ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់ថ្នាក់ដឹកនាំធនាគារហ្វីលីព ភីអិលស៊ី ត្រូវបង្កើតជំនឿ ឱ្យអតិថិជន និងបុគ្គលិករបស់ខ្លួន មានការជឿជាក់ និងទទួលបានសុខមាលភាព សង្គម ពិសេសត្រូវឈរលើគោលការណ៍ ច្បាប់ ក្រៅពីនោះត្រូវចូលរួមជាមួយ រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដេីម្បីរួមគ្នាថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ព្រោះការបេីកធនាគារទៅបានដោយសារប្រទេសជាតិយើងមានសុខសន្តិភាពនេះហើយ។
លោកថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារការិយាល័យ ធនាគារហ្វីលីព ភីអិលស៊ី សាខាកំពង់ចាម នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ។
អភិបាលខេត្តកំពង់ចាម ក៏បានសម្ដែងនូវការស្វាគមន៍ ប្រកបដោយភាពកក់ក្ដៅ ចំពោះវត្តមានធនាគារ ហ្វីលីព ភីអិលស៊ី នៅលើទឹកដីខេត្តកំពង់ចាម ខណៈធនាគារ ហ្វីលីព ភីអិលស៊ី បានខិតខំធ្វើការប្រែក្លាយទៅជា សាខាមួយដែលបើកបម្រើការសេវាធនាគារ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេវាកម្មហិរញ្ញវត្ថុ នៅកម្ពុជា តាមរយៈប្រតិបត្តិការនៅ៧០សាខាក្នុងប្រទេសកម្ពុជា ដោយឡែកខេត្តកំពង់ចាមក៏មាន៦ សាខា និងមានបុគ្គលិកកំពុងបម្រើការចំនួន ១៣០នាក់ផងដែរ។
លោកបានថ្លែងថា ដោយវឌ្ឍនភាពវិស័យកសិកម្ម ឧស្សាហកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ វិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងខេត្តកំពង់ចាមក៏មានការីកចំរើនគួរឱ្យគត់សំគាល់ផងដែរ ដោយក្នុងនោះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលកំពុងប្រតិបត្តិការនៅក្នុងខេត្ត មានចំនួន ៥០គ្រឹះស្ថាន ជាមួយសាខាសរុប ចំនួន១៥៨ បានចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុនានា ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុន សហគ្រាស។
លោក ចាន់ ម៉ាច អគ្គនាយកធនាគារហ្វីលីព ភីអិលស៊ីរ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៧៥ មកបណ្តាញក្រុមហ៊ុន Phillip Capital បានរីកចម្រើនលើសកលលោក ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុអាស៊ីរួមបញ្ចូលគ្នា ដែលមានបុគ្គលិកច្រើនជាង ៥,០០០នាក់ និង អតិថិជនច្រើនជាង មួយលាននាក់ នៅទូទាំងពិភពលោក ហើយទ្រព្យសម្បត្តិស្ថិតនៅក្រោម ការគ្រប់គ្រងលើស ៣៥ពាន់លានដុល្លារអាមេរិក និងមូលនិធិរបស់ម្ចាស់ភាគហ៊ុនលើសពី ១.៥ពាន់លានដុល្លារ ផងដែរ៕SRP