លោកបណ្ឌិត ហ៊ុន ម៉ាណែត៖​ សុខភាព គឺជាទ្រព្យធនដ៏ចម្បង​ ហើយទ្រព្យធននេះនឹងផ្តល់ផលវិជ្ជមានច្រើនសន្ធឹកសន្ធាប់

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖​ សុខភាព គឺជាទ្រព្យធនដ៏ចម្បង​ ហើយទ្រព្យធននេះនឹងផ្តល់ផលវិជ្ជមានច្រើនសន្ធឹកសន្ធាប់

ខេត្តកំពង់ចាម​៖ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យកំពង់ចាម ក្រុងកំពង់ចាម​ នៅចន្ទម្សិលមិញ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្ររបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា​ សុខភាព គឺជាទ្រព្យធនដ៏ចម្បងរបស់បុគ្គលម្នាក់ៗ និងសង្គមជាតិទាំងមូល ហើយទ្រព្យធននេះនឹងផ្តល់ផលវិជ្ជមានច្រើនសន្ធឹកសន្ធាប់ ដរាបណាមានការថែទាំ និងលើកកម្ពស់ឱ្យបានរឹងមាំ តាមរយៈកត្តាមួយចំនួន រួមមានជាអាទិ៍៖
ទី១. បុគ្គលម្នាក់ៗមានការយល់ដឹងច្បាស់លាស់អំពីការថែទាំ និងបំប៉នសុខភាពតាមក្បួនខ្នាត និងក្រឹត្យក្រមសុខាភិបាលត្រឹមត្រូវ, ទី២. ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងផលិតផលអាហារ និងថ្នាំពេទ្យទាំងលើការផលិត និងការនាំចូល ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់, និងទី៣. ការកែទម្រង់ និងទំនើបកម្មវិស័យសុខាភិបាល ជាជំហានៗតាមរយៈការជំរុញ សេវាសុខាភិបាល ឱ្យកាន់តែខិតកៀកជិតបំផុត នឹងមូលដ្ឋានរបស់ប្រជាជន, ការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល និងការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យឱ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេស។

លោកបណ្ឌិត ហ៊ុន ម៉ាណែត​ ក៏បាន​ថ្លែងអំណរគុណដល់គណៈគ្រប់គ្រង, វេជ្ជបណ្ឌិត, សាស្រ្តាចារ្យ, លោកគ្រូ, អ្នកគ្រូ និង បុគ្គលិក ទាំងអស់នៃសាកលវិទ្យាល័យកំពង់ចាម ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស លើជំនាញសុខាភិបាល ដែលកំពុងមានតម្រូវការខ្ពស់បម្រើ ឱ្យការថែទាំងសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងញ៉ាំងឱ្យវិស័យសុខាភិបាលរបស់យើង អាចបន្តបោះជំហានរីកចម្រើន ទៅមុខប្រកបដោយគុណភាពបន្ថែមទៀត។​

លោកហ៊ុន ម៉ាណែត​ បាន​សម្តែង​ការ​ចូលរួមអបអរសាទរ ជូនចំពោះនិស្សិត ជ័យលាភីទាំង ៨៥៦ រូប ដែលបានបញ្ចប់ការសិក្សា ផ្នែកវិទ្យាសាស្ត្រសុខាភិបាលដោយជោគជ័យ ហើយសមិទ្ធផលទាំងអស់នេះបានកើតចេញពីការខិតខំប្រឹងប្រែង របស់និសិ្សតផ្ទាល់, ការគាំទ្រពីសំណាក់ ក្រុមគ្រួសារអាណាព្យាបាល ដែលតែងបានលះបង់គ្រប់បែបយ៉ាង និងលើកទឹកចិត្តជាប់ជាប្រចាំ ព្រមទាំងការចំណាយពេលវេលា កម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្រៀនចែករំលែកចំណេះដឹង បទពិសោធន៍ និងដំបូន្មានល្អៗពីសំណាក់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ​ ផងដែរ​៕SRP