ខេត្តសៀមរាប៖កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានចាប់ខ្លួនបុរសម្នាក់ តាមដីការបស់តុលាការខេត្តសៀមរាប ករណី ឆបោក។ ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ នេះ ចំណុច អាហារដ្ឋានត្រីស្រែ ជាប់បណ្ដោយផ្លូវជាតិលេខ ៦ ក្នុងឃុំកណ្ដែកស្រុកប្រសាទបាគង ខេត្តសៀមរាប។
ជនត្រូវចោទឈ្មោះ នូ ប៊ុនហាត ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ននៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានដាក់ ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ “ឆបោក ប្រព្រឹត្តនៅចំណុចភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប កាលពីអំឡុងខែមករា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែល មានចែងឲ្យផ្តន្ទាទោស តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ដែលជា បទមជ្ឈិម។
យុត្តាធិការស៊ើបសួរបានប្រើវិធានការណ៍និរន្តរាយ ដោយបានចេញដីកាបង្គាប់ឲ្យចូល
ខ្លួនលើកទី១ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ដីកាបង្គាប់ឲ្យចូលខ្លួនលើកទី២ ចុះថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២ និងបានចេញដីកាបង្គាប់ឲ្យនាំខ្លួន ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លើជនត្រូវចោទខាងលើតាមនីតិវិធីច្បាប់។
ជាលទ្ធផលជនត្រូវចោទនេះ នៅតែមិនអាចមាន វត្តមានចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីចាត់ការស្វែងរកការពិតតាមនីតិវិធីច្បាប់នោះទេ។ ដើម្បីជៀសវាងការអូសបន្លាយនីតិវិធីក្នុងការស្វែងរកការពិតនៃសំណុំរឿង គប្បីតុលាការចេញ ដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទខាងលើតាមច្បាប់។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវចោទរូបនេះ ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនទៅកាន់តុលាការភ្លាមៗ ក្រោយពីបានឃាត់ខ្លួន។
អ្នកស្រី សាត ធីតា អ្នកនាំពាក្យអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ប្រាប់ សៀមរាប ប៉ុស្ដិ៍ ថា ករណីនេះ តុលាការកំពុងចាត់ការ។ ទោះជាយ៉ាងណា ជនរងគ្រោះ បានសំណូមពរដល់តុលាការខេត្តសៀមរាប ជួយចាត់វិធានការតាមផ្លូវច្បាប់៕SRP

