ក្នុងបើកសន្និបាតប្រចាំឆ្នាំ៖ លោកទៀ សីហា លើកពីសមិទ្ធផលសំខាន់ៗរបស់ខេត្តសៀមរាប ដែលរួមគ្នាសម្រេចបានកន្លងមក និងសណ្ដាប់ធ្នាប់សង្គម បានល្អប្រសើរ

ខេត្តសៀមរាប៖លោកទៀ សីហា បានលើកពីសមិទ្ធផលសំខាន់ៗ មួយចំនួនរបស់ខេត្តសៀមរាវ ដែលបានរួមគ្នា ខិតខំពុះពារ សម្រេចបានកន្លងមក ដោយរក្សាបាននូវសន្ដិសុខ និងសណ្ដាប់ ធ្នាប់សង្គមបានល្អប្រសើរ។ ក្នុងនោះការអនុវត្ដគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលបានរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍ និងការវិនិយោគ ព្រមទាំងសម្រាប់សុវត្ថិភាពរបស់សាធារណជនទូទៅ ឲ្យទទួលបាននូវភាពកក់ក្ដៅ ក្នុងជីវភាព សង្គម វប្បធម៌ សេដ្ឋកិច្ច នៅគ្រប់មជ្ឈដ្ឋានរបស់ថ្នាក់ដឹកនាំទូទាំងខេត្ដ ព្រមទាំងភ្ញៀវទេសចរ គណៈប្រតិភូជាតិ និងអន្ដរជាតិ ដែលអញ្ជើញមកទស្សនា ឬចូលរួមក្នុងកិច្ចប្រជុំនានា ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ដែលខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះផងដែរ។

ក្នុងបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃចន្ទនេះ លោក ទៀ សីហា ក៏បានសម្ដែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានអនុវត្តការងារយ៉ាងសកម្ម នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និង ទិសដៅភារកិច្ចរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសេចក្ដីណែនាំ ដីកាផ្សេងៗ របស់រដ្ឋបាល ខេត្ដ ប្រកប ដោយជោគជ័យ គួរជាទីមោទកភាព ហើយអង្គសន្និបាតនាពេលនេះ គឺជាឱកាសសម្រាប់យើងធ្វើការរួមគ្នាវាយតម្លៃ អំពីលទ្ធផលការងារដែលសម្រេចបាន ក្នុងឆ្នាំ២០២២ សំខាន់លើបទពិសោធន៍ និងបញ្ហាប្រឈមដែលនៅសេសសល់ ដែលយើងនឹងរួមគ្នាធ្វើការកំណត់ទិសដៅ ក្នុងឆ្នាំ២០២៣ ដើម្បីបន្តអនុវត្តកម្មវិធីកំណែទម្រង់នានា និងទិសដៅឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

អភិបាលខេត្ត បានលើកឡើងថា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញឲ្យធ្វើយុទ្ធនាការ ចាក់ស្រោចវ៉ាក់សាំង នៅទូទាំងប្រទេសរួចមក បានធ្វើឲ្យស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ មានការថយចុះ។

លោកបន្តថាសម្ដេចតេជោ ក៏បានសម្រេចបើកដំណើរការជាប្រក្រតីភាពឡើងវិញ នៅទូទាំងប្រទេសនាអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ហើយរហូតមកដល់បច្ចុប្បន្ននេះ បើទោះបីការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេសមានការថយចុះក៏ពិតមែន តែចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតែដំណើរការជាប្រក្រតីប្រកបដោយប្រសិទ្ធភាព ក្នុងនោះរដ្ឋបាលខេត្តសៀមរាប នៅតែបន្តយកចិត្តទុកដាក់លើការផ្សព្វផ្សាយ យុទ្ធនាការចាក់វ៉ាក់សាំង និង អំពាវនាវដល់ប្រជាពលរដ្ឋ មកចាក់ដូសជំរុញបន្ថែមទៀត ផងដែរ។

លោក ទៀ សីហា បានបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងសោភ័ណភាព ក្រុងសៀមរាប យើងអាចវាយតម្លៃថា ហេដ្ឋារចនាសម្ព័ន្ធនានា ការកែលម្អស្ទឹងសៀមរាប និង ផ្លូវថ្នល់ត្រូវបានរៀបចំល្អ ពិសេសផ្លូវក្នុងក្រុង ត្រូវបានកែលម្អ និងស្ដារឡើងវិញជាបណ្តើរៗ ជាក់ស្តែងផ្លូវ ៣៨ខ្សែ និងចំណតរថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ៦ រហូតដល់ខាងកើត ក្រុងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើឲ្យសមិទ្ធផល ទាំងនេះ បម្រើឲ្យការធ្វើចរាចរណ៍ និង ការដឹកជញ្ជូន ក៏ដូចជាការលើកកម្ពស់សោភ័ណភាពក្រុង ព្រមទាំងបានពង្រឹងនូវសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនសាធារណ ជន កាន់តែប្រសើរឡើង និង ធ្វើឲ្យខេត្តសៀមរាប ទទួលបាននូវគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពលេខ១ មាន ៦៧ឃុំ-សង្កាត់ និងពានរង្វាន់ទីក្រុងស្អាតផ្ការំដួល៣ទង។

លោកបានបញ្ជាក់បន្ថែមថា ក្រៅពីសមិទ្ធផលខាងលើនេះ នៅមានសមិទ្ធផល ជាច្រើនទៀត ដែលរដ្ឋបាលខេត្ត សម្រេចបានក្នុងឆ្នាំ២០២២ កន្លងមកនេះ ជាពិសេស ការរៀបចំតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និង តំបន់ពាក់ស្នែង ស្រុកអង្គរធំ ជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តរុះរើលំនៅដ្ឋាននៅរមណីដ្ឋានអង្គរ ក្រោមគោលនយោបាយ របស់រាជ រដ្ឋាភិបាល ក្នុងការបញ្ជៀសការដកចេញសម្បតិ្តបេតិកភណ្ឌជាតិ ចេញពីបញ្ជីសម្បតិ្តបេតិកភណ្ឌពិភពលោក របស់អង្គការយូនីស្កូ ព្រមទាំងការងារកាត់ឆ្វៀលដី ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់៣ នៃបឹងទន្លេសាបទៀតផង។

អភិបាលខេត្តបានបន្ថែមថា ដើមឆ្នាំ២០២៣ នេះរដ្ឋបាលខេត្ត បានសហការ ជាមួយ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេម ដោយបានរៀបចំពិធីព្រះរាជទានព្រះអគ្គិជ័យកីឡា នៅមុខក្តារបែនប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអមព្រះរាជដំណើរដោយ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូប ផងដែរ៕SRP