ខេត្តកំពង់ចាម៖អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់ចេញគោលការណ៍ផ្តល់ជារង្វាន់សម្រាប់លើកទឹកចិត្ត ដល់កងកម្លំាងសមត្ថកិច្ច ដែលបានបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុង ១ករណី ចំនួន ១លានរៀល។
លោកថ្លែងបែបនេះក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃអង្គារនេះ
អភិបាលខេត្ត ក៏បានផ្ដល់អនុសាសន៍ណែនាំ ឱ្យបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់បទល្មើស គ្រប់រូបភាព ការចរាចរជួញដូរគ្រឿងញៀន ខុសច្បាប់ ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និងបទល្មើសផ្សេងៗទៀត។ ចំពោះបញ្ហាល្បែងស៊ីសង ជាដើមចមបង្កឲ្យមានអសន្តិសុខនៅក្នុងមូលដ្ឋាន និងសង្គម ហេតុដូចនេះត្រូវរួមគ្នាដើម្បីបង្ក្រាប ហើយត្រូវប្តេជ្ញាធ្វើយ៉ាងណា ឱ្យល្បែងស៊ីសង មានការថមថយនឹងឈានទៅដល់ការលុបបំបាត់ទាំងស្រុងនៅមូលដ្ឋាន ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
លោក អ៊ុន ចាន់ដា បានបន្តថា គ្រោះថ្នាក់ចរាចរណ៍ ក៏នៅតែជាបញ្ហាប្រឈមដ៏ចម្បងក្នុងសង្គម ដើម្បីទប់ស្កាត់និង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវបន្តអនុវត្តច្បាប់ជាធរមាន ដោយត្រូវបន្តអប់រំផ្សព្វផ្សាយលើកកម្ពស់ការអនុវត្តច្បាប់ ដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំ។ គឺត្រូវបង្កើនការរៀបចំស្លាកសញ្ញ ចរាចរណ៍ និងសណ្តាប់ធ្នាប់តាមដងផ្លូវ តាមទីប្រជុំជននានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម។
អភិបាលខេត្តកំពង់ចាម ក៏បានកោតសរសើរ និងអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ក្នុងកិច្ចខិតខំរួមគ្នា រហូតទទួលបានជ័យលាភីលេខ១ គំរូក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ, ជ័យលាភីទីក្រុងស្អាតរំដួលបីទង រយៈពេល៣ឆ្នាំជាប់ៗ គ្នា, ជ័យលាភីលេខ១ ប្រចាំឆ្នាំ២០២២ របស់ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម ជ័យលាភីលេខ១ ទាំង១០៩ឃុំ-សង្កាត់ ក្នុងចលនាប្រឡងប្រណាំង ការអនុវត្តគោល នយោយបាយភូមិ-ឃុំ- សង្កាត់ មានសុវត្ថិភាព។
អភិបាលខេត្ត ក៏បានផ្ដល់ប័ណ្ណសរសើរជ័យលាភី ចំពោះការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆ្នាំ២០២២ ជូនដល់រដ្ឋបាលសង្កាត់កំពង់ចាម ក្រុងកំពង់ចាម រដ្ឋបាលឃុំគៀនជ្រៃ ស្រុកកំពង់សៀម ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាំងក្រាំង ស្រុកបាធាយ និងប៉ុស្តិ៍រដ្ឋបាលរដ្ឋបាលឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ផងដែរ៕SRP

