អភិបាលខេត្តសៀមរាប៖ ស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម

0

លោកទៀ សីហា អភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការងារបញ្ច្រាបយេនឌ័រ ជាកិច្ចការអន្តរវិស័យ ក្នុងការធានាចីរភាព នៃសន្តិភាព និងអភិវឌ្ឍ ដូចមានកំណត់ នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

លោក ទៀ សីហា ក៏បានថ្លែងការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះស្ត្រីសាលាខេត្ត ដែលបានចូលរួមគ្រប់សកម្មភាព ធ្វើឱ្យម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងខេត្ត។

លោកទៀ សីហា បញ្ជាក់បែបនៅថ្ងៃចន្ទម្សិលមិញ នៅរដ្ឋបាលខេត្តក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូននារីសាលាខេត្តសៀមរាប ប្រមាណ​ ១០០នាក់ នាឱកាស អបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ ក្រោមមូលបទ “រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល”​។

លោកទៀ សីហា បានបញ្ជាក់ថា ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ក្រោមមូលបទ “ស្ត្រីរួមគ្នា ថែរក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគ្គសម័យ ឌីជីថល”​ ក្នុងគោលបំណងបញ្ជាក់អំពីតម្លៃ នៃសមភាពយេនឌ័រ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងជំរុញគ្រប់ដៃគូរពាក់ព័ន្ធ បន្តអនុវត្តវិធានការ គោលនយោបាយ កម្មវិធី និងសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ និង បង្កើនភាពអង់អាចដល់ស្ត្រី ក្នុងការចូលរួមស្តារសេដ្ឋកិច្ច សង្គម ក្រោយវិបត្តិកូវីដ-១៩ និង ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។

អភិបាលខេត្ត បានបន្ដថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគាំទ្រ ជម្រុញឲ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

អភិបាលខេត្ត បានលើកឡើងថា បើគ្មានសន្តិភាព យើងមិនអាចធ្វើការជួបជុំគ្នា និង មិនមានការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះដែរ ហើយសិទ្ធិ និងតម្លៃ នៃសន្តិភាពធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ រហូតមកដល់បច្ចុប្បន្ន​។

លោកបន្តថាដើមី្បជួយសម្រួលនូវទុក្ខលំបាក របស់បងប្អូននារី ជាមន្ត្រី បុគ្គលិក កម្មករនៅសាលាខេត្តសៀមរាប នៅពេលខាងមុខនេះ លោកនឹងបង្កើតឲ្យមាន ទីកន្លែងសម្រាប់ថែទាំកុមារ របស់ មន្ត្រីសាលាខេត្ត និង ទីកន្លែងអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយៗផងដែរ។

សូមជម្រាបថាក្នុងឱកាសអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ លោក ទៀ សីហា និង លោកប្រធាន ក្រុមប្រឹក្សាខេត្ត បានឧបត្ថម្ភដល់អនុសាខាសមាគមនារីកម្ពុជា ដើមី្បសន្តិភាព នឹងអភិវឌ្ឍន៍សាលាខេត្ត នូវថវិកា ចំនួន២ពាន់ ដុល្លា ព្រមទាំងផ្តល់នូវវត្ថុអនុស្សាវរីយ៍ ដល់បងប្អូននារី ម្នាក់ៗទទួលបាន ក្រណាត់ហួល ២សំពត់ និង ក្រណាត់ប៉ាក់ ១អាវ ផងដែរ៕SRP