីចំនួន២នាក់ កន្លងទៅនិង ពិធី ផ្តល់អំណោយជូនប្រជាពលរដ្ឋ ងាយរងគ្រោះបំផុត ចាស់ជរា ជនមានពិការភាព គ្រួសារ ទីទ័លក្រចំនួន៥០គ្រួសារ ស្ថិតនៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោលផងដែរ។

បើតាមលោក តេង គឹមស៊ាន អភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកថ្មគោលបានឲ្យដឹងថា ក្រុមគ្រួសារ លោកស្រី ហ៊ុន គន្ធី ភេទស្រី អាយុ ៤០ ឆ្នាំជាម្តាយ និងឈ្មោះ ភ្លេញ ថា ជាឪពុក រស់នៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ជាគ្រួសារមានជីភាពក្រីក្រលំបាក និងរងគ្រោះដោយអគ្គីភ័យ កាលពីថ្ងៃទី៣០ មករា ២០២៥ វេលាម៉ោងជាង១០យប់ មូលហេតុឆ្លងចរន្តអគ្គិសនី បណ្តាលអោយស្លាប់បាត់បង់កូនប្រុស ស្រី ជាទីស្រលាញ់ចំនួន២នាក់ ខណៈឪពុកម្តាយ បានចាក់ សោពីក្រៅផ្ទះ ទុកកូនទាំងពីរក្នុងផ្ទះ រួចក៏ទៅដកស្មៅក្រោយ ផ្ទះចម្ងាយប្រហែលជាង១០០ម៉ែត្រ ស្រាប់តែម៉ោង១១យប់ ក៏លឺសំឡេងផ្ទុះហើយភ្លើងឆាបឆេះផ្ទះខ្លាំងតែម្តង មិនអាចជួយបាន។ ដោយមើលឃើញពីកាលំបាក និងដោយក្តីអាណិតអាសូជាពនពេក ពីសំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាបានសម្រេចផ្តល់ផ្ទះថ្មី១ខ្នង និងបានធ្វើពិធីប្រគល់ទទួលនាពេលនេះ។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបានសម្តែងនូវក្តីសោមនស្សរីករាយ និងការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត អាសូនិងស្រឡាញ់ចំពោះក្រុមគ្រួសារ លោកស្រី ហ៊ុន គន្ធី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរពីបញ្ហាសុខភាព ព្រោះកត្តាសុខភាព ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា លើសពីនេះទៅទៀត ឯកឧត្តម បានគូសបញ្ជាក់ថា «បើទោះបីជាបងប្អូនមានជីវភាពលំបាកយ៉ាងណាក៏ដោយ ក៏សូមបងប្អូនខិតខំជម្នះការលំបាក តស៊ូ ជំរុញដល់កូនៗរបស់ខ្លួនឱ្យទៅសាលារៀន ទទួលបានការអប់រំ មានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រ»។

ជាមួយគ្នានេះឯកឧត្តមបាន ក៏បានគូសបញ្ជាក់ផងដែរថា៖ «កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា, ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបាន គឺតែងតែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ ដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។

ជាកិច្ចឆ្លើយតប លោកស្រី ហ៊ុន គន្ធី និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរនិងជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសផ្ទះថ្មី១ខ្នង ដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេ។

លោកស្រីក៏ ប្រឹងប្រែងបង្កបង្កើនផលនិងថែរក្សាផ្ទះថ្មីនេះអោយល្អ គង់វង្សយូអង្វែង ជាពិសេសមិនធ្វើឱ្យ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។

សូមបញ្ជាក់ថា ផ្ទះលេខរៀងទី១៩ ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ ចំណាយថវិកា ៥.៥៥០ដុល្លារ (ប្រាំពាន់ប្រាំរយហាសិបដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ផងដែរ។

សូមបញ្ជាក់ថា កន្លងមកក្រុមគ្រួសារខាងលើនេះ ត្រូវបានជួយសម្រាលការលំបាកពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មគោល និងថ្ងៃនេះ បានទទួលផ្ទះថ្មថ្មី១ខ្នង រួមជាមួយអំណោយសម្រាប់សង្កត់ផ្ទះមួយចំនួនទៀតរួមមាន ៖អង្ករ ១០០គីឡូក្រាម, មី២កេស,ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ២យួរ, ទឹកបរិសុទ្ធ២កេស និងថវិកាមួយចំនួនផងដែរ ដោយឡែកលោកយាយ លោកតានិងប្រជាពលរដ្ឋមានជីវភាពទីទ័លក្រ ដែលរស់នៅភូមិផងរបជាមួយចំនួន ៥០គ្រួសារ៕SRP