ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំង នគរបាលក្រុងសៀមរាប ដឹកនាំលោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងនិងប៉ុស្តិ៍នគរបាលគោកចក ឃាត់ខ្លួន នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បញ្ជូនទៅតុលាការពាក់ព័ន្ធអំពើលួច (លួចម៉ូតូ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ុល សុធារិទ្ធ អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ( ធ្លាប់ជាប់មណ្ឌលគ្រឿងញៀន )។
ករណីលួចនេះបានកើតឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៣និង៣០នាទី នៅចំណុចមុខបន្ទប់ជួល ក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប របស់ជនរងគ្រោះឈ្មោះ ឃ.ច.ដ ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ខណៈទុកម៉ូតូមុខបន្ទប់ដោយមិនបានដកកូនសោរ។
ម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1J-9150។
នគរបាលក្រុងសៀមរាបនៅថ្ងៃអង្គារនេះ បានអោយដឹងថា ជនសង្ស័យបានឆ្លើយសារភាពកាលពីកំឡុងចុងខែមករា ឆ្នាំ២០២៣ រូបខ្លួនបានធ្វើសកម្មភាព លួចម៉ូតូរបស់ជនរងគ្រោះខាងលើ ហើយដោះផ្លាកលេខចោល រួចបានប្តូរអាវម៉ូតូ(ឡើងស៊េរីឆ្នាំ២០២២)ហើយជិះ រហូតមក។ ករណីនេះនគរបាលដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ១គ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១១ បិតតែមស៊េរីឆ្នាំ ២០២២ គ្មានផ្លាកលេខ -កន្ត្រៃពណ៌ក្រហមចំនួន ០១
-ដុំសោរម៉ូតូផ្នែកខាងមុខ១
-ដុំសោរម៉ូតូផ្នែកខាងក្រោយ១
-ខ្សែរភ្លើងចង្កៀងខាងមុខម៉ូតូ និង ភ្លើងស៊ីញ៉ូ ១
-កន្ទុយត្រីសម្រាប់រឹតច្រវ៉ាក់ម៉ូតូចំនួន ០២
-កាំបិតប័ុងតោ១ដើម៕SRP

