សម្តេចហ៊ុន សែន៖ «ទុកឲ្យព្រះអង្គចេកព្រះអង្គចមកាត់សេចក្ដី ចំពោះការបកស្រាយហួសប្រមាណ ការឆេះ ព្រះរាជដំណាក់នៅសៀមរាប»

ភ្នំពេញ៖សម្តេច ហ៊ុន សែន បានថ្លែងថា «សូមកុំមានការបកស្រាយណា លើសពីសេចក្ដីប្រកាសរបស់ក្រសួងព្រះបរមរាជវាំង»។

សម្តេចថ្លែងថា «ទុកឲ្យព្រះអង្គចេកព្រះអង្គចមកាត់សេចក្ដីចំពោះការបកស្រាយហួសប្រមាណ ចំពោះហេតុការណ៍ឆេះព្រះរាជដំណាក់»។

សម្តេចហ៊ុន សែន ក៏បានប្រកាសសម្តែងចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះឧបទ្ទវហេតុ នៃការឆាបឆេះព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប។ សម្ដេចបន្តថា សម្តេចជាមួយអភិបាលខេត្តសៀមរាប ក៏បានឆ្លើយឆ្លងគ្នាជាបន្តបន្ទាប់ពាក់ព័ន្ធ ការអន្តរាគមន៍ករណីឆាបឆេះនេះផងដែរ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយ(BBU) ថ្ងៃព្រហស្បតិ៍ នេះដែរ សម្តេចហ៊ុន សែន ក៏បានជំរុញឲ្យសម្ដេច គង់ សំអុល ពន្លឿនការជួសជុល ព្រះរាជដំណាក់តូច ដែលឲ្យបានលឿនតាមដែលអាចធ្វើបាន ទោះបីត្រូវចំណាយប៉ុន្មានក៏ដោយ។

សូមរំលឹកថា ករណីអគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប កាលពីម៉ោង ១០:០៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕SRP